ភ្នំពេញ ៖ កម្មកររោងចក្រគ្លូប៊ល GAT (កាត់ដេរសម្លៀកបំពាក់) ប្រហែល១០០នាក់ បានធ្វើកូដកម្មបិទកំណាត់ផ្លូវលេខ៣៧១ ទាំងស្រុង ដើម្បីទាមទារលក្ខណខណ្ឌការងារ ២ចំណុច បង្កឱ្យមានការកកស្ទះចរាចរណ៍ កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានឱ្យដឹងថា កម្មករប្រហែល ១០០នាក់ ដែលតវ៉ាបិទផ្លូវនេះ គឺជាកម្មករធ្វើការនៅរោងចក្រគ្លូប៊ល GAT (កាត់ដេរសម្លៀកបំពាក់) ដែលមានកម្មករ-កម្មការិនី សរុប ប្រហែល៣០០នាក់ ហើយការបិទផ្លូវនេះ គឺដើម្បីទាមទារលក្ខខណ្ឌការងារ ២ចំណុច គឺ ទី១-ស្នើសុំឱ្យរោងចក្របើកប្រាក់ខែជូនពួកគាត់ និងទី២-ស្នើសុំឲ្យរោងចក្រ បើកប្រាក់បំណាច់ឆ្នាំជូនពួកគាត់។

ភ្លាមៗខណៈទទួលបានដំណឹងនៃការបិទផ្លូវនេះភ្លាមៗ អាជ្ញាធរខណ្ឌដង្កោ ដឹកនាំដោយលោកជរ គឹមស៊រ អភិបាលរងខណ្ឌដង្កោ បានចុះធ្វើការសម្របសម្រួលជាមួយបងប្អូនកម្មករ កម្មការិនី និងសូមឱ្យបងប្អូនបើកផ្លូវឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ឡើងវិញ ហើយចូលទៅនិយាយ ដោះស្រាយគ្នានៅខាងក្នុងរោងចក្រ ទើបពួកគាត់យល់ព្រមបើកផ្លូវ៣៧១ ឱ្យធ្វើដំណើរបានជាធម្មតាវិញនៅម៉ោង ១១និង១៥នាទីព្រឹកថ្ងៃដដែល។

ក្រុមការងារដោះស្រាយ ដឹកនាំដោយលោកខៀវ សាវុធ អនុរដ្ឋលេខាធិការក្រសួងការងារ បានសន្យារយៈពេល ១០ថ្ងៃទៀត គឺថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នឹងយកកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល មកបើកជូនបងប្អូនកម្មករ-កម្មការិនី ឱ្យគ្រប់ចំនួន៕