ភ្នំពេញ ៖ ជនសង្ស័យជាក្រុមចោរ ប្រើកាំបិតប៉័ងតោ កាប់ប្លន់យ៉ាងសកម្ម ដែលតែងធ្វើសកម្មភាពនៅក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ ពិសេសទឹកដីខណ្ឌដង្កោ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវ បង្ក្រាបបានទាំងសំបុក ដោយចាប់ឃាត់ខ្លួន សរុប១៤នាក់ នាំយកមកចាត់ការតាមច្បាប់។
ប្រតិបត្តិការបង្ក្រាបក្រុមចោរប្រើកាំបិតប៉័ងតោ កាប់ប្លន់នេះ បានធ្វើឡើងកាលពីវេលាម៉ោង៣ រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចក្បែរស្តុបទួលពង្រ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្តែង ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោ) ត្រង់ចំណុចក្បែរស្តុបទួលពង្រ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ រួមមាន ៖ ទី១-ឈ្មោះផាន់ ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ទី២-ឈ្មោះភឿន ទេពផន ហៅផន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី៣-ឈ្មោះចាន់ថា វុទ្ធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ និងទី៤-ឈ្មោះពេជ្រ សាមែន ហៅពេជ្រ សំអេន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ផ្ទះលេខ៣៥ ផ្លូវលំ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ រីឯវត្ថុតាងចាប់យក មាន ១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BP-8395។ ២-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HR-4190។ ៣-កាបូបលុយពណ៌ខ្មៅ ចំនួន១។ ៤-កាំបិតប៉័ងតោ ចំនួន០១។
ប្រភពដដែល បន្តថា ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង៤នាក់ខាងលើ កម្លាំងសមត្ថកិច្ច ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបក្ខពួក បានចំនួន១០នាក់ថែមទៀត រួមមាន ៖ ទី១-ឈ្មោះសោម វឌ្ឍនៈ ហៅណាក់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះលេខ៦៧២ ផ្លូវលេខ០៨ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី២-ឈ្មោះឃ្លោក រ៉ូ ហៅពៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅតារាងបាល់ទាត់កាឡាក់ស៊ី ផ្លូវបេតុងទួលពង្រ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី៣-ឈ្មោះហាក់ ឆៃហេង ហៅហាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅតារាងបាល់ទាត់កាឡាក់ស៊ី ផ្លូវបេតុងទួលពង្រ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី៤-ឈ្មោះផាត ដាវីត ហៅវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី៥-ឈ្មោះឈួរ សឿម៉េង ហៅសឺ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែន ជ័យ។ ទី៦-ឈ្មោះរឿន វឌ្ឍពណ្ណរាយ ហៅរាជ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ។ ទី៧-ឈ្មោះមុំ សុវណ្ណារិទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។ ទី៨-ឈ្មោះពេជ្រ សំណាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកណាហ្គាវើលដ៍ រស់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី៩-ឈ្មោះឌី ធារិទ្ធ ហៅរិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី១០-ឈ្មោះផល ផាត់យុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។
ចំណែកវត្ថុតាងដកហូត រួមមាន ១-ទូរស័ព្ទដៃ ម៉ាក iPhone 6 Plus ពណ៌ទឹកមាស ចំនួន១គ្រឿង។ ២-ទូរស័ព្ទដៃ ម៉ាក iPhone 7 Plus ពណ៌ទឹកមាស ចំនួន១គ្រឿង។ ៣-ទូរស័ព្ទដៃ ម៉ាក iPhone 7 Plus ពណ៌ខ្មៅ ចំនួន១គ្រឿង។ ៤-ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JM-3508។ ៥-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JL-2484។ ៦-កាំបិតកែច្នៃ ប្រវែង១៧សង់ទីម៉ែត្រ ចំនួន១ដើម។ ៧-ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JJ-3442 (ម៉ូតូរបស់ជនរងគ្រោះ ប្លន់នៅ ក្បែរប៉ុស្តិ៍រលួស)។
នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យទាំង១៤នាក់ បានឆ្លើយសារភាពប្រាប់ថា ពួកគេ ធ្លាប់បានធ្វើសកម្មភាពប្លន់នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ ចំនួន៣ដងរួចមកហើយ ដោយក្នុងនោះ លើកទី១-ប្លន់ម៉ូតូ នៅចំណុចស្តុបទួលពង្រ ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីវេលាម៉ោង ៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ (មិនបានសម្រេច)។ លើកទី២- ធាក់យកម៉ូតូ ត្រង់ចំណុចមុខតូបលក់ទឹកត្នោតជូរ ផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីវេលាម៉ោង ១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ (បានសម្រេច) និងលើកទី៣-ធាក់ប្លន់ម៉ូតូ នៅផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ (បានសម្រេច) ។ ក្រៅពីនេះ ពួកគេប្រើកាំបិតប៉័ងតោកាប់ ចំនួន២ករណី ទី១-ប្រើកាំបិតប៉័ងតោកាប់ ត្រង់ចំណុចបុរីពិភពថ្មី២ ផ្ទះលេខ១២៣ ផ្លូវលេខ៩ ភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ កាលពីវេលាម៉ោង ៧និង២២នាទីយប់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ និងទី២-ប្រើកាំបិតប៉័ងតោកាប់ ត្រង់ចំណុចមុខវត្តសំបួរ ផ្លូវ២១៧ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
ក្រោយពីទទួលបានចម្លើយសារភាពពីជនសង្ស័យទាំង១៤នាក់ខាងលើ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកលឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញ បានរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទាំង១៤នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕