ខេត្តព្រៃវែង ៖ បុរសពីរនាក់ ឪពុកនិងកូនបាន នាំគ្នារៀបចំបូមទឹកចេញពីអណ្តូងលូ ដើម្បីស្រោចស្រពដំណាំរបស់ខ្លួន ស្រាប់តែក្រោយមក កូនប្រុសបានធ្វើឱ្យជ្រុះកូនសោចូលក្នុងអណ្តូង ទើបនាំគ្នាចុះទៅយក ស្រាប់តែថប់ដង្ហើមស្លាប់ទាំង២នាក់ឪពុកកូន គួរឱ្យសង្វេគ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចអណ្តូងបូមទឹកស្រែប្រាំងមួយកន្លែង ស្ថិតនៅភូមិអង្គាដី ឃុំព្រៃព្នៅ ស្រុកពារាំង។
ជនរងគ្រោះទាំងពីរនាក់ឪពុកកូនដែលបាត់បង់ជីវិតនៅក្នុងអណ្តូងនោះ ឪពុកមានឈ្មោះខ្លឹង ពៅ អាយុ៥២ឆ្នាំ មុខរបរកសិករ ចំណែកកូនប្រុស មានឈ្មោះពៅ ប៊ុនធឿន អាយុ២៨ឆ្នាំ មុខរបរកសិករ។ ជនរងគ្រោះទាំង២នាក់ឪពុកកូន មានលំនៅ ភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ឪពុកកូន បាននាំគ្នារៀបចំបូមទឹកចេញពីអណ្តូងលូ ដែលមានជម្រៅ ១៤កង់ (លូ) ដោយក្នុង១លូ មានប្រវែង ០,៥០ម៉ែត្រ (១៤កង់ ស្មើនឹង៧ម៉ែត្រ)។ លុះបន្តិចក្រោយមក កូនប្រុសបានធ្វើឱ្យធ្លាក់សោ ចូលទៅក្នុងអណ្តូង ទើបនាំគ្នាចុះទៅយក ស្រាប់តែពេលចុះក្នុងអណ្តូងកាន់តែជ្រៅ ខ្វះអុកស៊ីសែន ដកដង្ហើម ក៏បណ្តាលឱ្យថប់ខ្យល់ ស្លាប់ក្នុងអណ្តូងទាំង២នាក់ឪពុកកូនតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចនិងប្រជាពលរដ្ឋ បាននាំគ្នាចុះស្រង់សពជនរងគ្រោះទាំង២នាក់ឪពុកកូន ឡើងមកវិញ ដើម្បីប្រគល់ឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។
គួរបញ្ជាក់ថា ករណីថប់ដង្ហើមក្នុងអណ្តូងទឹកនេះ បានកើតឡើងជាបន្តបន្ទាប់រួចមកហើយ ដូច្នេះសូមប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់៕