ខេត្តស្ទឹងត្រែង ៖ យុវជនជានិស្សិតពេទ្យ ឆ្នាំទី១ ម្នាក់ និងជាកីឡាករបាល់ទាត់ផង បានចូលរួមប្រកួតកីឡាបាល់ទាត់មិត្តភាព នៅទីលានស្មៅសិប្បនិម្មិត ក្នុងវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង លុះទើបនឹងចូលលេង រត់បាន ៣នាទី ហត់ពេក ក៏សុំប្តូរចេញ ដោយប្រាប់ថា ដូចជាមិន សូវស្រួលខ្លួនសោះ ស្រាប់តែអង្គុយសម្រាកបានបន្តិច ក៏សន្លប់បាត់មាត់ឈឹង និងត្រូវមិត្តភក្តិប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗដែរ តែអកុសល គ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានគាំងបេះដូងស្លាប់បាត់ទៅហើយ។
ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចទីលានស្មៅសិប្បនិម្មិត ក្នុងបរិវេណវិទ្យាល័យព្រះរាជបូជនីយកិច្ច ខេត្តស្ទឹងត្រែង។
ជនរងគ្រោះ មានឈ្មោះទិត្យ វិរៈរាជ្យសិលា អាយុ២៤ឆ្នាំ ជានិស្សិតពេទ្យ ឆ្នាំទី១ នៅសាលាមធ្យមសិក្សាសុខាភិបាល ភូមិភាគស្ទឹងត្រែង និងមានស្រុកកំណើតនៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
តាមប្រភពពីក្រុមកីឡាករដែលបានចូលរួមប្រកួត និងត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលចូលប្រកួតបាល់ទាត់ ជនរងគ្រោះទើបនឹងហូបបាយ និងផឹកកាហ្វេរួច ហើយក៏ចាប់ផ្តើមចូលទៅលេងបាល់ទាត់តែម្តង។ លុះពេលរត់លេងបានប្រមាណ ៣នាទី ជនរងគ្រោះបានលើកដៃសុំប្តូរចេញ ដោយឱ្យដាក់កីឡាករថ្មី មកជំនួសខ្លួន។ បន្ទាប់មក ជនរងគ្រោះ បានដើរចេញពីតារាងបាល់ទាត់ មកអង្គុយសម្រាក ហើយនិយាយថា គាត់លេងអត់កើតទេ ហត់ពេក ដូចជាពុលកាហ្វេ ពុលបាយម៉េចទេ។ ស្រាប់តែនិយាយមិនទាន់ផុតពីមាត់ផង ជនរងគ្រោះ ក៏ចាប់ផ្តើមសន្លប់បាត់មាត់ឈឹងតែម្តង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឆោឡោ ប្រញាប់ដឹកបញ្ជូនជនរងគ្រោះតាមម៉ូតូ យកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗដែរ តែអកុសល ពេលដឹកទៅដល់ ក្រុមគ្រូពេទ្យពិនិត្យរួច ប្រាប់ថា ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់តាមផ្លូវបាត់ទៅហើយ។
ដោយឡែក តាមប្រភពពីអ្នកស្គាល់ជនរងគ្រោះ បានបញ្ជាក់ថា ជនរងគ្រោះជានិស្សិតពេទ្យ ឆ្នាំទី១នេះ គឺមានជំងឺប្រចាំកាយ (ជំងឺបេះដូងចំហ)។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចចុះពិនិត្យ និងធ្វើកោសល្យវិច័យ រួចប្រគល់ឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕