ភ្នំពេញ ៖ តារាសម្ដែងជើងចាស់ លោកតាមិន សារិន ហៅម៉ែន ដែលត្រូវជាឪពុកបង្កើតរបស់អតីតតារា សម្តែងស្រីល្បីឈ្មោះ អ៊ុំ សុវណ្ណនី ដែលសព្វថ្ងៃមានវ័យជរា បានធ្លាក់ខ្លួនក្រ ហើយកំពុងឈឺធ្ងន់ទៀតនោះ បានប្រកាសចង់ជួបកូនស្រី អ៊ុំ សុវណ្ណនី ដែលកំពុងរស់នៅឯទឹកដីសហរដ្ឋអាមេរិក នោះ នាជីវិតចុងក្រោយរបស់គាត់ ខណៈដែលកូនស្រីរូបនេះ បានរស់នៅឃ្លាតពីរូបគាត់ មិនបានដឹងពីសុខទុក្ខនិងការលំបាករបស់គាត់ជាឪពុកទេ ។
ក្នុងវិស័យសិល្បៈភាពយន្ត មានមនុស្សតិចណាស់ ដែលថាមិនស្គាល់លោកតា មិន សារិន ហៅម៉ែន ព្រោះគាត់ជាតារាសម្តែងជើងចាស់មួយដួង ដែលធ្លាប់មានវត្តមានក្នុងរឿងភាគខ្មែរល្បីៗជាច្រើន រាប់មិនអស់។ ប៉ុន្តែបច្ចុប្បន្ននេះ លោកតាបានដកឃ្លាពីការងារសិល្បៈទាំងស្រុងទៅហើយ ព្រោះតែឈានចូលវ័យជរា និងមានបញ្ហាសុខភាពកាន់តែទ្រុឌទ្រោម ហើយឆ្នាំនេះ លោកតាមានព្រះជន្ម ៨៣ឆ្នាំហើយ ដូច្នេះលទ្ធភាពនៃការចងចាំសាច់រឿងរបស់តួសម្តែង លែងបានល្អដូចមុនទៀតហើយ។ អ្វីដែលគួរឲ្យអាណិតនោះ សព្វថ្ងៃលោកតាសម្រេចចិត្តប្រកាសលក់ផ្ទះ នៅច្បារអំពៅ ជាកេរមរតកចុងក្រោយ ដើម្បីព្យាបាលជំងឺ។ រីឯផ្ទះឈើដែលកំពុងរស់នៅសព្វថ្ងៃនេះ ក៏ពុកផុយបណ្តើរៗហើយដែរ ។
តាមពិតទៅ សិល្បករជើងចាស់ លោកតាម៉ែន មិនមែនជាមនុស្សខ្សត់កូនចៅ ដូចអ្នកសិល្បៈចាស់ៗចំនួនទេ គឺលោកតា មានកូនដល់ទៅ ៨នាក់ ជាមួយភរិយាពីរនាក់ ។ ក្នុងនោះជាមួយភរិយាមុន (សព្វថៃ្ងនៅអាមេរិក មិនដឹងថារស់ឬស្លាប់) ដែលរៀបការជាមួយគ្នា តាំងពីសម័យសង្គមរាស្រ្តនិយម លោកតាទទួលបានកូនស្រីម្នាក់ គឺអ្នកស្រី អ៊ុំ សុវណ្ណនី ដែលសព្វថ្ងៃកំពុងរស់នៅសហរដ្ឋអាមេរិក។ ចំណែកជាមួយភរិយាទី២ ឈ្មោះស៊ុន ពៅ (ស្លាប់ក្នុងអាយុ៧៣ឆ្នាំ) លោកតាទទួលបានកូន ៧នាក់ ដែលក្នុងចំណោមកូន ៧នាក់នេះ មានកូនស្រីម្នាក់មានសតិមិនល្អ មិនអាចជួយអ្វីដល់តាបាន មានតែត្រូវមើលថែនាងវិញ ។ យ៉ាងណា ក្នុងចំណោមកូនទាំងអស់ លោកតាស្រឡាញ់ស្មើៗគ្នា ជាពិសេសលោកតា មានក្ដីនឹករលឹកដល់កូនស្រីប្រពន្ធមុន (អ្នកស្រីអ៊ុំ សុវណ្ណនី) នោះណាស់ ។ ដូច្នេះហើយ ដោយសារតែសុខភាពលោកតាកាន់តែចុះខ្សោយ ពីមួយថ្ងៃទៅមួយថ្ងៃ ទើបលោកតាប្រកាសឲ្យតារាសម្តែងជើងចាស់ អ៊ុំ សុវណ្ណនី ជាកូនស្រីច្បង (កូនប្រពន្ធមុន) ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកនោះ ទាក់ទងមកលោកតាផង ព្រោះលោកតាចង់ជួបមុខកូនស្រីច្បងរូបនេះ ក្រោយខានទាក់ទងគ្នា ជាង៥ឆ្នាំមកហើយ ដោយគាត់មិនដឹងសុខទុក្ខកូនស្រីយ៉ាងណា ហើយកូនស្រីក៏មិនដឹងថា សុខទុក្ខលោកតាជាឪពុក ពេលនេះយ៉ាងណាដែរ ។
ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ លោកតា មិន សារិន ហៅម៉ែន បានរៀបរាប់ពីស្ថានភាពជំងឺ និងជរាភាពរបស់លោកតា ក្នុងជន្មាយុ ៨៣ឆ្នាំនេះថា សព្វថ្ងៃនេះ លោកតា មានជំងឺប្រចាំកាយច្រើនមុខណាស់ ដូចជា ជំងឺក្រពះ ពោះវៀន លើសឈាម ស្ពឹកដៃស្ពឹកជើង ជាពិសេស ក្រោកឈរអត់បានយូរ ដើរមិនបានឆ្ងាយទេ ចេះតែរកកល់នឹងដួល ទាល់តែមានអីទប់ និងវិលមុខ ធេងធោង ពិបាកក្នុងខ្លួន ទើបតម្រូវការព្យាបាលជាប្រចាំ ។ ប៉ុន្តែក្នុងការព្យាបាលជំងឺប្រចាំកាយនេះ លោកតា ពិតជាជួបប្រទះការខ្វះខាតផ្នែកថវិកា ព្រោះបើពឹងទៅលើកូនៗទាំង៧នាក់ នៅក្នុងស្រុកខ្មែរ ដែលខ្លះមានគ្រួសារ រស់នៅតាមខេត្ត និងរស់នៅជាមួយលោកតា ៤នាក់ សុទ្ធតែមានជីវភាពមិនសូវធូរធារ ឬមានការងារដែលទទួលប្រាក់ចំណូលបានតិច ស្ទើរតែដោះស្រាយជីវភាពពួកគេមិនគ្រប់ បានត្រឹមតែផ្ដល់បាយទឹកជូនលោកតា ឯប្រាក់កាសក្នុងការផ្គត់ផ្គង់មកលោកតាជាឪពុក មិនបានគ្រប់គ្រាន់ទេ ។ ដូច្នេះប្រឈមនឹងការឈឺធ្ងន់ ខ្វះខាតក្នុងជីវភាពនេះ ទើបលោកតា សម្រេចប្រកាសដាក់លក់ផ្ទះដែលរស់នៅសព្វថ្ងៃ ដើម្បីយកប្រាក់មួយចំណែក សម្រាប់ព្យាបាលជំងឺលោកតា និងមួយចំណែកទៀត ចែកកូនៗឲ្យហើយ ទាន់លោកតានៅរស់ ចៀសវាងលោកតាស្លាប់ទៅ កូនៗមានបញ្ហាមិនចុះសម្រុងគ្នា ព្រោះតែទ្រព្យតិចតួចនេះ ។
លោកតាម៉ែន បន្តថា ផ្ទះដែលលោកតាប្រកាសលក់នេះ ស្ថិតនៅក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នពេញ ។ ផ្ទះនេះ មានទទឹង ៨ម៉ែត្រ បណ្ដោយ២៥ម៉ែត្រ សង់អំពីឈើ ប៉ុន្តែវាពុកជាយជញ្ជាំងអស់ហើយ មានទាំងកណ្ដៀរស៊ីផង ដូច្នេះបើអ្នកទិញទៅ គេមានលុយ គេរុះចេញ យកតែដីសង់ថ្មី ហើយក្នុងការលទៅនេះ ប្រហែល ជាមិនបានថ្លៃមិនប៉ុន្មានទេ ប៉ុន្តែទោះបានថ្លៃថោកយ៉ាងណា លោកតានិងកូនៗ សម្រេចដាក់លក់ហើយ មិនប្ដូរចិត្តវិញទេ ព្រោះដូចលោកតា បញ្ជាក់ពីខាងដើម បើមិនលក់ទេ លោកតាគ្មានលុយយកព្យាបាលជំងឺ និងចែកកូនទេ ។
លោកតាម៉ែន បានរៀបរាប់បន្តថា ទាក់ទងដល់ជីវិតអតីតកាលជាមួយកូនស្រីច្បង ភរិយាទី១ គឺក្រោយថ្ងៃរំដោះពីបនប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ១៩៧៩ កូនស្រីរបស់លោក គឺអ្នកស្រីអ៊ុំ សុវណ្ណនី មានប្ដី និងមានកូនពីរនាក់ទៅហើយ ខណៈលោកតា និងម្ដាយរបស់នាង ក៏បានបែកបាក់គ្នា និងមានភរិយាក្រោយទៀត។ ឯភរិយាមុន ដែលត្រូវជាម្ដាយរបស់អ្នកស្រីអ៊ុំ សុវណ្ណនី ក៏មានប្ដីក្រោយទៀតដែរ នៅពេលនោះ គឺលោកតា និងប្រពន្ធមុន មានគ្រួសារថ្មីរៀងខ្លួន ក្រោយបានជួបគ្នាវិញ ក្រោយសម័យប៉ុល ពត ។ ប៉ុន្តែទោះបីជាបានបែកគ្នា លោកតាក៏នៅទទួលស្គាល់កូន ហើយជាមួយប្រពន្ធមុននោះ ក៏នៅរាប់អានគ្នាធម្មតា ។ នៅពេលនោះដែរ គឺក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៨០ លោកតាបានចូលបម្រើការងារនៅនាយកដ្ឋានភាពយន្ត ដោយគ្រប់គ្រងរក្សាហ្វ៊ីល ។ ក្រោយមក ខាងឆេកូ (ប្រទេសឆេកូស្លូវ៉ាគី) បានមកទាក់ទងនាយកដ្ឋានភាពយន្តដែលលោកតាកំពុងកាន់ការងារជាអ្នកគ្រប់គ្រងហ្វ៊ីលនោះ ដើម្បីសហការគ្នារៀបចំថតរឿងមួយ មានចំណងជើងថា “នរក៩ជាន់ “ ដោយគេឲ្យលោកតា ជាអ្នករើសតួឯកស្រី មកសម្ដែងនៅក្នុងរឿងនេះ ។ លោកតា ក៏សម្រេចជ្រើសយកកូនស្រីខ្លួនឯង ឈ្មោះអ៊ុំ សុវណ្ណនី ដែលកំពុងមានប្ដី និងមានកូនពីរនាក់នោះ តែមិនទាន់បានចូលសិល្បៈផង នាងបានលែងប្ដី ក្លាយជាស្រីមេម៉ាយកូនពីរ ហើយបានមកថតរឿង “នរក៩ជាន់” នោះ ហើយក៏ទទួលបានភាពល្បីល្បាញ នៅពេលរឿងនេះត្រូវបានចាក់បញ្ចាំងនៅក្នុងស្រុកខ្មែរ និងបានល្បីដល់ពិភពលោកផងដែរ ដោយខាងឆេកូ បានយកទៅចាក់បញ្ចាំងនៅក្រៅប្រទេស ហើយក៏បាននាំនាងដែលជាតួឯកស្រី ទៅជាមួយតួប្រុស នៅរាល់ពេលបញ្ចាំងនៅក្រៅប្រទេសនោះដែរ ។
លោកតាម៉ែន បានរៀបរាប់បន្តទៀតថា នៅពេលទទួលបានភាពល្បីល្បាញ កូនស្រីរបស់លោកតា ក៏មិនចោលលោកតា ជាឪពុកដែរ គឺតែងតែឧបត្ថម្ភលោកតា ជាប្រចាំ ម្ដងពីររយដុល្លារ ឬបីរយដុល្លារ ទៅតាមចំណូលរបស់នាង តិចឬច្រើន ហើយចូលមកដល់អំឡុងទសវត្សរ៍ឆ្នាំ១៩៩០ នាងក៏បានបើកផលិតកម្មដោយខ្លួនឯងមួយ ឈ្មោះថា “បា្រសាទនាងខ្មៅ” ដែលធ្វើឲ្យជីវភាពរបស់នាងកាន់តែធូរធារល្អប្រសើរឡើងថែមមួយកម្រិតទៀត ។ ទីបំផុតស្របពេលដែលកំពុងមានជីវិតល្អប្រសើរនោះ នាងក៏ធ្វើទិដ្ឋាការនាំម្ដាយនិងកូនរបស់នាងទាំងពីរ ទៅរស់នៅសហរដ្ឋអាមេរិក ហើយពេលនោះ នាងក៏ធានាលោកជាឪពុក ទៅរស់នៅទីនោះដែរ ប៉ុន្តែក្នុងនាមជាបុគ្គលិកបម្រើការងារផ្នែកភាពយន្ត នៅស្រុកខ្មែរ លោកមិនបានយល់ព្រមទៅជាមួយនាងទេ ព្រោះលោកតា ចេះតែនឹកខ្លាចកប៉ាល់ហោះ ។ ទោះជាយ៉ាងនេះក្ដី ពេលទៅដល់អាមេរិក ហើយ កូនស្រីរបស់លោកតានៅតែឡើងចុះស្រុកខ្មែរ និងបានទិញផ្ទះមួយនៅម្ដុំសហរដ្ឋរស្ស៊ី ដើម្បីងាយស្រួលនាងស្នាក់នៅ ពេលមកដល់ស្រុកខ្មែរ ហើយពេលមកដល់ស្រុកខ្មែរម្ដងៗ នាងតែងតែទូរស័ព្ទហៅលោកតាទៅយកប្រាក់នៅផ្ទះនោះ ដោយមានម្ដង ពីរបីរយដុល្លារ និងខ្លះទៀតមាន ១០០០ដុល្លារដែរ ។ ប៉ុន្តែក្រោយមក ជាច្រើនឆ្នាំ នាងបានសម្រេចលក់ផ្ទះនោះចោលវិញ ធ្វើឲ្យលោកផ្ដាច់ការទាក់ទងជាមួយកូនស្រីច្បងនេះ បាត់ទាំងលេខទូរស័ព្ទ បាត់ទាំងអាសយដ្ឋានផ្សេងៗ មានអាចឲ្យបានដឹងពីសុខទុក្ខគ្នាទៅវិញទៅមក គឺលោកតាបានត្រឹមតែដឹងថា នាងនៅអាមេរិក តែមិនដឹងថារស់នៅរដ្ឋណា ហើយមិនដឹងស្ថានភាពជីវភាពគ្រួសារនាងយ៉ាងម៉េច ជាពិសេសមិនដឹងថា ភរិយាមុនរបស់លោកដែលជាម្ដាយរបស់នាងនោះ ស្លាប់ឬនៅមានជីវិតនៅឡើយ ព្រោះគាត់ក៏មានអាយុច្រើន ស្ថិតក្នុងវ័យជរាដែរ ។ រហូតមកទល់ឥឡូវនេះ លោកតានៅនឹកកូនដែរ តែមិនដឹងរកដំណឹងតាមរយៈណា ទើបលោកតា បានប្រកាសតាមសារព័ត៌មាន និងតាមរយៈអ្នកសិល្បៈថា ក្នុងជីវិតចុងក្រោយនេះ លោកតាពិតជាចង់ជួបមុខកូនមែនទែន ក្រែងលោកតាស្លាប់ទៅ មិនបានឃើញមុខកូនស្រី ព្រោះជំងឺរបស់លោក កាន់តែដុនដាបទៅមុខហើយ មិនដឹងថា បានរស់ដល់ពេលណា ខណៈដែលកូនស្រី ស្ងាត់ដំណឹងសូន្យឈឹង មិនឃើញនឹកនាមករកឪពុកសោះ ។
លោកតាម៉ែន បានបញ្ជាក់ក្នុងន័យផ្ដាំផ្ញើទៅអ្នកស្រីអ៊ុំ សុវណ្ណនី ជាកូនស្រី យ៉ាងដូច្នេះថា “ក្នុងជីវិតចុងក្រោយនេះ ខ្ញុំចង់បានឃើញមុខគាត់ ដើម្បីលើកចុងក្រោយដែលខ្ញុំស្លាប់ទៅ ក៏បានឃើញកូនអ៊ីចឹងទៅ ក៏ត្រេកអរ ប៉ុន្តែមិនទាមទារចង់បានថវិកាអីទេ ចង់ត្រឹមតែធ្វើម៉េចបានជួបមុខគ្នាទៅ ខ្ញុំក៏អស់ចិត្តដែរ ព្រោះខ្ញុំនៅតែស្រឡាញ់កូនដដែល គឺសព្វថ្ងៃហ្នឹង ទោះអង្គុយហូបបាយ ចេះតែស្រមៃឃើញកូននៅនឹងមុខ ប៉ុន្តែមិនដឹងធ្វើម៉េច បើបែកគ្នាអ៊ីចឹង ឬស្ងាត់ដំណឹងកូនអ៊ីចឹង ។ ដូច្នេះជាចុងក្រោយ ខ្ញុំអរណាស់ ដែលលោក (នគរធំ) បានធ្វើសម្ភាសន៍ខ្ញុំ ហើយសង្ឃឹមថា នៅពេលកូនបានឃើញសម្ដីខ្ញុំជាឪពុក កូននឹងមករកឪពុក ឬយូរឆ្នាំពេកទៅ កូនគិតថា ឪពុកប្រហែលស្លាប់ទៅហើយនោះ ឪពុកសុំប្រាប់តាមរយៈ “នគរធំ” ថា ឪពុកមិនទាន់ស្លាប់ទេ គ្រាន់តែមានជំងឺប្រចាំកាយ ហើយបើកូនឃើញ ឲ្យមករកឪពុកខ្លះផង ឲ្យឪពុកបានឃើញផង គឺឪពុកសព្វថ្ងៃរស់នៅក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយកំពុងតែមានជំងឺ បើកូនមកបានជួបទាន់ជីវិតចុងក្រោយរបស់ប៉ា ក៏ប៉ាសប្បាយចិត្តខ្លាំងណាស់ តែយ៉ាងណា ឪពុកក៏សូមជូនពរកូនឲ្យជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន“ ៕ កុលបុត្រ