Sunday, September 22, 2024
Homeព័ត៌មានជាតិសុំលុយអត់ឱ្យ លួចទូរស័ព្ទលក់ចាយហ្មត់

សុំលុយអត់ឱ្យ លួចទូរស័ព្ទលក់ចាយហ្មត់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានសុំលុយពីម្តាយមីងរបស់ខ្លួន ចំនួន១ម៉ឺនរៀល យកទៅចាយ ប៉ុន្តែម្តាយមីងមិនឱ្យ ស្រាប់តែបែកគំនិតលួចទូរស័ព្ទម្តាយមីង ១គ្រឿង យកទៅលក់ចាយអស់ លុះម្តាយមីងទ្រាំមិនបាន ដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យជាក្មួយប្រុស នាំយកទៅចាត់ការតាមច្បាប់។

ករណីក្មួយប្រុសលួចទូរស័ព្ទម្តាយមីងនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ លុះមកដល់វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន តាមបណ្តឹងរបស់ស្ត្រីរងគ្រោះជាម្តាយមីង។

ជនសង្ស័យដែលលួចទូរស័ព្ទម្តាយមីង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះតុង សានឡី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីស្ត្រីរងគ្រោះជាម្តាយមីងរបស់ជនសង្ស័យ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យជាក្មួយប្រុស បានមកសុំលុយពីគាត់ចំនួន ១ម៉ឺនរៀល យកទៅចាយវាយ តែគាត់មិនឱ្យ។ លុះយប់ឡើង ខណៈគាត់កំពុងដេកលក់ស្រាប់តែជនសង្ស័យបានលួចយកទូរស័ព្ទរបស់គាត់ ១គ្រឿង ម៉ាក iPhone 7plus យកទៅលក់បាត់។

ស្ត្រីរងគ្រោះ បន្តថា លុះព្រឹកឡើង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ពេលគាត់ភ្ញាក់ពីដេក ស្រាប់តែបាត់ទូរស័ព្ទ ទើបគាត់បានចេញទៅរកមើលជនសង្ស័យជាក្មួយប្រុស តែរកមិនឃើញ ទើបដឹងថា ទូរស័ព្ទគាត់ត្រូវក្មួយប្រុសលួចយកទៅ ក៏សម្រេចប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ តែម្តង។

បន្ទាប់មក នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃដដែល ជនសង្ស័យជាក្មួយប្រុស លេចមុខត្រឡប់ចូលផ្ទះវិញ ទើបស្ត្រីជាម្តាយមីង រាយការណ៍ប្រាប់សមត្ថកិច្ច ចុះឃាត់ខ្លួនយកទៅសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទរបស់ម្តាយមីង ប្រាកដមែន មូលហេតុខឹងសុំលុយ ១ម៉ឺនរៀល ម្តាយមីងមិនឱ្យ ទើបយប់ឡើង ខ្លួនក៏លួចទូរស័ព្ទម្តាយមីង យកទៅលក់ យកលុយចាយតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES