ភ្នំពេញ៖ព្រាប សុវត្ថិ ធ្លាប់ថតភាពយន្ដជាតួឯកបាន២រឿងមកហើយនោះគឺរឿង”នេសាទក្រពើ” និង”ធ្លាប់ស្រលាញ់ខ្ញុំទេ?” អំឡុងពេលលោកនៅជាតារាហង្សមាស។ប៉ុន្ដែក្រោយព្រាប សុវត្ថិ ទៅដល់Galaxy ជាង២ឆ្នាំមកនេះលោកសុវត្ថិ នៅមិនទាន់ចាប់ផ្ដើមថតភាពយន្ដជាថ្មីនោះទេ ខណៈដែលមានព័តមានកាលពីដើមឆ្នាំ២០២២ ថាផលិតកម្មមួយនេះគ្រោងរុញនាងតន់ ច័ន្ទសីម៉ា ឲ្យឡើងកូដបោះពួយទៅមុខថែមទៀតនោះគឺតាមរយៈការឲ្យចាប់ដៃគូថតភាពយន្ដជាមួយលោកព្រាប សុវត្ថិ បន្ថែមពីលើអាជីពចម្រៀង។តែព័តមាននេះមានការប្រែប្រួលវិញក្រោយលោកព្រាប សុវត្ថិ ឡើងជាឧកញ៉ាកាលពីថ្ងៃទី២៩ មេសាឆ្នាំ២០២២ ព្រោះព្រាប សុវត្ថិ ចាប់ផ្ដើមរយាលៗពីអាជីពចម្រៀងខ្លាំងដោយជូនកាល៣ខែទើបគេឃើញបទចម្រៀងលោកសុវត្ថិ ចេញបានតែ១បទប៉ុណ្ណោះ ទើបធ្វើឲ្យមានការលើកឡើងថាអតីតតារាហង្សមាសរូបនេះកុំថាឡើយមានពេលថតកុន សូម្បីតែអាជីពចម្រៀងក៍លោកហាក់ត្រៀមខ្លួនរួចជាស្រេចក្នុងការឈានទៅបញ្ចប់អាជីពនាពេលដ៍ខ្លីខាងមុខនេះដែរ។

ទោះជាយ៉ាងណាក្នុងជំនួបជាមួយអ្នកកាសែតនាពេលកន្លងមកនេះព្រាប សុវត្ថិ បានឆ្លើយច្បាស់ៗថាលោកនៅតែចង់ថតភាពយន្ដថែមទៀត ប៉ុន្ដែលោកថាមិនអាចកំណត់បានថាតើត្រូវលេងឲ្យបានប៉ុន្មានរឿងសម្រាប់អាជីពសិល្បៈរបស់លោកនោះទេគឺធ្វើទៅតាមពេលវេលាដែលអាចធ្វើបាន។ការបញ្ជាក់របស់លោកព្រាប សុវត្ថិ បែបនេះបានន័យថាចំពោះព័តមានដែលលេចឭថារូបលោក នឹងក្លាយទៅជាដៃគូភាពយន្ដរបស់នាងច័ន្ទសីម៉ា នាពេលខាងមុខនេះគឺនៅតែអាចទៅរួចដដែល ហើយប្រសិនបើរឿងនោះគឺជាការពិតច្បាស់ណាស់ថាសីម៉ា នឹងកាន់តែឡើងកូដថែមមួយក្រឺតទៀតជាមិនខានដោយសារតែមានលោកឧកញ៉ាវយ៤៧ឆ្នាំរូបនេះចាំជួយរុញពីក្រោយទាំងចម្រៀងនិងភាពយន្ដ។ដោយឡែកទាក់ទងរឿង”នេសាទក្រពើ”ដែលព្រាប សុវត្ថិ ថតឲ្យហង្សមាសជាង១០ឆ្នាំទៅហើយនោះវិញ តាមព័តមានថាថៅកែផលិតកម្មធំនោះបានលុបចោលគម្រោងដាក់បញ្ចាំងរឿងនោះនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួនទៅហើយ ដែលតាមការសន្និដ្ឋានថាមកពីពេលនេះលោកសុវត្ថិ មិនមែនជាតារាហង្សមាសតទៅទៀត ហេតុនេះផលិតកម្មចាស់មិនចង់ឡង់សេតារារបស់ផលិតកម្មគេជំនួសឡើយ។

ព្រាប សុវត្ថិ មិនត្រឹមតែនៅតាំងចិត្តនឹងបន្ដថតសម្ដែងភាពយន្ដតទៅទៀតនោះទេ តែសម្រាប់អាជីពចម្រៀងលោកក៍ប្ដេជ្ញាថាមិនចោលអាជីពចាស់មួយនេះដែរ ដោយលោកដាក់គោលការណ៍ថាច្រៀងនិងរកស៊ីឲ្យស្មើគ្នាតែម្ដង។តែមហាជនកត់សម្គាល់ឃើញថាទោះជាលោកសុវត្ថិ ថ្លែងបែបនេះក្ដី ប៉ុន្ដែសកម្មភាពសិល្បៈរបស់លោកបានកាត់បន្ថយមួយផ្នែកធំទៅហើយ ព្រោះពេលនេះលោកលេចមុខច្រើនតែទាក់ទងជំនួញជាងច្រៀងសម្ដែងសិល្បៈ។រយៈពេលជាង២ឆ្នាំដែលព្រាប សុវត្ថិ ឈជើងនៅGalaxy នេះដែរគេនៅតែមិនទាន់ឃើញលោកច្រៀងបទចម្រៀង១បទណាដែលធ្វើឲ្យកក្រើកបំផុតដូចកាលលោកនៅហង្សមាសឡើយ ទើបធ្វើឲ្យលោកឧកញ៉ាសុវត្ថិ ដែលយូៗចេញច្រៀងសម្ដែងម្ដងនោះលោកច្រៀងតែបទចាស់ៗស្ទើតែទាំងស្រុង។ប៉ុន្ដែព្រាប សុវត្ថិ ហាក់គ្មានការស្ដាយស្រណោះចំពោះកៅអីនៅហង្សមាសឡើយដែលការដើរចេញរបស់លោកពីទ្រនុំចាស់នេះធ្វើឲ្យហង្សមាសត្រូវរកតារាថ្មីទៅអង្គុយជំនួសលោកឧកញ៉ាស្នាយ ដល់ទៅ៤កម្មវិធីក្នុងតួនាទីជាគ្រូបង្វឹកនិង គណៈកម្មាការនោះគឺ Cambodian Idol ,The Voice Kids Cambodia ,Cambodian Idol Junior និងCambodian Got ’s Talent ។

មជ្ឈដ្ឋានមហាជនបានមើលឃើញថាលោកព្រាប សុវត្ថិ ដែលល្បីល្បាញក្នុងអាជីពចម្រៀងរយៈពេល២៥ឆ្នាំ(១៩៩៧-២០២២) ហើយកាលពីខែកញ្ញាឆ្នាំ២០២០ មនុស្សជំនិតរបស់លោកប្រកាសប្រាប់អ្នកកាសែតថាលោកសុវត្ថិ មានទ្រព្យចំនួន៣០លានដុល្លារនោះ ទោះជាលោកលែងច្រៀងសម្ដែងក៍គ្មានហានិភ័យសេដ្ឋកិច្ចដែរ ព្រោះលោកមានមុខជំនួញផ្ទាល់ខ្លួនជាបន្ដបន្ទាប់ទៅហើយ។ដោយឡែកការដែលលោកសុវត្ថិ ថាចង់នៅតែថតភាពយន្ដនោះអាចគ្រាន់តែជាការចង់សន្សំស្នាដៃឬឯកសារទុកប៉ុណ្ណោះ មិនមែនសំដៅដល់ប្រាក់ចំណូលពីការថតកុននោះទេ ព្រោះនៅសល់តែជាង២ខែទៀតលោកនឹងឈានចូលវ័យ៤៨ឆ្នាំ ហេតុនេះបើឲ្យធ្វើជាតួឯកជាមួយតួស្រីនាងច័ន្ទសីម៉ា ដែលអាយុស្មើកូនលោកនោះក៍មិនសូវសមដែរ ខណៈដែលគេជឿរថាលោកសុវត្ថិ នឹងមិនព្រមសម្ដែងជាតួឪពុកគេឡើយ៕

