ភ្នំពេញ៖គង់ សុជាតិ បានរក្សារភាពស្ងៀមស្ងាត់រឿងយកកូនភ្លោះប្រុសតាមសំណើរស្វាមីក្មេងលោកជា វិបុល រយៈពេលជាង៤ឆ្នាំហើយដែលពេលនេះមិនត្រឹមតែគ្មានតម្រុយបានកូនថែមនោះទេ ប៉ុន្ដែនាងក៍ហាមអ្នកកាសែតសួរនាំរឿងយកកូនម្ដងដល់ទៅ២នេះដែរ។ដោយឡែកលោកវិបុល វិញក៍ឈប់រំអុកចង់បានកូនភ្លោះពីសុជាតិ ទៀតដែរព្រោះមិនចង់ដាក់បន្ទុកលើភរិយា ។អ្វីដែលគូរឲ្យកត់សម្គាល់នោះខណៈដែលសុជាតិ ត្រូវបានគេមើលឃើញថាហាក់អស់សង្ឃឹមរឿងយកកូនភ្លោះពេលនេះពិធីការិនីដែលរួមទ្រនុំជាមួយនាងគឺអ្នកនាងចាន់ កែវនិមល ដែលធ្លាប់អះអាងថាចង់បានកូនភ្លោះដែរនោះឥឡូវត្រៀមសម្រាលកូននៅចុងឆ្នាំ២០២២ ខាងមុខនេះហើយតែជាការសម្រាលកូនប្រុសទោល មិនមែនបានម្ដងពីរឡើយ។

គង់ សុជាតិ មានអាយុ៤៦ឆ្នាំទៅហើយ តែរូបសម្រស់របស់នាងនៅតែផូផង់ក្មេងជាងវ័យ ហេតុនេះឱកាសយកកូនបន្ថែមគឺសង្ឃឹមតិច។ពិធីការិនីល្បីល្បាញជាង២ទសវត្សន៍មកនេះធ្លាប់ប្រាប់ថានាងក៍បានប្រើផលិតផលរក្សារសម្រស់ឲ្យក្មេងជាងវ័យផងដែរទើបអាយុគ្រាន់តែជាបរិមាណបែបនេះ។

គេកត់សម្គាល់ថាទោះជាអ្នកនាងគង់ សុជាតិ ឈប់និយាយរឿងយកកូនភ្លោះមែនតែពេលនេះអ្នកនាងមានកូនសរុបដល់ទៅ៣នាក់(កូនប្ដីមុន២នាក់ ស្រី១)និងទទួលបានកូនស្រី១ទៀតជាមួយលោកជា វិបុល ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៥ឆ្នាំ។សុជាតិ -វិបុល ដែលចាប់ដៃគ្នាជាង៨ឆ្នាំធ្លាប់មានបញ្ហារង្គោះរង្គើរស្នេហ៍តែម្ដងគត់កាលពីពាក់កណ្ដាលឆ្នាំ២០២០ ព្រោះតែស្វាមីក្មេងនាងផ្ទុះស្នេហ៍ជាមួយអ្នកនាងចាន់ កែវនិមល នោះពេលនេះក្រោយភ្លៀងមេឃស្រឡះព្រោះប្ដីប្រពន្ធតារា១គូនេះវិលមករកភាពផ្អែមល្ហែមស្នេហ៍ដូចគ្រាផ្ដើមស្នេហ៍គ្រាដំបូងហើយថែមទាំងបានចាប់ដៃគ្នាធ្វើជាMC ឆ្លងឆ្លើយកម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ ទៀតផង។

មជ្ឈដ្ឋានមហាជនមើលឃើញថាពេលនេះអ្នកនាងគង់ សុជាតិ ដូចជាបានចាក់សោរប្ដីជាប់តែម្ដង ពោលគឺក្រៅពីទៅកម្មវិធីអ្នកសិល្បៈទាំងគូនោះ ឥឡូវនៅStudio ប្ដីប្រពន្ធតារា១គូនេះក៍ជាដៃគូMC ជាមួយគ្នាទៀតផង។គេជឿរថាយុទ្ធសាស្រ្ដរបស់សុជាតិ នាពេលនេះអាចនឹងមានប្រសិទ្ធិភាពធ្វើឲ្យប្ដីក្មេងរូបសង្ហារលែងបែកឆ្វេង ហេតុនេះហើយនាងមិនប្រាកដជាអាចគេចផុតពីហានិភ័យស្នេហ៍ជាលើកទី២ជាមិនខាន ខណៈដែលថ្មីៗនេះពួកគេបានដឹកដៃគ្នាទៅរឹតចំណងស្នេហាដល់ទឹកដីប្រទេសអង់គ្លេស៕
