Sunday, September 22, 2024
Homeព័ត៌មានជាតិវ៉ៃគេបែកក្បាល គេតាមសងសឹក បាក់ជើង

វ៉ៃគេបែកក្បាល គេតាមសងសឹក បាក់ជើង

ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ក្រោយពីផឹកស៊ីស្រវឹង បានកើតមានជម្លោះជាមួយភាគីម្ខាងទៀត រហូតផ្ទុះជាហិង្សា វាយគេបែកក្បាល តាំងពីយប់ រួចក៏គេចខ្លួនមកកន្លែងស្នាក់នៅក្នុងការដ្ឋានសំណង់វិញ លុះព្រឹកឡើង ត្រូវភាគីទំនាស់តាមរកមុខឃើញ ដេញវាយសងសឹក វិញ ធ្វើឱ្យភ័យស្លន់ស្លោ រត់ផ្លោះរបង លោតចូលក្នុងយានដ្ឋានជួសជុលរថយន្ត ១កន្លែង បំណងគេចខ្លួន តែសំណាងមិនល្អ រអិលជើងធ្លាក់ បណ្តាលឱ្យបាក់ជើង រងរបួសធ្ងន់។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ទីតាំងស្ថិតនៅទីតាំងយានដ្ឋានជួសជុលរថយន្តមួយកន្លែង ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ មានឈ្មោះអ៊ិន សិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិម៉ឺនសាយ ភូមិអង្គតាសូរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា យុវជនខាងលើ គឺជាកម្មករសំណង់ ធ្វើការនៅក្បែរទីតាំងយានដ្ឋានជួសជុលរថយន្តខាងលើ ហើយមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ យុវជនរូបនេះ មានកម្មវិធីជួបជុំមិត្តភក្តិ រួចបង្កជាហិង្សា បណ្តាលឱ្យភាគីម្ខាងទៀតរងរបួសបែកក្បាល រួចហើយក៏ចេញទៅបាត់ទៅ។ រហូតមកដល់ព្រឹកថ្ងៃកើតហេតុ ភាគីម្ខាងដែលរបួសបែកក្បាលនោះ បានហៅបក្ខពួកមកតាមសងសឹក ដេញវាយវិញ បណ្តាលឱ្យយុវជនខាងលើ ភ័យក៏រត់ផ្លោះរបង លោតចុះក្នុងបរិវេណយានដ្ឋានជួសជុលរថយន្ត បណ្តាលឱ្យរអិលជើងធ្លាក់ រងរបួសបាក់ជើងតែម្តង។

ក្រោយកើតហេតុ ម្ចាស់ទីតាំងខាងលើ បានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ចុះមកដល់ទីតាំង រួចទាក់ទងទៅកម្លាំងសង្គ្រោះរបស់អង្គភាព៧១១ ចុះជួយសង្គ្រោះបឋម និងដឹកបញ្ជូនទៅសង្គ្រោះបន្តនៅឯមន្ទីពេទ្យ៕

RELATED ARTICLES