Sunday, September 22, 2024
Homeព័ត៌មានជាតិព្រួតវាយ អារកសម្លាប់តា៦៤ឆ្នាំ

ព្រួតវាយ អារកសម្លាប់តា៦៤ឆ្នាំ

ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម នៅកណ្តាលផ្លូវលំ ១កន្លែង ដោយមានសភាពរបួសសុសពេញខ្លួន ព្រមទាំងមានស្នាមអារកទៀតផង ធ្វើឱ្យកើតមានការផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យ និង សង្ស័យថា ជាករណីឃាតកម្ម វាយនិងអារកសម្លាប់។

ករណីឃាតកម្មដ៏សាហាវឃោរឃៅនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង២៥នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា សពជនរងគ្រោះ មានឈ្មោះលេង វ៉ាន់ ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិគីឡូលេខ៦ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានឱ្យដឹងថា ករណីខាងលើនេះ ក្រោយពីសមត្ថកិច្ចជំនាញត្រួតពិនិត្យនិងធ្វើកោសល្យវិច័យសពរួច បានដាក់ការសន្និដ្ឋានជំហានដំបូងថា ជនរងគ្រោះស្លាប់ដោយសារអំពើឃាតកម្ម ព្រោះឃើញមានស្នាកស្នាមរបួសលើដងខ្លួនជាច្រើនកន្លែង ពិសេសមានស្នាមអារកទៀតផង។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះ រវាងឃាតករនិងជនរងគ្រោះ អាចជាមនុស្សស្គាល់គ្នា និងពេលធ្វើសកម្មភាព ជនដៃដល់អាចមានគ្នាលើសពី២នាក់ឡើងទៅ ព្រោះបើមួយទល់នឹងមួយ ជនដៃដល់ពុំអាចមានឱកាសវ៉ៃជនរងគ្រោះបាននោះទេ។

សូមបញ្ជាក់ថា ក្រោយការពិនិត្យសព ធ្វើកំណត់ហេតុរួចរាល់ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល សពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកជនដៃដល់ជាឃាតករ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា និងតាមចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ឱ្យខាងតែបាន៕

RELATED ARTICLES