Monday, September 23, 2024
Homeព័ត៌មានជាតិលួចទូរស័ព្ទគេ រត់គេច៣ថ្ងៃ ជាប់ខ្នោះ

លួចទូរស័ព្ទគេ រត់គេច៣ថ្ងៃ ជាប់ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានបន្លំខ្លួនចូលទៅទិញបាយនៅតូបលក់បាយមួយកន្លែង លុះឃើញអ្នកលក់កំពុង ជាប់ដៃលក់ដូរ ឃើញទូរស័ព្ទ ១គ្រឿង ដោតសាកថ្មនៅលើតុ ក៏ចូលទៅលួចយកទូរស័ព្ទ រួចរត់គេចខ្លួនបាន ៣ថ្ងៃ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើលួចទូរស័ព្ទខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្ទះលក់បាយ ១កន្លែង ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ លុមកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចក៏ស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យបាន នាំយកមកចាត់ការតាមច្បាប់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរុំ បូរ៉ា ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងរាច់ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកវត្ថុតាងចាប់យក ទូរស័ព្ទ ១គ្រឿង ម៉ាក Vivo ពណ៌ផ្ទៃមេឃ (ជារបស់ជនរងគ្រោះ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅពេលជនរងគ្រោះកំពុងជាប់រវល់លក់ដូរ (លក់បាយ) ពេលនោះ ស្រាប់តែឃើញជនសង្ស័យដើរមកដល់កន្លែងគាត់ ហើយធ្វើជារកទិញបាយហូប ឆ្លៀតពេលជនរងគ្រោះកំពុងជាប់រវល់ ស្រាប់តែជនសង្ស័យ បានលួចទូរស័ព្ទរបស់ជនរងគ្រោះ ១គ្រឿង ម៉ាក Vivo ដែលបានសាកថ្មទុកលើតុ ហើយយករត់គេចខ្លួនបាត់ទៅ។

លុះមកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ទើបជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំពង់សំណាញ់ ឱ្យជួយស្រាវជ្រាវស្វែងរកជនសង្ស័យ រហូតឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាងបានមកវិញ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES