ភ្នំពេញ៖អ្នកមេម៉ាយគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា រកបានដៃគូថ្មីក្រោយចែកផ្លូវគូដណ្ដឹងនោះគឺតារាលេងម៉ូដសាក់កូនមន្រ្ដីធំផ្កាយ២លោកថុល សុភិទិ ដែលពួកគេបានចេញច្រៀងតាមក្លឹបកម្សាន្ដនានា ជាបន្ដបន្ទាប់ហើយសូលីកា ហៅភិទិ ថាជាកំលោះ”ពេញនិយម”។ការដែលសូលីកា ចាប់ដៃលោកភិទិ នៅពេលនេះធ្វើឲ្យនាងរយាលៗពីដៃគូចាស់លោកនីកូ ខណៈដែលអ្នកតាមដានសកម្មភាពសិល្បៈរបស់សូលីកា និងភិទិ នៅតែចាត់ទុកថាមើលទៅពួកគេហាក់ស្និតស្នាលគ្នាដូចជាគូសង្សារដដែល ព្រោះពេលសមភ្លេងជូនកាលច្រៀងមីក្រូហ្វូនតែមួយដើមរួមគ្នាទៀតផង ដែលមើលទៅពួកគេយល់ចិត្តគ្នាល្អណាស់។

ថ្វីត្បិតតែពេជ្រ សូលីកា មានដៃគូទី២មែន ប៉ុន្ដែតាមព័តមានថាការថតសម្ដែងភាពយន្ដរបស់នាងនៅតែហង្សមាសតម្រូវឲ្យចាប់ដៃគូចាស់ជាមួយនីកូ បន្ដទៀត តែទាក់ទងបទចម្រៀងវិញ ចាប់ពីពេលនេះតទៅសូលីកា នឹងមានសកម្មភាពច្រើនជាមួយភិទិ ជាងនីកូ ជាមិនខាន។ការដែលសូលីកា ងាកទៅចាប់ដៃគូទី២នេះគេជឿរថាអាជីពចម្រៀងរបស់នាងអាចត្រូវបានគេចាប់អារម្មណ៍ថែមទៀតព្រោះសកម្មភាពសិល្បៈនឹងប្រែប្រួល ព្រោះបើនាងធ្វើជាដៃគូនីកូ គ្រប់ពេលនោះច្បាស់ជាគេសាំមិនខាន។

គូរបញ្ជាក់ថាពេជ្រ សូលីកា ក្រោយចែកផ្លូវជាមួយអតីតគូដណ្ដឹងលោកគឹម ហាន ដែលជាអណិកជនខ្មែរមកពីអូស្រា្ដលីដោយបន្សល់ចំណងដៃកូនប្រុស១ជាង២ឆ្នាំនោះអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពី សំណាក់មន្រ្ដីធំៗមួយចំនួន តែស្រីពេជ្រ បែជាស្និតស្នេហ៍តែជាមួយលោកភិទិ ជាងគេទៅវិញទើបធ្វើឲ្យគេសង្ស័យកាន់តែច្រើនថាអ្នកមេម៉ាយរូបស្រស់ចង់សាងស្នេហ៍ជាមួយតារាដូចគ្នាវិញម្ដង។ប៉ុន្ដែសូលីកា ធ្លាប់វាចាថានាងគ្រាន់តែជាFan របស់ភិទិ ប៉ុណ្ណោះ តែដោយសារនាងមានការលេងសើចជាមួយកំលោះពេញនិយមនេះច្រើនពេកទើបគេច្រឡំ។

ពេជ្រ សូលីកា បានក្លាយទៅជាតារាមេម៉ាយទី៣នៅហង្សមាសបន្ទាប់ពីពេជ្រ សោភា និងសុខ ស្រីនាង តែស្រីពេជ្រ ជួបវិបត្តិដួងចិត្តធំជាងគេព្រោះម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង ជាប់គុកដល់ទៅ១២ឆ្នាំ ហើយនាងបែកបាក់គូណ្ដឹងក្នុងពេលតែមួយទើបធ្វើឲ្យនាងបរាជ័យគម្រោងរៀបការនៅឆ្នាំ២០២៣ ។យ៉ាងណាសូលីកា នៅតែតាំងចិត្តបន្ដអាជីពចម្រៀងទៅមុខទៀតព្រោះនាងថាចាប់ពីពេលនេះទៅត្រូវរកលុយចិញ្ចឹមកូនផងប្អូនស្រីផង៕
