ភ្នំពេញ៖សារ៉ាយ សក្ខណា ដែលទៅរស់នៅអាមេរិករយៈពេល១០ឆ្នាំទៅហើយនោះបានអះអាងថាប្រសិនបើម្ដាយនាងចង់ទៅរស់នៅជាមួយនាងជាអចិនត្រេយ៍នោះគឺនាងនឹងបំពេញបំណងគាត់បានតាមរយៈការធានាឲ្យម្ដាយជាទីស្រលាញ់ស្នាក់នៅទីនោះជារៀងរហូតបានដោយគ្មានបញ្ហានោះទេ ។ប៉ុន្ដែនាងថាតាមនាងមើលទៅពេលនេះម្ដាយនាងហាក់ចង់តិច អត់តិច អីចឹងមិនច្បាស់លាស់នោះទេ ហើយនាងក៍នៅមើលការសម្រេចចិត្តរបស់ម្ដាយនិងសម្របខ្លួនតាមគាត់នាពេលនោះតែម្ដង។

ថ្វីត្បិតតែមានការលើកឡើងរបស់សារ៉ាយ សក្ខណា បែបនេះក្ដី ប៉ុន្ដែកន្លងមកអ្នកស្រីសម្ផស្ស ម្ដាយសក្ខណា ក៍ធ្លាប់បានទៅអាមេរិកជាច្រើនដងមកហើយផងដែរពិសេសគឺនៅពេលដែលសក្ខណា សម្រាលកូនស្រីទី១ និងកូនប្រុសទី២ដែលលោកស្រីទៅយូៗខែទៀតផង។ប៉ុន្ដែកន្លងមកលោកស្រីសម្ផស្ស ធ្លាប់បង្ហើបថាគាត់អាចចុះឡើងៗពីខ្មែរទៅអាមេរិកដើម្បីជួបជុំកូននិងចៅៗបាន តែបើឲ្យរស់នៅស្រុកគេជាប្រចាំនោះគាត់មិនចេះនៅទេ ព្រោះនឹកស្រុកកំណើត។

គូររំលឹកថាសារ៉ាយ សក្ខណា បាននាំស្វាមីនិងកូនប្រុសស្រីទាំងពីរមកខ្មែរកាលពីថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២១ ហើយនាងគ្រោងត្រឡប់ទៅអាមេរិកវិញនៅខែវិច្ឆិកា ឆ្នាំ២០២២ ពោលគឺមកបាន១ឆ្នាំគត់។សក្ខណា ថាការមកស្រុកបានយូជាងសព្វដងលើកនេះដោយសារតែនាងជាប់ថតរឿង”ក្រឡអីហ្នឹង (វគ្គ៣)” និងមើលហាងគ្លីនិកកែសម្ផស្សផ្ទាល់ខ្លួនផងដែរ។ដោយឡែកទាក់ទងរឿងយកកូនថែមវិញនាងធ្លាប់បង្ហើបថាក្រោយមានកូនស្រីឈ្មោះMataysia អាយុជាង៧ឆ្នាំ និងកូនប្រុសឈ្មោះព្រីនស្ទីន អាយុជាង២ឆ្នាំនោះរូបនាងគិតថាបើបានកូនទៀតក៍ល្អ បើគ្មានត្រឹមប៉ុណ្ណឹងក៍បាន។តែសក្ខណា ថាប្រសិនបើនាងមានកូនទៀតនោះគឺនាងចង់បានកូនភ្លោះ ព្រោះកើតម្ដងបានពីរ កុំឲ្យពិបាកយកពិបាកបង្កើតច្រើនដង។

ក្រៅពីសារ៉ាយ សក្ខណា តារាដែលយកស្វាមីជាអាណិកជនខ្មែរនៅអាមេរិកមានដូចជាអ្នកនាងគឹម លក្ខិណា,វ៉េត រតនា និងអម្ពរ ទេវី ជាដើម។ចំពោះសក្ខណា វិញក្រោយទៅរស់នៅតាមស្វាមី១ទសវត្សន៍នោះនាងចុះឡើងមកខ្មែរជាញឹកញាប់ ហើយនៅតែឆ្លៀតថតភាពយន្ដនិងស្ពតជាហូហែទើបធ្វើឲ្យសកម្មភាពសិល្បៈរបស់នាងនៅតែមិនស្ងាត់៕
