ខេត្តស្ទឹងត្រែង ៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បានប្រកាសឱ្យប្រជាពល រដ្ឋដែលបានបាត់ម៉ូតូ មកពិនិត្យមើលម៉ូតូប្រមាណជាង ៣០គ្រឿង ដែលកំពុងរក្សាទុកនៅក្នុងបរិវេណស្នង ការដ្ឋាននគរ បាល ខេត្ត ប្រសិនបើស្គាល់និងមានអត្តសញ្ញាណត្រឹមត្រូវ ឯកសារទិញលក់ ពិតជាម្ចាស់ម៉ូតូដែលបានបាត់កន្លងមក សមត្ថកិច្ចនឹងប្រគល់ជូន។
លោកឧត្តមសេនីយទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ម៉ូតូទាំងនេះ ត្រូវបានសមត្ថកិច្ចដកហូតពីគោលដៅទទួលបញ្ចាំនៅក្នុងក្រុងស្ទឹងត្រែង ដែលមានការដឹកនាំដោយអយ្យការអមសាលាដំបូងខេត្ត អាជ្ញាធរក្រុង ចុះត្រួតពិនិត្យហាងម៉ូតូបញ្ចាំ និងបានផ្ទៀងផ្ទាត់ឯកសារ លើទីតាំងចំនួន៦ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។
លោកស្នងការ បានបញ្ជាក់ថា ទីតាំងទទួលបញ្ចាំទាំង៦កន្លែង ដែលត្រូវបានសមត្ថកិច្ចចុះពិនិត្យ រួមមាន ទី១-ទីតាំងទទួលបញ្ចាំ របស់ក្រុមហ៊ុន អិល អេស ធី ដកហូតបានម៉ូតូ ចំនួន២៨គ្រឿង។ ទី២-ទីតាំងបញ្ចាំរបស់ឈ្មោះវិចិត្រ រស្មី ភេទប្រុស អាយុ៣០ឆ្នាំ ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ទី៣-ទីតាំងបញ្ចាំរបស់ឈ្មោះរឹម ស៊ីផាន់ ភេទស្រី អាយុ៥២ឆ្នាំ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដកហូតម៉ូតូ ចំនួន៣គ្រឿង។ ទី៤-ទីតាំងបញ្ចាំរបស់ឈ្មោះសាក់ រ៉ាវី ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដកហូតម៉ូតូម៉ាកវ៉េវ ចំនួន ២គ្រឿង មានសំបុត្រទិញលក់ ប៉ុន្តៃពុំមានពន្ធ ត្រូវនគរបាលដកហូតផងដែរ។ ចំណែកទីតាំង ២កន្លែងផ្សេងទៀត ពុំបានរកឃើញមានម៉ូតូបញ្ចាំនោះទេ។
លោកស្នងការ បន្តថា ក្រោយពីបានដកហូតម៉ូតូមក សមត្ថកិច្ចបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ហើយបានផ្សព្វផ្សាយជូនដំណឹង ឲ្យប្រជាពលរដ្ឋដែលបាត់ម៉ូតូកន្លងមក សូមយកឯកសារមកផ្ទៀងផ្ទាត់ ដើម្បីទទួលយកម៉ូតូត្រឡប់ទៅវិញ ចំណែកម៉ូតូដែលពុំមានម្ចាស់ត្រូវបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី៕