ខេត្តតាកែវ ៖ យុវតីវ័យជំទង់ម្នាក់ នៅសុខៗ ស្រាប់តែចេញបាត់ពីផ្ទះ ដោយគ្មានដំណឹង ជាហេតុធ្វើឱ្យក្រុមគ្រួសារតាម ស្វែង រកសព្វកន្លែង នៅតែមិនឃើញ ទើបប្រញាប់ដាក់ពាក្យបណ្តឹងសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
យុវតីដែលបាត់ខ្លួន មានឈ្មោះវ៉ាន់ សុខខេង អាយុ១៣ឆ្នាំ មានលំនៅភូមិអង្គក្រឡាញ់ ឃុំតាំងដូង ស្រុកបាទី។
តាមប្រភពពីអាណាព្យាបាលរបស់យុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កូនស្រីរបស់គាត់បានចេញពីផ្ទះ ដោយមិនបានប្រាប់សមាជិកគ្រួសារថានាងទៅណានោះទេ លុះក្រោយមកក៏បាត់ មិនឃើញត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យក្រុមគ្រួសារ សាច់ញាតិ នាំគ្នាតាមស្វែងរកសព្វកន្លែងដែរ តែរកមិនឃើញសោះ មិនដឹងថាបាត់ទៅណា ទៅជាមួយអ្នកណា សុខទុក្ខយ៉ាងណានោះទេ ធ្វើឱ្យពួកគាត់ជាឪពុកម្តាយ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។

ក្រោយពីព្យាយាមតាមរកកូនស្រីអស់លទ្ធភាព នៅតែមិនទទួលបានដំណឹងអ្វីបន្តិចសោះ អាណាព្យាបាល ក៏សម្រេចកាន់រូបថតកូនស្រី ទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី ជួយអន្តរាគមន៍តាមស្វែងកូនស្រីមកឱ្យពួកគាត់វិញផង។

អាណាព្យាបាលយុវតីខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញក្មេងស្រីដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងមកកាន់សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាទី តាមរយៈលេខទូរស័ព្ទ ០៩៧ ៧៧៨ ០០៧០ ដោយក្តីអនុគ្រោះ៕