ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ រកស៊ីបើកហាងម៉ាស្សា ប៉ុន្តែលួចលាក់បង្កប់សេវាផ្លូវភេទ ដោយមាននារីក្មេងៗចំនួន៣នាក់ ចាំទទួលភ្ញៀវ រួមភេទម្តង តម្លៃចាប់ពី២០ ទៅ២៥ដុល្លារ ហើយលុយដែលបានពីសេវារួមភេទ ត្រូវបែងចែកគ្នាស្មើ លុះរឿងរ៉ាវបែកធ្លាយ ត្រូវសមត្ថកិច្ចជំនាញ ចុះបង្ក្រាប ដោយចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធ ជាថៅកែហាងម៉ាស្សា រួមនិងនារីបម្រើសេវាផ្លូវភេទ ចំនួន៣នាក់ នាំយកទៅសាកសួរ។
ប្រតិបត្តិការបង្ក្រាបហាងម៉ាស្សាបង្កប់សេវាផ្លូវភេទនេះ បានធ្វើឡើង កាលពវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចហាងម៉ាស្សា «ស្រីល័ក្ខ កំពង់ចាម» មានទីតាំងស្ថិតនៅផ្ទះលេខ A1 ផ្លូវបេតុងលេខ៥០១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ជនសង្ស័យជាថៅកែហាងម៉ាស្សាទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បុរសជាប្តី ឈ្មោះប៉ែន សុភ័ណ្ឌ អាយុ៤១ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះដន់ ស្រីល័ក្ខ អាយុ៤៣ឆ្នាំ។ ប្តីប្រពន្ធទាំងពីរ ស្នាក់នៅហាងម៉ាស្សាខាងលើ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយលោកវង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោកវរសេនីយ៍ទោ ផាត់ ផល្លា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបជាក់ស្តែង ករណីប្រព្រឹត្តអំពើសញ្ចារកម្មមានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់បម្រើសេវាផ្លូវភេទ ដោយបានឃាត់ខ្លួនម្ចាស់ទីតាំងប្រុសស្រី២នាក់ (ប្តីប្រពន្ធ) និងនារីរងគ្រោះចំនួន៣នាក់ (អនីតិជនម្នាក់) រួមនិងវត្ថុតាង ស្រោមអនាម័យប្រើប្រាស់រួច មួយចំនួន និងមិនទាន់ប្រើប្រាស់មួយចំនួន។

ប្រភពដដែល បន្តថា ទីតាំងហាងម៉ាស្សាខាងលើនេះ មានម្ចាស់២នាក់ប្តីប្រពន្ធ គឺជាអ្នកមើលការខុសត្រូវ ហើយនៅក្នុងហាងនេះ មានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទ ចំនួន៣នាក់ (អនីតិជន១) និងមានបន្ទប់សម្រាប់រួមភេទ ចំនួន២បន្ទប់ តម្លៃម៉ាស្សាធម្មតា ១២០០០រៀល ក្នុងមួយម៉ោង និងតម្លៃរួមភេទ ក្នុងមួយដង ចាប់ពី២០ដុល្លារ ទៅ២៥ដុល្លារ ហើយលុយដែលបានមកពីសេវារួមភេទ គឺម្ចាស់ទីតាំងចែកស្មើគ្នាជាមួយស្រីៗម៉ាស្សាទាំងនោះ។
ប្រភពខាងលើ បញ្ជាក់ថា ហាងម៉ាស្សានេះ បើកដំណើរការរកស៊ីទទួលភ្ញៀវ ចាប់ពីម៉ោង៩ព្រឹក រហូតដល់ពាក់កណ្តាលអធ្រាត្រ ទើបបិទទ្វារ រីឯនារីសង្ស័យជាអនីតិជនម្នាក់ គឺចូលមកបម្រើការងារ ចាប់ពីម៉ោង៧យប់ រហូតដល់ម៉ោង១០យប់។
ក្រោយប្រតិបត្តិការ កម្លាំងជំនាញបាននាំខ្លួនមេការ ២នាក់ប្តីប្រពន្ធ ទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកនារីម៉ាស្សា៣នាក់ ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ធ្វើការអប់រំ៕