ខេត្តស្វាយរៀង ៖ បុរសជាកម្មករសំណង់ម្នាក់ បានឡើងទៅផ្សារដែក នៅខ្លោងទ្វារមួយកន្លែង ស្រាប់តែចៃដន្យអាក្រក់ ត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលភ្លាមៗនោះ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះដែរ តែអកុសលយឺតពេលទៅហើយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង២៥នាទីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចខ្លោងទ្វារវត្តលក្ខរាជា ស្ថិតក្នុងឃុំកំពង់ចក ស្រុករំដួល។
បុរសរងគ្រោះ ដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះវ៉ែន ផាន់ណា អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិឆ្អឹងពស់ ឃុំកំពង់ចក ស្រុករំដួល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ និងមិត្តភក្កិ ដែលជាកម្មករសំណង់ បានមកធ្វើការដូចសព្វដង។ លុះមកដល់វេលាម៉ោងកើតហេតុ ជនរងគ្រោះឈ្មោះវ៉ែន ផាន់ណា បានឡើងលើខ្លោងទ្វារវត្ត ដើម្បីផ្សារដែក។ ក្រោយមក ប្រមាណកន្លះម៉ោង ស្រាប់តែចៃដន្យអាក្រក់ ជនរងគ្រោះត្រូវខ្សែភ្លើងឆក់ បង្កការភ្ញាក់ផ្អើលដល់អ្នករួមការងារប្រញាប់ប្រញាល់ជួយសង្គ្រោះបឋម និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ទាក់ទងហៅរថយន្តសាមុយ ដឹកមកកាន់មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ដើម្បីសង្គ្រោះភ្លាមៗដែរ ប៉ុន្តែអកុសល ហួសពេលទៅហើយ។
ក្រោយកើតហេតុ លោកអភិបាលស្រុក ដែលទើបឡើងកាន់តំណែងថ្មី និងលោកអភិបាលរងស្រុក ចុះមកផ្ទាល់ ជួយអន្តរាគមន៍ និងលើកជនរងគ្រោះដាក់ក្នុងរថយន្តសាមុយផងដែរ។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕