Monday, September 23, 2024
Homeព័ត៌មានជាតិកាន់ប៉័ងតោ ដេញកាប់មនុស្ស របួស៣នាក់

កាន់ប៉័ងតោ ដេញកាប់មនុស្ស របួស៣នាក់

ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ សង្ស័យប្រើប្រាស់ថ្នាំញៀនហួសកម្រិត បានទាញកាំបិតប៉័ងតោ ចំនួន២ដើម កាន់ជាប់ដៃទាំងសងខាង រួចធ្វើសកម្មភាពដេញកាប់មនុស្សតាមផ្លូវ បណ្តាលឱ្យ របួស៣នាក់ ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់។

លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា ជនសង្ស័យដែលកាន់កាំបិត ២ដើម ដេញកាប់មនុស្ស បណ្តាលឱ្យរងរបួស៣នាក់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះចាន់ ថន ភេទប្រុស មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះទាំង ៣នាក់ រួមមាន ៖ ទី១-ឈ្មោះស៊ី ស្រីពេជ្រ ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ (រងរបួស ១កាំបិត ចំកំភួនដៃខាងស្តាំ ដេរ ៣ថ្នេរ)។ ទី២-ឈ្មោះហេង សុភ័ក្រ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ (រងរបួសចំនួន ៣កាំបិត ចំកំភួនដៃខាងស្តាំ ស្មាខាងឆ្វេង និងខ្នង) និងទី៣-ឈ្មោះណុប វ៉ាង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ (រងរបួស ១កាំបិត ចំភ្លៅខាងស្តាំ ដេរ១០ថ្នេរ)។

លោក អធិការនគរបាលស្រុកព្រៃនប់ បានបន្តថា ករណីហិង្សាដោយចេតនា សង្ស័យប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ខាងលើនេះ បង្កឡើងដោយជនសង្ស័យឈ្មោះចាន់ ថន បានធ្វើសកម្មភាពប្រើកាំបិតប៉័ងតោ ចំនួន២ដើម ដេញកាប់ទៅលើប្រជាពលរដ្ឋ ពេលកំពុងធ្វើដំណើរតាមដងផ្លូវជាតិ បណ្តាលឱ្យរងរបួសចំនួន២នាក់។ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីករណីខាងលើនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរាម និងប្រជាការពារ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង និងប្រជាការពារ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាបជនសង្ស័យខាងលើ បានភ្លាមៗនៅកន្លែងកើតហេតុ។

ក្នុងការចុះបង្ក្រាបនោះ ជនសង្ស័យបានគ្រវាសកាំបិត បណ្តាលឱ្យត្រូវប្រជាការពារឃុំបិតត្រាំងម្នាក់ ឈ្មោះណុប វ៉ាង ១កាំបិត ចំភ្លៅខាងស្តាំ ដេរ១០ថ្នេរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានដកហូតវត្តុតាង រួមមានកាំបិតប៉័ងតោដងឈើ ចំនួន២ដើម និងឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតីវិធី៕

RELATED ARTICLES