Tuesday, January 21, 2025
Homeព័ត៌មានជាតិលេងបាល់ឈ្លោះគ្នា តាមកាប់២កាំបិត

លេងបាល់ឈ្លោះគ្នា តាមកាប់២កាំបិត

ខេត្តរតនគិរី ៖ យុវជនម្នាក់ បានទៅលេងបាល់ទាល់ជាមួយនឹងមិត្តភក្តិ រួចក៏កើតមានទំនាស់ពាក្យសម្តីជាមួយនឹងភាគីម្ខាង ទៀត លុះពេលជិះម៉ូតូត្រឡប់មកផ្ទះវិញ ក៏ត្រូវគូជម្លោះ ២នាក់ ជិះម៉ូតូប្រដេញតាម កាប់ប្រហារចំនួន២កាំបិត បណ្តាលឱ្យរងរបួសស្មា និងដាច់ម្រាមដៃ អស់៣ម្រាម រងរបួសយ៉ាងធ្ងន់ និងត្រូវបានដឹក បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ បានគេចខ្លួនបាត់។

ករណីអំពើហិង្សានេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខ មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ស្ថិតក្នុងភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ។

ជនរងគ្រោះដែលត្រូវគូទំនាស់កាប់ដាច់ម្រាមដៃអស់៣ បណ្តាលឱ្យរងរបួសធ្ងន់នោះ មានឈ្មោះរម៉ាស់ ថេន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិដើមភាគតិចចារ៉ាយ រស់នៅ ភូមិតេនង៉ល ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ។ ចំណែកជនសង្ស័យដែលកំពុងរត់គេចខ្លួន មានឈ្មោះកៅ ប៊ុនលាភ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ។ រីឯបក្ខពួកម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ (កំពុងរត់គេចខ្លួន)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅលេងបាល់ទាត់ជាមួយមិត្តភក្តិ នៅភូមិគងធំ ដោយប្រកួតជាមួយក្រុមជនដៃដល់។ ក្រោយមកក៏មានជម្លោះពាក្យសម្តីនឹងគ្នាមួយប្រាវ រួចក៏ចែកផ្លូវគ្នាមកផ្ទះរៀងខ្លួន។ លុះពេលជនរងគ្រោះកំពុងជិះម៉ូតូដឹកគ្នាមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែលេខមុខជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿង និងប្រដាប់ដោយកាំបិតប៉័ងតោ ១ដើម បានប្រដេញតាម រួចកាប់ប្រហារមកលើជនរងគ្រោះឈ្មោះរម៉ាស់ ថេន ចំនួន២កាំបិត បណ្តាលឱ្យរងរបួសត្រង់ស្មាខាងឆ្វេង ១កាំបិត និងចំម្រាមដៃខាងឆ្វេង បណ្តាលឱ្យដាច់មេដៃ និងកូនម្រាមដៃ (៣ម្រាម)។

ក្រោយដេញកាប់ប្រហារជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់រួច ជនដៃដល់ទាំង២នាក់ បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលភ្លាមៗ។ ចំណែកជនរងគ្រោះ ត្រូវបានមិត្តភក្កិនាំចូលមណ្ឌលសុខភាពអូរយ៉ាដាវ ដើម្បីព្យាបាល ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ពេក ទើបត្រូវបានក្រុមគ្រូពេទ្យបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដើម្បីសង្គ្រោះ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវកំណត់មុខសញ្ញា និងតាមរកជនសង្ស័យដល់ផ្ទះ តែពុំឃើញជនសង្ស័យនោះទេ ដោយជនសង្ស័យបានរត់គេចខ្លួនបាត់ទៅហើយ។ យ៉ាងណា សមត្ថកិច្ចជំនាញ កំពុងតាមចាប់ខ្លួនជនដៃដល់ទាំង២នាក់ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន៕

RELATED ARTICLES