Sunday, September 22, 2024
Homeព័ត៌មានជាតិលបចូលបន្ទប់ស្រី... ជាប់ខ្នោះ

លបចូលបន្ទប់ស្រី… ជាប់ខ្នោះ

ខេត្តប៉ៃលិន ៖ ជនសង្សយ័ម្នាក់ បានធ្វើសកម្មភាពលបចូលបន្ទប់ជួលរបស់នារីម្នាក់ ទាំងកណ្តាលយប់ និងបានលួចយកខ្សែកប្លាកទីន ១ខ្សែ និងនាឡិកា១ រួចក៏ព្យយាមរត់គេចខ្លួន លុះព្រឹកឡើង ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ នាំយកមកសាកសួរ បែរជាព្យាយាមប្រកែកថា ខ្លួនមិនបានប្រព្រឹត្ត លុះសមត្ថកិច្ចបង្ហាញសកម្មភាពក្នុងកាមេរ៉ាសុវត្ថិភាព ទើបស្ងាត់មាត់ឈឹង និងត្រូវសមត្ថកិច្ចចាត់ការតាមច្បាប់។

ករណីលួចទ្រព្យសម្បត្តិនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅចំណុចបន្ទប់ផ្ទះជួល ១កន្លែង ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះចន វិចិត្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ចំណែកជនរងគ្រោះ មានឈ្មោះ រស់ សុភក្តី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរអាជីវករ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ រីឯសម្ភារៈដែលបាត់បង់ រួមមាន  ខ្សែកប្លាកទីន ១ខ្សែ តម្លៃ៥០០ដុល្លារ និងនាឡិកាដៃ ១គ្រឿង។

តាមប្រភពពីសមត្ថកិច បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីនារីរងគ្រោះ ដោយប្តឹងថា មានជនសង្ស័យម្នាក់ បានចូលលួចយករបស់ទ្រព្យរបស់នាង ដល់ក្នុងបន្ទប់ជួល ដោយក្នុងនោះ បាត់បង់  ខ្សែកប្លាកទីន ១ខ្សែ តម្លៃ៥០០ដុល្លារ និងនាឡិកាដៃ ១គ្រឿង។

ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍ស្ទឹងកាច់ សហការជាមួយកម្លាំងអធិការនគរបាលស្រុកសាលាក្រៅ បានធ្វើការស្រាវជ្រាវ ស្វែងរកជនសង្ស័យ រហូតដល់ម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃដដែល ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យមិនព្រមសារភាពថា ខ្លួនជាអ្នកលួចរបស់គេនោះទេ រហូតត្រូវបានសមត្ថកិច្ចបង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីសកម្មភាពជនសង្ស័យដើរចូលទៅបន្ទប់ជនរងគ្រោះ និងធ្វើសកម្មភាពលួចរបស់ទ្រព្យ ទើបជនសង្ស័យស្ងាត់មាត់ឈឹង និងព្រមសារភាពកំហុសរបស់ខ្លួន។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES