ខេត្តសៀមរាប ៖ ជនសង្ស័យម្នាក់ ទើបនឹងចេញពីពន្ធនាគារថ្មីៗ ក៏បែកគំនិតបបួលស្រីស្នេហ៍របស់ខ្លួន ដើរលួចម៉ូតូ និងទូរស័ព្ទរបស់ប្រជាពលរដ្ឋ យកទៅលក់ ទិញថ្នាំញៀនជក់ ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបាន ដោយចាប់ឃាត់ខ្លួនគូស្នេហ៍ខាងលើ នាំយកទៅចាត់ការ តាមច្បាប់។
ប្រតិបត្តិការបង្ក្រាបជនសង្ស័យពាក់ព័ន្ធករណីអំពើលួច (លួចម៉ូតូ និងទូរស័ព្ទ) នេះ ធ្វើឡើង ដោយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន និងបានបើកប្រតិបត្តិការ កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនសង្ស័យជាគូស្នេហ៍ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះហង្ស សុខ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប និងលំនៅបច្ចុប្បន្ន នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប (មុខសញ្ញាទើបចេញពីពន្ធនាគារ ពាក់ព័ន្ធករណីគ្រឿងញៀន) និងទី២-ឈ្មោះចាន់ ដារ៉ា ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនិងលំនៅបច្ចុប្បន្ន នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក ជនសង្ស័យឈ្មោះហង្ស សុខ ធ្លាប់បានជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន និងទើបតែរួចផុតទោសទណ្ឌ ចេញពីពន្ធនាគារវិញកាលពីពេលថ្មីៗនេះ ។ លុះចេញមកវិញ អត់មានការងារធ្វើ ក៏បែកគំនិតបបួលស្រីស្នេហ៍របស់ខ្លួន ឈ្មោះចាន់ ដារ៉ា ធ្វើចោរ ដើរលួចតែម្តង។
ប្រភពដដែល បន្តថា មុនពេលចាប់ឃាត់ខ្លួន ជនសង្ស័យទាំង២នាក់នេះ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង ម៉ាក ZOOMER-X ពណ៌ក្រហម្បខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AF-3220 លេខតួ-លេខម៉ាស៊ីន ៥០៣១០៤៤ របស់ជនរងគ្រោះឈ្មោះ ណ.ស.ឡ ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិកើតហេតុ ក្នុងពេលជនសង្ស័យធ្វើសកម្មភាព ក៏ត្រូវជនរងគ្រោះភ្ញាក់ឃើញទាន់ ហើយបានស្រែកឆោឡោ ដោយឃាត់បានជនសង្ស័យឈ្មោះចាន់ ដារ៉ា ភេទស្រី ហើយរាយការណ៍មកសមត្ថកិច្ច។ រីឯជនសង្ស័យឈ្មោះ ហង្ស សុខ បានរត់គេចខ្លួន ក៏ត្រូវសមត្ថកិច្ចស្វែងរកឃើញ ហើយនាំខ្លួនយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនបានធ្វើសកម្មភាពលួចម៉ូតូនិងទូរស័ព្ទប្រាកដមែន ហើយពួកខ្លួនបានខ្ចីម៉ូតូ ១គ្រឿង ពីមនុស្សស្រីម្នាក់ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយម៉ូតូដែលខ្ចីបាននេះគឺពួកខ្លួន ឱ្យបក្ខពួកយកទៅបញ្ចាំ ដោយពួកខ្លួនមិនស្គាល់ទីតាំងនោះទេ។
ក្នុងនោះសមត្ថកិច្ចធ្វើការដកហូតបានម៉ូតូខាងលើ ចំនួន១គ្រឿង ខណៈជនសង្ស័យទាំង២បានធ្វើតេស្តស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន ជាតម្រុយមេតំហ្វេតាមីន ពេលនេះ ជនសង្ស័យទាំងពីរនាក់ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី៕