Sunday, September 22, 2024
Homeព័ត៌មានជាតិដាល់១ដៃ វ៉ៃ២០ដំបង  មេប៉ុស្តិ៍បែកក្បាល របួសសុសខ្លូន

ដាល់១ដៃ វ៉ៃ២០ដំបង  មេប៉ុស្តិ៍បែកក្បាល របួសសុសខ្លូន

ខេត្តសៀមរាប ៖ ជនសង្ស័យម្នាក់ បានចងអង្រឹងដេកនៅតូបមុខផ្ទះលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលមួយរូប លុះលោកនាយប៉ុស្តិ៍ជាម្ចាស់ផ្ទះ ចេញមកឃើញ ក៏ចូលទៅសួរនាំ ស្រាប់តែត្រូវជនសង្ស័យស្ទុះដាល់ ១ដៃ ចំភ្នែក បណ្តាលឱ្យជាំ ងងឹតមុខដួលទៅលើដី ស្រាប់តែជនសង្ស័យ បានទាញដំបងវាយទៅលើជនរងគ្រោះ ប្រមាណ២០ដំបង បន្ថែមទៀត បណ្តាលឱ្យរយះក្បាល រងរបួសយ៉ាងធ្ងន់ ចំណែកជនដៃដល់ បានព្យាយាមរត់គេចខ្លួនបាន ១យប់ ក៏ត្រូវសមត្ថកិច្ចតាមចាប់ក្របួចជាប់ នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅចំណុចតូបខាងមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។

ជនរងគ្រោះដែលត្រូវជនដៃដល់វាយ បណ្តាលឱ្យរងរបួសធ្ងន់នោះ មានឈ្មោះឡុង ង៉ិក ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរមន្ត្រីនគរបាលជាតិ មានតួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្នងភ្នំ នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ មានលំនៅក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះធឹម ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានមកស្នាក់នៅលើភ្នំគូលែន កន្លែងកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យខាងលើ បានយកអង្រឹងមកចកដេកនៅចំណុចតូបខាងមុខផ្ទះរបស់ជនរងគ្រោះ លុះឃើញបែបនេះ ជនរងគ្រោះបានដើរទៅសួរនាំ ស្រាប់តែជនសង្ស័យបានស្រាយអង្រឹងចេញ តែជនរងគ្រោះ បាននិយាយថា ស្រាយធ្វើអី មិនបាច់ស្រាយទេ ដេកនៅទីនេះក៏បាន។ ភ្លាមនោះ ជនសង្ស័យ បានស្ទុះមកដាល់ចំភ្នែកឆ្វេងជនរងគ្រោះ ១ដៃ បណ្តាលឱ្យជាំភ្នែក ងងឹតមុខដួល ស្រាប់តែជនសង្ស័យ បានយកដំបងឈើ ១ដើម ប្រវែងជាង ១ម៉ែត្រ មកវាយត្រូវក្បាលនិងដងខ្លួនរបស់ជនរងគ្រោះ ប្រមាណជិត ២០ដំបងទៀត បណ្តាលឱ្យបាក់ដំបងនោះ ហើយជនសង្ស័យនៅមិនទាន់អស់ចិត្ត ក៏យកដំបងដែលបាក់នោះ មកចាក់ត្រូវពោះរបស់ជនរងគ្រោះ ចំនួន២ដងទៀត រួចថែមទាំងចាប់ច្របាច់កជនរងគ្រោះ ទាំងកំរោល ទើបជនរងគ្រោះ បានព្យាយាមរើបម្រះ រហូតអាចងើបនិងរត់ទៅស្រែកហៅឱ្យគេជួយ។

ប្រភពដដែល បន្តថា រំពេចនោះ មានអ្នកភូមិបានឃើញ ស្ទុះចូលមកជួយជនរងគ្រោះ និងនាំគ្នាដេញចាប់ជនសង្ស័យដែរ តែជននោះបានរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ដែលមានរបួសពេញដងខ្លួននោះ ត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ទើបសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខួនជនសង្ស័យបាន នៅក្នុងមូលដ្ឋានកើតហេតុខាងលើ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចការរៀបរាប់ខាងលើប្រាកដមែន។

ជុំវិញករណីខាងលើនេះ ជនរងគ្រោះ បានសំណូមពរឱ្យសមត្ថកិច្ចជំនាញ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនសង្ស័យឈ្មោះធឹម ឧត្តម ដោយមិនមានការលើកលែងឡើយ៕

RELATED ARTICLES