Sunday, September 22, 2024
Homeព័ត៌មានជាតិដាក់បង្កៃត្រី ក្រពើខាំជើង

ដាក់បង្កៃត្រី ក្រពើខាំជើង

ខេត្តសៀមរាប ៖ បុរសម្នាក់ ខណៈដែលកំពុងដើរដាក់បង្កៃ តាមមាត់ប្រឡាយ ស្រាប់តែមានសត្វក្រពើ ១ក្បាល បានហក់មកខាំ បណ្តាលឱ្យរងរបួសជើង និងត្រូវបុរសរងគ្រោះ ទាញកាំបិតសៀតជាប់ចង្កេះ តាមកាប់និងចាប់យកសត្វក្រពើ ១ក្បាលនោះ លីយកមកផ្ទះ ទាំងយប់។

ហេតុការណ៍សត្វក្រពើខាំមនុស្សនេះ បានកើតឡើង កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២២ នៅអូរចំណុចស្ពានខ្នាត  ស្ថិតក្នុងភូមិច្រាំងខ្ពស់ ឃុំកំពង់ក្តី ស្រុកជីក្រែង។

បុរសរងគ្រោះដែលត្រូវសត្វក្រពើខាំ មានឈ្មោះជួន សំណាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិច្រាំងខ្ពស់ ឃុំកំពង់ក្តី ស្រុកជីក្រែង។

តាមប្រភពពីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ គាត់បានចេញទៅដាក់បង្កៃត្រី នៅត្រង់ម្តុំកន្លែងកើតហេតុ រហូតមកដល់វេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ខណៈដែលដើរដាក់បង្កៃត្រី ដល់ត្រង់ចំណុចអូរស្ពានខ្នាត ស្ថិតក្នុងភូមិច្រាំងខ្ពស់ ឃុំកំពង់ក្តី ស្រុកជីក្រែង ពេលកំពុងដើរតាមមាត់ទឹកប្រឡាយ ស្រាប់តែមានសត្វក្រពើ មួយក្បាល ទម្ងន់ប្រមាណជាង៤០គីឡូក្រាម បានហក់ឡើងពីទឹក មកខាំជើងរបស់គាត់ បណ្តាលឱ្យរងរបួសតែម្តង។

ជនរងគ្រោះ បន្តថា ភ្លាមៗ គាត់មានកាំបិតសៀតជាប់នឹងចង្កេះស្រាប់ ក៏តាមកាប់ និងចាប់យកសត្វក្រពើ ១ក្បាលនោះបាន រួចលីយកមកផ្ទះ ទាំងយប់តែម្តង។ រហូតដល់ព្រឹកឡើង ទើបផ្អើលប្រជាពលរដ្ឋ អ្នកភូមិ ចោមរោមមើល ដោយមិននឹកស្មានដល់ថា ក្នុងទឹកប្រឡាយ នៅក្នុងភូមិរបស់ពួកគាត់ មានសត្វក្រពើ មិនដឹងរួចពីណាមក។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស៕

RELATED ARTICLES