Sunday, September 22, 2024
Homeព័ត៌មានជាតិភ្ញៀវជេរម៉ែ អ្នកលក់វ៉ៃបែកកញ្ចក់ឡាន

ភ្ញៀវជេរម៉ែ អ្នកលក់វ៉ៃបែកកញ្ចក់ឡាន

ភ្នំពេញ ៖ បុរសចំនួន៤នាក់ បានចូលទៅហូបបាយក្នុងហាងមួយកន្លែង លុះហូបរួច គិតលុយចេញមកវិញ ស្រាប់តែកើតមានការទាក់ពាក្យសម្តីគ្នារឿងអត់មានទឹកផឹក ជាហេតុធ្វើឱ្យបុរសជាភ្ញៀវ ធ្លោយមាត់ជេរម៉ែអ្នកលក់ ទើបធ្វើឱ្យស្ត្រីជាអ្នកលក់ ផ្ទុះកំហឹង កើតជាជម្លោះ ឈានដល់អំពើហិង្សា ដោយគប់បែកកញ្ចក់ឡានភ្ញៀវ ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ នាំភាគីទាំង២ ទៅដោះស្រាយគ្នានៅប៉ុស្តិ៍។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ តាមបណ្តោយមហាវិថីកម្ពុជាក្រោម ចំណុចហាងបាយមួយកន្លែង ខាងលិចរបងអនុវិទ្យាល័យសន្ធរម៉ុក ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីបុរសទាំង៤នាក់ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បាននាំគ្នាជិះរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BD-4185 ចូលទៅញ៉ាំបាយនៅក្នុងហាងមួយកន្លែង តាមបណ្តោយផ្លូវកម្ពុជាក្រោម ខាងលិចរបងអនុវិទ្យាល័យសន្ធរម៉ុក ពេលនោះ ពួកគាត់បានហៅបាយ ចំនួន២ចានតែប៉ុណ្ណោះ។ បន្ទាប់ពីពួកគាត់ញ៉ាំបាយរួចហើយ ពួកគាត់បានហៅទឹកសុទ្ធ ចំនួន៤ដប តែស្ត្រីម្ចាស់ហាង បានប្រាប់ថា ទឹកសុទ្ធនៅសល់តែ ១ដបតែប៉ុណ្ណោះ សូមបងរង់ចាំបន្តិច គាត់កំពុងតែឱ្យបុគ្គលិក ជិះម៉ូតូទៅទិញហើយ។

ប្រភពដដែល បន្តថា ភ្លាមៗនោះ ពួកគាត់បានហៅស្ត្រីម្ចាស់ហាង ឱ្យគិតលុយ ដោយថ្លៃបាយ១ចាន តម្លៃ៦០០០រៀល ដូច្នេះ ២ចាន អស់ ១២០០០រៀល និងទឹកសុទ្ធ ១ដប ១០០០រៀលទៀត សរុប ១៣០០០រៀលប៉ុណ្ណោះ តែស្ត្រីម្ចាស់ហាង បែរជាគិតដល់ ១៤០០០រៀល។ បន្ទាប់មក ពួកគាត់បានឱ្យលុយរួច ហើយក៏ដើរចេញទៅរថយន្តវិញ ដោយក្នុងនោះ មានមិត្តភក្តិម្នាក់ ក្នុងចំណោម៤នាក់ បាននិយាយថា “ហាងបាយស្អី គ្មានទឹកឱ្យភ្ញៀវផឹកអ៊ីចឹង” ទើបធ្វើឱ្យកើតមានជម្លោះ ផ្ទុះជាអំពើហិង្សាតែម្តង។

ដោយឡែក ភាគីស្ត្រីជាអ្នកលក់បាយ បានបញ្ជាក់ថា ក្រោយពីគិតលុយថ្លៃបាយរួច បុរសទាំង៤នាក់ ដើរចេញទៅវិញនោះ ស្រាប់តែមានបុរសម្នាក់ក្នុងចំណោមនោះ បាននិយាយពាក្យសម្តីមិនសមរម្យ ថែមទាំងស្រែកជេរម៉ែគាត់ថា “ហាងបាយ…ស្អី គ្មានទឹកឱ្យភ្ញៀវផឹកអ៊ីចឹង” ទើបធ្វើឱ្យគាត់ឮបែបនេះ ក៏ផ្ទុះកំហឹង ទាស់សម្តីគ្នាតែម្តង បង្កឱ្យក្លាយជាជម្លោះហិង្សា រហូតវាយកញ្ចក់រថយន្តផ្នែកខាងក្រោយ បែកខ្ទេច ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅកន្លែងកើតហេតុ ធ្វើការអន្តរាគម៍ភ្លាមៗ។

នៅក្នុងហេតុការណ៍មួយនេះ មិនបណ្តាលឱ្យភាគីណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ ព្រោះតែរឿងទឹកផឹក និងរឿងជេរម៉ែ ទើបបង្កជាហិង្សា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បាននាំភាគីទាំងពីរទៅកាន់បុស្តិ៍នគរបាលទឹកល្អក់១ ដើម្បីធ្វើការសាកសួរ និងទុកឱ្យពួកគាត់ដោះស្រាយគ្នានៅប៉ុស្តិ៍តែម្តង៕

RELATED ARTICLES