Monday, September 23, 2024
Homeព័ត៌មានជាតិបងថ្លៃចាប់រំលោភ៤ឆ្នាំ ទើបប្អូនស្រីទម្លាយ

បងថ្លៃចាប់រំលោភ៤ឆ្នាំ ទើបប្អូនស្រីទម្លាយ

ខេត្តកំពង់ធំ ៖ ក្មេងស្រីម្នាក់ ត្រូវបានបងថ្លៃចាប់រំលោភ បានសម្រេច តាំងពីនាងទើបនឹងមានអាយុ ៩ឆ្នាំ និងថែមទាំងគំរាមសម្លាប់បំបិទមាត់ទៀតផង ធ្វើឱ្យក្មេងស្រីមានការភ័យខ្លាច មិនហ៊ាននិយាយប្រាប់អ្នកណាឡើយ លុះ២ឆ្នាំក្រោយមក បងថ្លៃកំហូច បន្តចាប់រំលោភបានសម្រេច ៣ដងថែមទៀត ទើបធ្វើឱ្យក្មេងស្រីរងគ្រោះទ្រាំលែងបាន ក៏ទម្លាយរឿងប្រាប់មិត្តភក្តិ និងត្រូវបានដឹងដល់ក្រុមគ្រួសារ ប្តឹងចាប់ខ្លួនបងថ្លៃល្មោភកាម នាំយកទៅចាត់ការតាមច្បាប់។

ករណីបងថ្លៃចាប់រំលោភប្អូនស្រីនេះ បានកើតឡើង តាំងពីអំឡុងឆ្នាំ២០១៩ មកម៉្លេះ នៅចំណុចភូមិទួលគ្រើស ឃុំទួលគ្រើស ស្រុកប្រាសាទបល្ល័ង្ក ខណៈដែលក្មេងស្រីរងគ្រោះ ទើបនឹងមានវ័យ៩ឆ្នាំ។ លុះមកដល់អំឡុងខែសីហា ឆ្នាំ២០២២ ជនសង្ស័យបានបន្តចាប់រំលោភ ក្មេងស្រីជាប្អូនថ្លៃ ចំនួន៣ដងទៀត ទើបរឿងរ៉ាវបែកធ្លាយ និងត្រូវសមត្ថកិច្ចចាប់ខ្លួន។

ជនសង្ស័យដែលចាប់រំលោភប្អូនថ្លៃ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះញ៉ូត ញាន ហៅយក្ស អាយុ៣៤ឆ្នាំ មុខរបរជាងជួសជុលគោយន្ត និងត្រាក់ទ័រ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ស.ភ អាយុ១២ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនសង្ស័យឈ្មោះញ៉ូត ញាន ត្រូវជាបងថ្លៃ បានចាប់រំលោភនាងដំបូង កាលពីឆ្នាំ២០១៩ តាំងពីនាងទើបនឹងមានអាយុ៩ឆ្នាំម៉្លេះ ដោយក្នុងពេលនោះ ជនសង្ស័យបានទៅលើកត្រី នៅអូរក្បែរផ្ទះ ហើយហៅនាងឱ្យទៅជាមួយ ជួយកាន់ធុងសម្រាប់ដាក់ត្រី។ ក្រោយពីលើកត្រីរួចរាល់ ជនសង្ស័យបានចាប់រំលោភនាងរហូតបានសម្រេច និងគំរាមសម្លាប់ចោល បើហ៊ានប្រាប់អ្នកណាឱ្យដឹងពីរឿងនេះ។ ដោយសារតែមានការភ័យខ្លាច ទើបនាងទ្រាំលាក់រឿងនេះរហូត ក្នុងសភាពភ័យខ្លាច មិនហ៊ានទម្លាយ ប្រាប់អ្នកផ្សេងដឹងឡើយ។ រហូតដល់ឆ្នាំ២០២២ ឈ្មោះញ៉ូត ញាន ហៅយក្ស បានចាប់រំលោភនាង ចំនួន៣ដងថែមទៀត។

ក្មេងស្រីរងគ្រោះ បន្តថា លើកទី១ នៅខែសីហា ឆ្នាំ២០២២ ជនសង្ស័យបានចាប់រំលោភនាង នៅពេលដែលនាងកំពុងបេះជីរ ដោយបានចាប់ឱបនាងពីក្រោយ ហើយនាងបានរើបម្រះ ស្របពេលមានអ្នកភូមិដើរមកផងនោះ ទើបជនសង្ស័យក៏បានលែងនាងវិញទៅ។ លើកទី២ នៅម៉ោងប្រហែល ៨យប់ ក្នុងខែសីហា ដដែល នៅពេលដែលនាងកំពុងឱ្យបាយឆ្កែ ជនសង្ស័យបានចូលមកចាប់រំលោភនាងទៀត ប៉ុន្តែត្រូវបានអ៊ំស្រីដែលនាងរស់នៅជាមួយ ចុះពីលើផ្ទះមក ធ្វើជនសង្ស័យរត់ចេញទៅវិញ។ ដោយសារមានភាពខ្មាសអៀន ការគំរាមកំហែង និងជាប់សាច់ញាតិ (ត្រូវបងថ្លៃជីដូនមួយផង) ទើបនាងមិនទាន់ហ៊ានប្រាប់ទៅអ៊ំស្រីរបស់នាងនោះទេ ព្រោះខ្លាចអ៊ំស្រីមិនជឿផង និងខ្លួនគ្មានម្តាយជាទីពឹង រស់នៅជាមួយផង ក៏ប្រឹងលាក់ទុកបន្តទៀត។ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យ បានធ្វើសកម្មភាពចាប់រំលោភនាងនៅក្នុងតូបកាត់សម្លៀកបំពាក់របស់បងស្រីជីដូនមួយ ដែលត្រូវជាប្រពន្ធរបស់ជនសង្ស័យ រហូតបានសម្រេចតែម្តង សរុបមក ជនសង្ស័យចាប់រំលោភនាង ចំនួន៤លើក ប៉ុន្តែបានសម្រេចតែ ២លើកប៉ុណ្ណោះ។

ចំណែកស្ត្រីឈ្មោះចឹង ហៀង ត្រូវជាអ៊ំស្រីបង្កើត និងជាម្តាយចិញ្ចឹមរបស់ក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា ក្មួយស្រីម្នាក់នេះ (ក្មេងស្រីរងគ្រោះ) ត្រូវបានគាត់យកមកចិញ្ចឹម តាំងពីអាយុ៤ឆ្នាំម៉្លេះ គឺក្រោយពេលដែលម្តាយឪពុកបង្កើតនាងបានយកមកផ្ញើ និងធ្វើចំណាកស្រុកទៅប្រទេសថៃ ព្រោះជីវភាពក្រលំបាក ហើយគាត់ស្រឡាញ់ និងចាត់ទុកនាងជាកូនបង្កើតរបស់គាត់ម្នាក់ដែរ។

ស្ត្រីជាម្តាយចិញ្ចឹម បន្តថា កន្លងមក ប្រហែល ២-៣ខែមុនកើតហេតុ ជនរងគ្រោះតែងតែសម្តែងនូវការមិនពេញចិត្តនៅពេលឃើញមុខ ឬហូបបាយជាមួយជនសង្ស័យ ប៉ុន្តែគាត់តែងតែប្រាប់ទៅក្មួយស្រីថា កុំធ្វើដូច្នេះ ព្រោះជាបងប្អូននឹងគ្នា។ មិនតែប៉ុណ្ណោះ ពេលខ្លះ ក្មួយស្រីដែលជាជនរងគ្រោះ ថែមទាំងជេរជនសង្ស័យដោយសម្តីអាក្រក់ស្តាប់ទៀតផង ហើយគាត់ក៏ចេះតែណែនាំនាង មិនឱ្យនិយាយស្តីពាក្យមិនសមរម្យដាក់បងថ្លៃបែបនេះទៀត។ តាមពិតគាត់មិនបានចាប់អារម្មណ៍ និងសង្ស័យរឿងអ្វីនោះទេ ព្រោះប្រពន្ធរបស់ជនសង្ស័យ ក៏ជាក្មួយស្រីបង្កើតរបស់គាត់ដែរ និងជាគ្រូបង្រៀនទៀត រស់នៅផ្ទះទល់មុខគ្នា ឆ្លងកាត់ទៅមកដូចផ្ទះតែមួយ ហើយជនសង្ស័យ មានមុខរបរជាងជួសជុលគោយន្ត ត្រាក់ទ័រ និងមិនសូវចេះផឹកស៊ីនោះទេ។

ស្ត្រីជាម្តាយចិញ្ចឹមក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា ក្រោយមក គាត់បានទទួលដំណឹងមកពីសិស្សសាលាដែលត្រូវជាមិត្តភក្តិក្មួយស្រី មកលួចប្រាប់គាត់ថា នាងត្រូវបានជនសង្ស័យឈ្មោះញ៉ូត ញាន ចាប់រំលោភ។ ក្រោយពីដំណឹងនេះ គាត់ក៏បានប្តឹងប៉ុស្តិ៍នគរបាល ដើម្បីស្វែងរកយុត្តិធម៌ និងការពារកុំឱ្យជនសង្ស័យធ្វើបាបក្មួយបន្តទៀត។ បន្ទាប់មក ជនសង្ស័យឈ្មោះញ៉ូត ញាត ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្តុះអាសន្ន និងក្រោមការស៊ើបសួរពីអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ជាងមួយខែហើយ គិតចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មកម៉្លេះ។ ចាប់តាំងពីជនសង្ស័យត្រូវបានឃាត់ខ្លួនមក ក្មួយស្រី បានទៅរៀនធម្មតា និងហាក់ដូចជាមានអាការល្អប្រសើរជាងមុន។

ជុំវិញករណីខាងលើនេះ ទាំងសាមីខ្លួនក្មេងស្រីរងគ្រោះ និងស្ត្រីជាម្តាយចិញ្ចឹម បានទទូចសំណូមពរដល់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ផ្តល់យុត្តិធម៌ដល់រូបនាងជាជនរងគ្រោះផង ព្រមទាំងស្នើឱ្យមានការផ្តន្ទាទោសជនសង្ស័យ ទៅតាមច្បាប់ ៕

RELATED ARTICLES