Sunday, September 22, 2024
Homeព័ត៌មានជាតិចេញពីគុក ដុតផ្ទះបងស្រី គុកវិញ

ចេញពីគុក ដុតផ្ទះបងស្រី គុកវិញ

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ លុះចេញមកវិញ ដើរផឹកស៊ី ប្រើថ្នាំញៀន ជាប្រចាំ លុះចុងក្រោយ បន្ទាប់ពីស្រវឹងស្រា គួបផ្សំនឹងប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) បានរករឿងឈ្លោះប្រកែកជាមួយបងស្រីរបស់ខ្លួន រហូតឈានដល់ការធ្វើសកម្មភាពដុតផ្ទះបងស្រីខ្លួនឯង បណ្តាលឱ្យឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង ជួយពន្លត់ទាន់ និងចាប់ជនសង្ស័យ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ករណីប្អូនប្រុសដុតផ្ទះបងស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣៥នាទីយប់ ថៃទី០៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។

ជនបង្កហេតុដែលដុតផ្ទះបងស្រីបង្កើតខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះកាន សុខសំណាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើជាមួយបងស្រី។ ចំណែកជនរងគ្រោះជាបងស្រី និងជាម្ចាស់ផ្ទះ មានឈ្មោះកាន ស្រីវ័ន្ត អាយុ៣៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ រីឯផ្ទះដែលជនសង្ស័យដុត សង់អំពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយមានយកចិត្តទុកដាក់សំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានសម្របសម្រួលនីតិវិធីច្បាប់ ពីលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក្រោយបានទទួលព័ត៌មានថា មានករណីដុតផ្ទះ រួចមក លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ ចុះទៅទីតាំងកើតហេតុ ទាន់ពេលវេលា នៅវេលាម៉ោង ៩និង៣៥នាទីយប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដោយបានឃាត់ខ្លួនជនសង្ស័យឈ្មោះកាន សុខសំណាង ដែលបានធ្វើសកម្មភាពដុតផ្ទះរបស់បងស្រីបង្កើតខ្លួនឯង ឈ្មោះកាន ស្រីវ័ន្ត បណ្តាលឱ្យឆេះជញ្ជាំងក្តារ អស់ចំនួន ២សន្លឹក យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកគិរីវង់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាធ្វើសកម្មភាពបានដុតផ្ទះបងស្រីបង្កើតខ្លួនឯងប្រាកដមែន។

ជនសង្ស័យ បានសារភាពបន្តថា រូបគេកន្លងមកធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ លុះចេញមកវិញ មិនមានការងារធ្វើ ក៏ចេះតែដើរលេងជួបជុំបនភឿន ផឹកស៊ី រហូតដល់ប្រើគ្រឿងញៀនជាប្រចាំ។ លុះមកដល់ថ្ងៃកើតហេតុ បន្ទាប់ពីជក់ថ្នាំញៀន និងផឹកស្រារួច រូបគេបានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងបងស្រីបង្កើត ទើបទប់ចិត្តមិនបាន ក៏ដុតផ្ទះបងស្រីចោលតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES