Monday, September 23, 2024
Homeព័ត៌មានជាតិចោរឆក់ម្នាក់ ប៉ូលិសចាប់តាមដីកាបង្គាប់ឲ្យចាប់ខ្លួន៣

ចោរឆក់ម្នាក់ ប៉ូលិសចាប់តាមដីកាបង្គាប់ឲ្យចាប់ខ្លួន៣

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាមុខសញ្ញាឆក់យ៉ាងសកម្មម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ ដែលធ្លាប់ធ្វើសកម្មភាពជាប្រចាំ នៅតាមបណ្តោយផ្លូវជាតិលេខ៤១ និងលេខ៥១ បណ្តាលឱ្យជនរងគ្រោះដួលរងរបួស រហូតដល់បាត់បង់ជីវិតទៀតនោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបនិងចាប់ខ្លួនបាន ខណៈដែលជននេះមានដីកាចាប់ខ្លួនរបស់តុលាការ ដល់ទៅ៣ផ្សេងគ្នាឯណោះ។

 ជនសង្ស័យជាចោរឆក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ឆន គីមហេង អាយុ ២០ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អម្ពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅស្រុកសំរោងទង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យជាចោរឆក់យ៉ាងសកម្មខាងលើនេះ គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់តុលាការ ចំនួន ៣ផ្សេងគ្នា ដោយក្នុងនោះ រួមមាន ដីកាទី១- ជាដីកាបង្គាប់ឱ្យចាប់ខ្លួន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ របស់លោកខាន់ សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលួច (ឆក់ទូរស័ព្ទ) ប្រព្រឹត្តនៅ ភូមិត្រពាំងរកា ឃុំត្រពាំងគង កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ ចំណែកដីកាទី២-ជាដីកាបង្គាប់ឱ្យចាប់ខ្លួន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ របស់លោកខាន់ សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលួច (ឆក់ទូរស័ព្ទ) នៅភូមិឧកញ៉ាទេព ឃុំត្រពាំងគង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។ ដោយឡែកដីកាទី៣-ជាដីកាបង្គាប់ឱ្យចាប់ខ្លួន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ របស់លោកខាន់ សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ បណ្តាលឱ្យជនរងគ្រោះដួលស្លាប់) នៅចំណុចត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២។

សមត្ថកិច្ច បានបញ្ជាក់ថា ជននេះតែងតែធ្វើសកម្មភាពនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ជាពិសេសផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥១ និងផ្លូវជាលេខ៤១ ដែលមានជនរងគ្រោះជាញឹកញាប់ រហូតដល់មានអ្នកបាត់បង់ជីវិតទៀតផង។ ពេលនេះ ជនសង្ស័យជាមុខសញ្ញាចោរឆក់ដ៏សកម្មនេះ ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES