Monday, September 23, 2024
Homeព័ត៌មានជាតិល្បិច២នាក់ប្តីប្រពន្ធ ប្តីឆាតសុំស្រលាញ់ស្រី ប្រពន្ធប្រើល្បិចបោកលុយ

ល្បិច២នាក់ប្តីប្រពន្ធ ប្តីឆាតសុំស្រលាញ់ស្រី ប្រពន្ធប្រើល្បិចបោកលុយ

ភ្នំពេញ ៖ បុរសស្បែកខ្មៅ ជនជាតិនីហ្សេរីយ៉ា ម្នាក់ រួមនិងស្ត្រីជាប្រពន្ធ ជនជាតិខ្មែរ ត្រូវបានសមត្ថកិច្ចជំនាញ បទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីឆបោកតាមបណ្តាញសង្គម ដោយរៀបល្បិចឆបោកស្ត្រីម្នាក់ តាមរូបភាពឆាតសុំស្រលាញ់ រួចផ្ញើអីវ៉ាន់មានតម្លៃពីក្រៅប្រទេស មកឱ្យ បន្ទាប់មកបន្លំជាបុគ្គលិកដឹកជញ្ជូន ទារប្រាក់សេវាបង់ពន្ធរាប់ពាន់ រាប់ម៉ឺនដុល្លារ។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បុរសជាប្តី មានអាយុ៤៨ឆ្នាំ ជាជនជាតិនីហ្សេរីយ៉ា។ ចំណែកស្ត្រីប្រពន្ធ មានអាយុ៣៧ឆ្នាំ ជាជនជាតិខ្មែរ។ ដោយឡែក ស្ត្រីរងគ្រោះ សុំមិនបញ្ចេញឈ្មោះ។

តាមប្រភពពីសមត្ថកិច្ចប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ថា កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ប្តីប្រពន្ធ (ប្តីជាជនជាតិនីហ្សេរីយ៉ា អាយុ៤៨ឆ្នាំ និងប្រពន្ធជនជាតិខ្មែរ អាយុ៣៧ឆ្នាំ) ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ តាមបណ្តាញសង្គម។

ប្រភពដដែល បន្តថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើ សមត្ថកិច្ចជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ សុំមិនបញ្ជេញឈ្មោះ ដោយរៀបរាប់ថា កាលពីអំឡុងខែតុលា ឆ្នាំ២០២២ មានគណនី WhatsApp មួយបានឆាតមកសុំខ្លួន (ជនរងគ្រោះ) រាប់អាន ហើយក៏ឆាតមកសួរសុខទុក្ខ និងលួងលោមសុំស្រលាញ់ខ្លួន។ បន្ទាប់មកគណនីរបស់ជនសង្ស័យដដែល បានឆាតមកប្រាប់ថា រូបគេចង់ផ្ញើសម្ភារៈ និងប្រាក់មួយចំនួន រួមទាំងអីវ៉ាន់មានតម្លៃ ពីក្រៅប្រទេស មកឱ្យនាង។ ក្រោយមកទៀត ស្ត្រីជាប្រពន្ធជនសង្ស័យ ក្លែងបន្លំខ្លួនជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន ហើយបានទំនាក់ទំនងតាមទូរស័ព្ទមករូបនាងជាជនរងគ្រោះ ដើម្បីទាមទារកម្រៃ ឬថ្លៃសេវាបង់ពន្ធផ្សេងៗ ទើបនាងអាចទៅទទួលកញ្ចបអីវ៉ាន់នោះបាន ។

បន្ទាប់ពីបញ្ចប់ការសាកសួរ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

តាមរយៈករណីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទទួលប្រាក់ ឬសម្ភារៈដែលគ្មានប្រភពច្បាស់លាស់ ដែលអាចធ្វើឱ្យធ្លាក់ចូលអន្ទាក់ក្នុងការឆបោក ឬចូលរួមប្រព្រឹត្តបទល្មើសដោយមិនដឹងខ្លួន៕

RELATED ARTICLES