ភ្នំពេញ៖លោកយុត្ថារ៉ា ឆាន្នី ពិតជាធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងព្រោះតែថ្មីៗនេះលោកបាននាំភរិយាថ្មីញាំគុយទាវនៅហាងអ្នកនាងចន ច័ន្ទ ហើយលោកថែមទាំងបានជួបអតីតម្ដាយក្មេកនិងនៅតែរាប់អានគ្នាជាមួយគ្នាធម្មតា។សកម្មភាពរបស់លោកឆាន្នី បែបនេះក្រោយពីលោកបានលែងលះជាមួយភរិយាដើមអ្នកនាងចន ច័ន្ទលក្ខិណា ជាច្រើនឆ្នាំមកហើយ ប៉ុន្ដែលោកនៅតែមកលេងកូនស្រីនី ចិន្ដាចូលី ដែលពេលនេះពេញវ័យក្រមុំទៅហើយនោះជាញឹកញាប់ ខណៈដែលកន្លងមកគេឃើញលោកឆាន្នី ធ្លាប់ទាំងបានជល់កែវនិងចាប់ដៃ ជាមួយស្វាមីថ្មីអ្នកនាងចន ច័ន្ទ គឺលោកហេង ឡុង ដូចជាមិត្តភក្ដិទៀតផង ដែលសកម្មភាពបែបនេះគូស្នេហ៍មួយចំនួនទៀតពេលពួកគេបែកបាក់គ្នាហើយកម្រអាចធ្វើបានដូចរូបលោកណាស់។ចំពោះអតីតភរិយាលោកឆាន្នី គឺអ្នកនាងចន ច័ន្ទ វិញពេលនេះត្រូវបានគេហៅនាងថាជា”ជំទាវៗ”បន្ទាប់ពីស្វាមីថ្មីរបស់នាងលោកហេង ឡុង បានឡើងជាឧកញ៉ា កាលពីចុងខែមេសា កន្លងមក។លោកឆាន្នី មិនដែលថ្លែងសារឌឺដងឲ្យភរិយាចាស់លោកម្ដងណានោះទេ តាំងពីលោកចែកផ្លូវជាមួយអ្នកនាងចន ច័ន្ទ មកហើយពេលនេះរូបលោកនៅតែនិយាយស្ដីរកអតីតប្រពន្ធជាធម្មតា ។


គូររំលឹកថាលោកយុត្ថារ៉ា ឆាន្នី បានរៀបការជាមួយអ្នកនាងចន ច័ន្ទលក្ខិណា ដល់ទៅ២លើកនិងបានរួមរស់ជាមួយគ្នារយៈពេល១៧ឆ្នាំទីបំផុតចំណងស្នេហានៅតែមិនអាចរក្សារបានភាពគង់វង្សដដែល ទើបធ្វើឲ្យអស់គូស្នេហ៍គំរូនៅក្នុងសិល្បៈតទៅទៀត។ក្រោយធ្លាក់ខ្លួនពោះម៉ាយត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះលោកឆាន្នី ក៍រកបានភរិយាថ្មីសាច់សខ្ចីហើយមានកូនស្រីម្នាក់ទៀត ស្របពេលដែលលោកក៍បានផ្ដាច់ខ្លួនពីអាជីពសិល្បៈទាំងស្រុង ដោយងាកទៅរកស៊ីផ្នែកអចលនទ្រព្យ ហើយគេឃើញរយៈពេលចុងក្រោយនេះលោកកាន់តែមានព្រលឹងរហូតអ្នកខ្លះមើលសឹងមិនស្គាល់ទៀតផង។


ក្រៅពីលោកយុត្ថារ៉ា ឆាន្នី គូស្នេហ៍តារាដែលចែកផ្លូវគ្នាហើយតែនៅបន្ដរាប់អានគ្នាជាធម្មតាមានដូចជាពេជ្រ សោភា និងអតីតប្ដីលោកឡៅ ឆលី ,សុខ សោម៉ាវត្តី និងប្ដីចាស់លោកទូច ដាណារ៉ា រួមទាំងនាយចឺម និងអតីតសង្សារទាំង៤ដួងជាដើមដែលពួកគេមិនចេះឈ្លោះ ឬហែកហួរគ្នាឡើយ៕


