ភ្នំពេញ៖ស្រីស្រស់តន់ ច័ន្ទសីម៉ា បានបញ្ចេញសារថានាងត្រូវម្ដាយតាមឃ្លាំមើល និងថែទាំ(Care)គ្រប់វិនាទីទាំងអស់តែម្ដងតាមរូបភាពចុងក្រោយនេះ។ការអះអាងរបស់សីម៉ា គឺពិតជាដូចនាងវាចាមែន ព្រោះថាអំឡុងពេលតារាតូចតន់រូបនេះទៅច្រៀងសម្ដែងនៅប្រទេសកូរ៉េខាងត្បូងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌកាលពីចុងខែកញ្ញា នោះម្ដាយនាងក៍បានតាមដល់ទីនោះដែរ ហើយស្រាប់តែពេលនេះនៅក្នុងស្រុកសីម៉ា ក៍ត្រូវម្ដាយលែងហ៊ានបណ្ដោយឲ្យទៅណាតែម្នាក់ឯងទៀតហើយពោលគឺតាមនាងគ្រប់វិនាទីតែម្ដង ទើបអ្នកសិល្បៈរួមអាជីពលាន់មាត់ថាសីម៉ា កាន់តែល្បីខ្លាំងដាក់អង្គរក្សតាមការពារ។យ៉ាងណាបើតាមតារារួមអាជីពអះអាងថាមិនថាតែច័ន្ទសីម៉ា នោះទេគឺតារាស្រីទូទៅបើគ្មានបងប្អូនជួយរៀបចំសម្លៀកបំពាក់ឲ្យទេគឺមានតែម្ដាយនេះហើយជាអ្នកតុបតែងខ្លួនឲ្យកូន ព្រោះនាងនៅក្មេងមិនអាចទៅណាតែម្នាក់ឯងបានឡើយ។

គេកត់សម្គាល់ថាការដែលតន់ ច័ន្ទសីម៉ា ត្រូវម្ដាយចាប់ផ្ដើមរឹតបណ្ដឹងសុវត្ថិភាពនាងលែងឲ្យទៅណាម្នាក់ឯងតទៅទៀតនេះ ក្រោយពីមានមានព័តមានថានាងត្រូវលោកឧកញ៉ាពោះម៉ាយម្នាក់តាមស្នេហាយ៉ាងប្រកិតបំផុតតាំងពីនាងឡើងកូដជាង២ឆ្នាំមកនេះ។ច័ន្ទសីម៉ា ផ្ទាល់ក៍ធ្លាប់បង្ហាញរូបកៀកកើយជាមួយលោកឧកញ៉ានោះដែរ តែជិត១ឆ្នាំមកនេះពួកគេចាប់ផ្ដើមរយាលៗពីគ្នា ស្របពេលដែលសីម៉ា កាន់តែមានរូបសម្រស់គូរឲ្យក្នក់ក្នាញ់ក្រោយនាងបានសារភាពបានកែសម្រស់ទាំងផ្នែក៣ផ្នែកគឺទី១៖ធ្វើច្រមុះ,ទី២៖ចាក់ចង្ការ និងទី៣៖ពត់ធ្មេញ។សីម៉ា ធ្លាប់និយាយប្រាប់ទៅFan នាងថាអត់សង្សារ រកតែ១គ្រាប់ធ្វើថ្នាំមិនបាន តែនាងបានក៍សារភាពថាការថ្លែងរបស់នាងបែបនេះគឺគ្មានអ្នកណាម្នាក់ជឿរជាក់លើនាងឡើយ។យ៉ាងណាតារាសិល្បៈរួមអាជីពខ្លះបាននាំគ្នាខ្សឹបខ្សៀវគ្នាថាប្រសិនបើសីម៉ា ជ្រើសផ្លូវសាងស្នេហ៍ជាមួយលោកឧកញ៉ាមែននោះនាងនឹងក្លាយទៅជា”ជំទាវតូច”នាពេលអនាគតជាមិនខាន។

ក្រៅពីតន់ ច័ន្ទសីម៉ា តារាដែលត្រូវម្ដាយតាមការពារគ្រប់ច្រកល្ហកទាំងអស់នោះមានដូចជានាងអ៊ីវ៉ា,រ៉េត ស៊ូហ្សាណា ,បេប៊ី,នី មុនីនាថ និងគង់ វង្សយ៉ាទី ជាដើម។សម្រាប់នាងសីម៉ា វិញបន្ទាប់ពីម្ដាយចាប់ផ្ដើមតាមការពារគ្រប់ពេលនោះ គេកត់សម្គាល់ថានៅតាមបណ្ដារឆាកតន្រ្ដីធំៗទាំងឡាយក៍មានអង្គរក្សរបស់ផលិតកម្មGalaxy បើករថយន្ដជូននិងអមដំណើរនាងឡើងឆាកផងដែរ ហេតុនេះហើយគេជឿរថាសម្រាប់បុរសចង់ឆក់ស្នេហ៍ស្រីស្អាតវ័យ២៥ឆ្នាំរូបនេះគឺពិបាកនឹងទៅរួចណាស់ ព្រោះសូម្បីតែទូរស័ព្ទរបស់នាងវិញតេយ៉ាងណាក៍ដោយបើលេខមិនស្គាល់គឺនាងមិនទទួលឡើយ។

តន់ ច័ន្ទសីម៉ា បានធ្វើឲ្យគូប្រជែងទីផ្សារចម្រៀងផ្នែកយុវវ័យពិបាកទប់ទល់ជាង២ឆ្នាំនេះ បន្ទាប់ពីនាងបានចាប់ដៃគូជាមួយលោកព្រាប សុវត្ថិ និងខេម នោះទាំងក្រេឌីតនិងតម្លៃខ្លួនវិញឡើងស្ទើមិនគូរឲ្យជឿរ ខណៈដែលGalaxy បានចាត់ទុកនាងជាតួឯកប្រចាំផលិតកម្មនិងកំណត់តម្លៃខ្លួនច្រៀងConcerts ធំ១កម្មវិធីស៊ីថ្លៃដល់ទៅ៥ពាន់ដុល្លារឯណ្ណោះ។ប៉ុន្ដែសីម៉ា ដែលត្រូវបានអ្នកជំនាញសិល្បៈខ្លះថានាងច្រៀងស្ទីលអ្នកនាងខាត់ សុឃីម នោះបាត់បង់ឱកាសឡើងច្រៀងសម្ដែងតាមការប្រគុំតន្រ្ដីនៅប៉ុស្ដិ៍ទូរទស្សន៍ស្ទើតែទាំងស្រុងព្រោះតែអ្នកដឹកនាំConcerts ថ្ងូរគ្មានលទ្ធភាពជួលនាងទៅច្រៀងដោយសារតែថ្លៃជ្រុលពេកនោះ។

មជ្ឈដ្ឋានមហាជនបានលើកឡើងថាតន់ ច័ន្ទសីម៉ា នឹងនៅតែមានប្រៀបជាងអ្នកចម្រៀងគីឡូប្រហាក់ប្រហែលគ្នាតទៅទៀតឲ្យតែនាងមានឱកាសបន្ដចាប់ដៃជាមួយលោកព្រាប សុវត្ថិ និងខេម ។តែរឿងដែលFan របស់ច័ន្ទសីម៉ា កាន់តែចង់តាមដាននាងជាងបទចម្រៀងទៅទៀតនោះគឺថាតើក្រោយស្រីស្រស់តូចច្រឡឹងរូបនេះមានម្ដាយតាមការពារគ្រប់ច្រកល្ហកទាំងអស់បែបនេះហើយលោកឧកញ៉ាពោះម៉ាយដែលព្យាយាមដាក់អន្ទាក់ស្នេហ៍លើនាងនោះនៅតែហ៊ានតាមប្រម៉ាញ់បេះដូងអតីតម្ចាស់ជ័យលាភីលេខ១ស្មូតកំណាព្យប្រចាំខេត្តតាកែវរូបនេះទៀតដែរឬទេ?