Tuesday, November 26, 2024
Homeព័ត៌មានជាតិឆ្នាំ២០២២ គ្រោះទឹកជំនន់ខូចខាតដំណាំស្រូវ ជាង២ម៉ឺនហិកតារ  

ឆ្នាំ២០២២ គ្រោះទឹកជំនន់ខូចខាតដំណាំស្រូវ ជាង២ម៉ឺនហិកតារ  

ភ្នំពេញ ៖ ខេត្តចំនួន ៣ រួមមាន ខេត្តកំពង់ធំ បន្ទាយមានជ័យ និងខេត្តសៀមរាប បានខូចខាតដំណាំស្រូវ ប្រមាណជាង ២ម៉ឺនហិកតារ ដោយសារជំនន់ទឹកភ្លៀង នៅឆ្នាំ២០២២នេះ ដែលត្រៀមស្តារឡើងវិញ ក្រោយទឹកស្រក។

តបតាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តី ជុំវិញការស្តារដំណាំស្រូវខូចខាតដោយទឹកជំនន់ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ បានជួបពិភាក្សាជាមួយអាជ្ញាធរ និងមន្ទីរជំនាញ តាមបណ្តាខេត្តជាប់បឹងទន្លេសាប ចំនួន៣​ រួមមាន ខេត្តកំពង់ធំ បន្ទាយមានជ័យ និងខេត្តសៀមរាប។

ក្នុងបេសកកម្មបន្ទាន់នេះ លោកទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា តបតាមអនុសាសន៍​របស់​សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី តាមសារសំឡេង ស្តីពីការត្រួតពិនិត្យលើផលប៉ះពាល់ដំណាំស្រូវ និងដំណាំរួមផ្សំដែលខូចខាតដោយទឹកជំនន់ គឺចាំ​បាច់ត្រូវធ្វើការប្រមូលទិន្នន័យ និងភាពជាក់ស្តែងនៃការបង្កបង្កើន​ផលរបស់ប្រជាកសិករ​ក្នុងគ្រួសារនីមួយៗ។

លោកទេសរដ្ឋមន្រ្តី ថ្លែងថា បេសកកម្មនាពេលនេះ ត្រូវផ្តោតសំខាន់លើចំណុចសំខាន់ពីរ រួមមាន ៖ ទី១- ត្រូវស្រង់ទិន្នន័យពីការផលប៉ះពាល់ដំណាំរបស់ប្រជាកសិករ និងទី២- ពិនិត្យអំពី​លទ្ធភាព​លើផ្ទៃដីរបស់ប្រជាពលរដ្ឋដែលអាចបង្កបង្កើនផល អាស្រ័យទៅតាមភូមិសាស្រ្តដី និងប្រភពទឹក ធានាដល់ការស្រោចស្រព។

លោកទេសរដ្ឋមន្រ្តី បានណែនាំដល់មន្ទីរកសិកម្មខេត្ត និងមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ចាំបាច់​ត្រូវសហការគ្នាសិក្សាឱ្យបានហ្មត់ចត់ អំពីភូមិសាស្រ្តនីមួយៗ ដែលត្រូវស្តារឡើងវិញ ក្នុងពេល​ស្ថានភាពអាកាសធាតុបន្តប្រឈម និងអាចអូសបន្លាយរងគ្រោះដោយទឹកជំនន់។

លោកទេសរដ្ឋមន្រ្តី បញ្ជាក់ថា ទោះបីស្ថិតក្នុងកាលៈទេសៈណា ក៏ត្រូវ​​សិក្សា​អំពីការស្តារនិងផ្តល់ពូជស្រូវជូនប្រជាកសិករណា​ដែលទឹកជំនន់បានស្រក ឱ្យចាប់ផ្ដើម​ស្តារមុនគេ ដើម្បី​ធានាជីវភាពរបស់បងប្អូនប្រជាកសិករ មិនប៉ះពាល់ធ្ងន់ធ្ងរជាងនេះ។

គួរបញ្ជាក់ថា ខេត្តកំពង់ធំ ដំណាំស្រូវខូចខាតដែលគ្រោងនឹងស្តារឡើងវិញ ទំហំ ៩ពាន់ហិកតារ ស្មើនឹងជាង ១ម៉ឺនគ្រួសារ ។ ខេត្តសៀមរាប មានដំណាំស្រូវ ប៉ះពាល់ ៣២ ៤៦៥ហិកតារ ស្មើនឹង ២៥ ៦២៣គ្រួសារ ដោយដំណាំស្រូវខូចខាត មាន ២៧៨៣ហិកតា ខណៈទំហំការខូចខាតនេះ គ្រោងធ្វើការស្តារឡើងជំហានដំបូង ១៥០០ហិកតារ ខណៈខេត្តបន្ទាយមានជ័យ ស្រូវដែលគ្រោងស្តារ មាន ១៥០០០ហិកតារ ។

គួរបញ្ជាក់ថា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនជនរួមជាតិ អំពីស្ថានភាពនៃទឹកជំនន់ នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកសិកម្ម។

ក្នុងសារសំឡេង បង្ហោះក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ សម្តេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ចាត់មន្ត្រីជំនាញរបស់ក្រសួង ឱ្យចុះធ្វើការជាមួយនឹងខេត្តនានា ដើម្បីវាយតម្លៃអំពីផលប៉ះពាល់លើវិស័យកសិកម្ម ដោយទឹកជំនន់ ហើយត្រៀមបម្រុងដឹកពូជស្រូវ ដើម្បីដោះស្រាយបញ្ហា។

តាមរយៈសារសំឡេងនោះ សម្តេចហ៊ុន សែន បានថ្លែងថា សម្តេច បានទទួលបាយការណ៍ពី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អំពីស្ថានភាពនៃទឹកជំនន់នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកសិកម្ម។ របាយការណ៍នោះ បានបញ្ជាក់អំពីពលរដ្ឋស្លាប់ដោយទឹកជំនន់ ចំនួន៤នាក់ ហើយមានការជម្លៀសប្រជាជនពីទីទួលមានសុវត្ថិភាព ដែលក្នុងនោះក៏មានការប៉ះពាល់ដល់សិស្ស ដោយសារតែមានការលិចលង់សាលារៀន ផងដែរ។ តាមរបាយការណ៍នេះ បានឱ្យដឹងថា ដំណាំស្រូវនៅកម្ពុជា បានទទួលរកនូវការលិចលង់ ចំនួន ១៥១ ៤១២ហិកតារ ហើយដំណាំរួមផ្សំផ្សេងទៀត ចំនួន ៤១២៤ហិកតារ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ឥឡូវនេះ ទឹកនៅកន្លែងខ្លះស្រក នៅកន្លែងខ្លះក៏ឡើង និងមានសភាពការណ៍មួយចំនួន នៃការព្យាករណ៍អាកាសធាតុ ដែលអាចនឹងនៅមានទឹកភ្លៀងខ្លះបន្ថែមទៀត។ ប៉ុន្តែតាមការជាក់ស្តែង មានកន្លែងខ្លះក៏ឡើង កន្លែងខ្លះក៏ស្រក ហើយសភាពការណ៍នៅឯមូលដ្ឋាន គឺគ្រប់គ្រងបាន។ ប៉ុន្តែអ្វីដែលជាកង្វល់ គឺមូលដ្ឋានខ្លះ កំពុងជួបនូវបញ្ហាពាក់ព័ន្ធនឹងបញ្ហាខ្វះពូជស្រូវ និងពូជដំណាំ ដែលទាមទារឱ្យថ្នាក់ជាតិ អន្តរាគមន៍ជាបន្ទាន់។

សម្តេច បានបញ្ជាក់ថា «ខ្ញុំព្រះករុណាខ្ញុំ សូមដាក់បទបញ្ជាទៅឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ ចាត់មន្ត្រីជំនាញរបស់ក្រសួង ដែលមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ចុះធ្វើការជាមួយនឹងខេត្ត ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីធ្វើការវាយតម្លៃឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន អំពីការខូចខាតដែលទាក់ទងជាមួយនឹងដំណាំស្រូវ ក៏ដូចជាដំណាំផ្សេងទៀត ដើម្បីឱ្យរាជរដ្ឋាភិបាល អាចបញ្ចេញយ៉ាងលឿន ទៅកាន់គោលដៅនៃស្រូវដែលខូចខាត ដើម្បីឱ្យប្រជាពលរដ្ឋយើង អាចបង្កបង្កើនផលឡើងវិញ»។

សម្តេចហ៊ុន សែន បានចាត់ទុកថា នេះជាការអន្តរាគមន៍ចាំបាច់ ដើម្បីដោះស្រាយបញ្ហានៅចុងរដូវ ដែលទឹកមិនទាន់អស់នៅឡើយ។ សម្តេច បានអំពាវនាវឱ្យមានកិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ រួមគ្នាវាយតម្លៃអំពីផលប៉ះពាល់ផង និងត្រៀមបម្រុងដើម្បីដឹកចេញនូវពូជស្រូវ និងដំណាំទៅកាន់គោលដៅផង។ សម្តេច មិនចង់ឱ្យមានការបណ្តែតបណ្តោយឱ្យទឹកស្រកហួស ហើយតំបន់ទាំងនោះ គ្មានប្រភពទឹកដើម្បីបង្កបង្កើនផលឡើយ ដែលកន្លងទៅកម្ពុជា ធ្លាប់ជួបប្រទះកាលពីឆ្នាំ២០០០ ហើយខេត្តដែលជួបប្រទះច្រើន គឺបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ហើយដោយឡែកឆ្នាំនេះ ក៏កើតនៅកំពង់ធំ ព្រះវិហារ និងខេត្តដទៃថែមទៀត។

សម្តេចនាយករដ្ឋមន្ត្រី ជំរុញឱ្យមានការចាត់ចែងការងារនេះជាបន្ទាន់ ដើម្បីវាយតម្លៃអំពីការខូចខាត និងត្រៀមបញ្ចេញពូជដែលមានស្តុក ទៅឱ្យប្រជាពលរដ្ឋដាំដុះឡើងវិញ ក្រោយទឹកស្រក។

RELATED ARTICLES