ខេត្តបាត់ដំបង ៖ ក្មេងប្រុសចំនួន ២នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅទីតាំងផ្សេងគ្នា ប៉ុន្តែកើតហេតុក្នុងថ្ងៃតែមួយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ដោយ ១ករណី កើតឡើងនៅក្នុងស្រុកបាណន់ ចំណែក ១ករណីទៀត កើតឡើង នៅស្រុកថ្មគោល។
ករណីទី១- កើតឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅចំណុចក្រុមទី៤ ភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ដោយក្មេងប្រុសរងគ្រោះ មានឈ្មោះហូ ស៊ីថា អាយុ១៣ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះខាងលើ បានចុះលេងទឹកហូរឆ្លងកាត់ផ្លូវចូលក្នុងប្រឡាយ ដែលមានទឹកជម្រៅប្រមាណ២ម៉ែត្រ ដែលទឹកកំពុងហូរកួចខ្លាំង ទើបបណ្តាលឲ្យលង់ស្លាប់តែម្តង។
ចំណែកករណីទី២- កើតឡើងនៅវេលាម៉ោង ៨យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចប្រឡាយបេង ស្ថិតនៅក្រុមទី០១ ភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ដោយក្មេងប្រុសរងគ្រោះ មានឈ្មោះឆាយ សៀវហ្វុង អាយុ១០ឆ្នាំ មានលំនៅ ភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល។

តាមការបំភ្លឺរបស់ឪពុកម្តាយក្មេងប្រុសរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ កូនប្រុសខ្លួនបានចុះទៅលេងទឹកប្រឡាយបេង ខណៈពេលពួកខ្លួនជាឪពុកម្តាយ កំពុងរវល់ធ្វើការងារផ្ទះ មិនបានមើល និងហាមកូន ទើបបណ្តាលឱ្យកូនចុះលេង រហូតដល់លង់ស្លាប់តែម្តង។
ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលផ្នែកជំនាញនៃអធិការនគរបាលស្រុកទាំងពីរ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យ វិភាគកន្លែងកើតហេតុ និងសពក្មេងប្រុសរងគ្រោះទាំងពីរនាក់ខាងលើ រួចបញ្ជាក់ថា ក្មេងប្រុសទាំង២នាក់ ពិតជាលង់ ទឹកប្រឡាយស្លាប់ប្រាកដមែន។
សពក្មេងប្រុសរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕