ភ្នំពេញ៖មាស សុខសោភា ប្រកាសកាលពីដើមខែមករាឆ្នាំ២០២២ ថានាងត្រូវតែបញ្ចេញរបស់ថ្មីបំផុតមិនធ្លាប់មានដើម្បីពង្រឹងទីផ្សារចម្រៀងរបស់នាងថែមទៀត ខណៈដែលអ្នកនិយមស្ដាប់បទចម្រៀងនាងថាតាំងពីសោភា ចេញពីថោន ទៅរាម មកនាងនៅទ្រឹងពិបាកទៅមុខព្រោះបទចម្រៀងធ្វើមិនសូវត្រូវចិត្តយុវវ័យ។អ្វីដែលគូរឲ្យកត់សម្គាល់គិតមកដល់ពេលនេះនៅសល់តែជាង២ខែទៀតនឹងដាច់ឆ្នាំទៅហើយ តែសោភា នៅតែមិនទាន់ធ្វើព្យុះភ្លៀងនៅរាម ដដែលទើបធ្វើឲ្យFan របស់នាងមួយចំនួនមិនរំពឹងថានាងអាចផ្ទុះម្ដងទៀតនោះទេ រហូតមានព័តមានថាសោភា អាចនឹងពិចារណាក្នុងការផ្លាស់ប្ដូរទ្រនុំទៀតផង បើទោះជានាងនិងថៅកែរាម ជាប់ដៃរកស៊ីធំជាមួយគ្នាក្ដី។

ជុំវិញរឿងមាស សុខសោភា មិនទាន់ល្បីផ្ទុះខ្លាំងដូចមុនវិញនេះដែរអតីតតារាសាន់ដេ និងថោន រូបនេះបានចេញសារតាំងចិត្តកាលពីពេលថ្មីៗនេះថាទោះជានាងដួលនៅកន្លែងណាក៍ត្រូវតែដើរទៅមុខទៀត ដោយភាពអំណត់និងស្ងៀមស្ងាត់ ហើយហត់ឬឈឺក៍នាងមិនបោះបង់ឡើយ។ការដាក់គោលដៅបែបនេះរបស់សុសោភា ច្បាស់ណាស់ថានាងនៅតែតាំងចិត្តយ៉ាងមុតមាំក្នុងការប្រជែងទីផ្សារចម្រៀង បើទោះជាមុននេះអ្នកជំនាញសិល្បៈបានលើកឡើងថាការទៅដល់រាម របស់សោភា បទចម្រៀងរបស់នាងនឹងលែងមានការប្រកួតជាមួយផលិតកម្មរស្មីហង្សមាស និងGalaxy ។

មាស សុខសោភា ជាប់ឈ្មោះជាអ្នកចម្រៀងដែលចូលចិត្តប្ដូរទ្រនុំជាងគេក្នុងចំណោមតារាចម្រៀងស្រីល្បីៗទាំងឡាយ ប៉ុន្ដែអតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប អះអាងថាសុខសោភា មានចំណុចខ្លាំងជាងគេព្រោះទៅច្រៀងដល់ផលិតកម្មណាក៍នៅតែល្បីដដែល។អ្វីដែលគូរឲ្យចាប់អារម្មណ៍ផងដែរកាលពីចុងឆ្នាំ២០២០ មានព័តមានថាសុខសោភា ត្រូវរាម ចាប់អារម្មណ៍នឹងចង់ទិញនាងទៅចាប់ដៃគូជាមួយលោកឧកញ៉ាព្រាប សុវត្ថិ ទៀតផង ប៉ុន្ដែសោភា បែជាជ្រើសយករាម ទៅវិញ។គេកត់សម្គាល់ដែរថាមិនត្រឹមតែរក្សាជំហយ៉ាងមុតមាំក្នុងអាជីពចម្រៀងនោះទេ តែថ្មីៗនេះសុខសោភា ក៍ងាកចេញមកធ្វើបទខ្លួនឯងដោយមានទាំងលោកពេជ្រ សង្វារពេជ្រ ហៅលោកតាសក់ស ភ្នំត្រែង ,លោកទ្រី ហេង ប្ដីម៉ាដូណា និងស្វាមីនាងលោកអ៊ឹត រ៉ាដា ចេញមកអន្ដរាគមន៍ព្រមគ្នាតែម្ដង។ចំណែករឿងបេះដូងវិញសោភា ក៍មិនភ្លេចការរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀតដែរ ព្រោះមុននេះនាងបានបណ្ដើរប្ដីទៅដើរលេងនៅឡាវ និងសាំងហ្គាពួរ ប៉ុន្ដែរឿងពពោះកូនទី១នៅតែគ្មានស្រមោល ក្រោយនាងនិងលោកគ្រូពេទ្យមកពីកាណាដាចាប់ដៃគ្នា១៥ឆ្នាំមក៕

