ភ្នំពេញ៖តារាចម្រៀងសាន់ដេលោកសុខ មេសា ហៅនាយចឺម បានអះអាងថានៅសល់តែ២ឆ្នាំទៀតប៉ុណ្ណោះ ពោលគឺនៅឆ្នាំ២០២៤ ខាងមុខនេះរូបនាយនឹងដល់ពេលចូលរោងការមែនទែនហើយ។ការថ្លែងរបស់នាយចឺម បែបនេះក្រោយពីតារាសាន់ដេត្រូវបានគេមើលឃើញថាត្រឹមតែ៥ឆ្នាំចុងក្រោយនេះប៉ុណ្ណោះនាយបែកបាក់សង្សារជាស្រីស្អាតដល់ទៅ៤ដួងផ្សេងគ្នា ទើបធ្វើឲ្យលោកមេសា យល់ថាដើម្បីរក្សារស្នេហាឲ្យបានយូអង្វែងគឺមានតែការដឹកដៃកំពូលស្នេហ៍ចូលរោងការទើបលែងមានគេឆក់ទៅបាត់ទៀត។

នាយចឺម បានប្រាប់”នគរធំ”កាលពីថ្ងៃទី១៣តុលា ថាឆ្នាំនេះនាយមានអាយុ២៧ឆ្នាំហើយអីចឹងនៅអាយុ២៩ឆ្នាំនាយនឹងរៀបអាពាហ៍ពិពាហ៍ ។ប៉ុន្ដែលោកមេសា ថាអនាគតភរិយារបស់នាយមិនមែនជាតារាសិល្បៈដូចគ្នានោះទេ តែគឺជាអ្នកនៅក្រៅរង្វង់សិល្បៈតែម្ដង។

នាយចឺម ថ្លែងថា”ខ្ញុំនឹងរៀបការជាមួយមនុស្សស្រីម្នាក់មិនមែនជាតារានោះទេ គាត់នៅក្រៅសិល្បៈ តែខ្ញុំមិនទាន់រកឃើញថាជាអ្នកណាទេ។ខ្ញុំគិតថាបើយកអ្នកសិល្បៈដូចគ្នាពិបាកណាស់ មិនអាចរក្សារបានថិតថេនោះទេ”។

លោកសុខ មេសា មិនប្រាប់ពីមូលហេតុដែលនាយគិតថាយកប្រពន្ធជាតារាមិនអាចរក្សារបានភាពយូអង្វែងនោះឡើយ។ប៉ុន្ដែលោកមេសា បានដកបទពិសោធន៍ផ្ទាល់ខ្លួនព្រោះថាត្រឹមតែ៥ឆ្នាំសោះនាយ បានបែកបាក់សង្សារជាតារាស្រីស្អាតដល់ទៅ៤ដួងឯណ្ណោះ ក្នុងនោះមានដូចជានាងអៀ ម៉េងលិ ហៅអូនម៉ី,ពុធ ស្រីខួច,ហ្វា ហ្វា ហៅស្រីយី និងចុងក្រោយអ្នកមេម៉ាយសេង សុខឃីម ។តែអ្វីដែលគូឲ្យភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះនាយចឺម បែជាងាកទៅបង្ហាញភាពស្និតស្នាលជាមួយអតីតសង្សាររបស់ខ្លួនដល់ទៅ២នាក់ក្នុងនោះគឺសង្សារទី១អូនម៉ី ដោយនាយបានចាប់ឆ្បិចថ្ពាល់និងកាន់ដៃនាងហើយច្រៀងបទ”ជំងឺនឹកគេ”និងច្រៀងឆ្លងឆ្លើយគ្នាបទ”បង្ខំចិត្តបែក”។នៅថ្ងៃដដែលនោះនាយចឺម ក៍បានជួបសង្សារចាស់ទី៣របស់នាយគឺនាងហ្វា ហ្វា ផងដែរហើយថែមទាំងហៅអតីតសង្សារទី១និងទី៣មកថតរូបអមខ្លួនទាំងសងទៀតផងទើបធ្វើឲ្យប្រុសៗមិនតិចនាក់ទេ ដែលច្រណែនលោកមេសា នឹងចង់រៀនពីរូបមន្ដញ៉ែស្រីស្អាតឲ្យបានសម្រេចដូចនាយ។ដោយឡែកFan របស់នាយចឺម វិញសង្ស័យថាក្រោយលោកមេសា ចែកផ្លូវជាមួយអ្នកមេម៉ាយសុខឃីម មកនាយហាក់ពិបាករកសង្សារជាស្រីស្អាតបានដូចសង្សារចាស់ៗរបស់នាយទៀតណាស់ ទើបពេលនេះតារាសាន់ដេចង់វិលមកការផ្សះផ្សារស្នេហ៍ជាមួយអតីតសង្សារគឺអូនម៉ី និងស្រីយី ក្នុងពេលតែមួយបែបនេះ។

នាយចឺម បានប្រាប់រឿងនេះថានាយ បានជួបអូនម៉ី និងហ្វា ហ្វា ដោយចៃដន្យប៉ុណ្ណោះ ហេតុនេះហើយក៍នៅតែរាប់អានគ្នាធម្មតា និយាយរកគ្នាដូចមុន។ប៉ុន្ដែនាយសង្កត់ថាគ្មានបំណងវិលទៅរកការផ្សះផ្សារស្នេហ៍ឬត្រូវរ៉ូវគ្នាវិញជាមួយសង្សារចាស់ទាំងពីរនោះទេ ព្រោះនាយបានតាំងចិត្តរួចហើយថាដាច់ខាតគូស្នេហ៍ថ្មីរបស់នាយដែលអាចនឹងចាប់ដៃគ្នាចូលរោងការនៅ២ឆ្នាំខាងមុខទៀតនេះគឺជាអ្នកនៅក្រៅសិល្បៈ មិនមែនជាតារាដូចគ្នាទៀតទេ។នាយចឺម សង្កត់ថាបើយកតារាដូចគ្នាទៀតពិបាកណាស់ ថែរក្សារមិនគង់ទេ…។

តាមរយៈការអះអាងរបស់នាយចឺម ខាងលើនេះហាក់បញ្ជាក់ថាតាមពិតនាយមិនមែនជាព្រាននារី ដូចអ្នកលេងបណ្ដាញសង្គម ហៅនោះទេ គឺនាយចង់បានស្នេហ៍ស្មោះនឹងកាន់ដៃគ្នាជារៀងរហូត។ប៉ុន្ដែអ្នកខ្លះបែជាយល់ថានាយចឺម ហាក់បាក់ទឹកចិត្តព្រោះថ្លោះធ្លោយភ្លាត់ស្នៀតរបូតសង្សារស្រីស្អាតសាច់សខ្ចីដល់ទៅ៤ដួង ហេតុនេះហើយពេលនេះនាយចង់រកសង្សារទី៥ដើម្បីដឹកដៃគ្នាចូលរោងការ ព្រោះមិនចង់ឈឺចាប់ដដែលទៀត។គេចាំមើលថាតើនាយចឺម ពិតជាការប្រពន្ធនៅឆ្នាំ២០២៤ ដូចនាយតាំងចិត្តមែនឬយ៉ាងណា?