Monday, September 23, 2024
Homeព័ត៌មានជាតិកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកឆ្លូង

កម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកឆ្លូង

ខេត្តក្រចេះ ៖ កម្លាំងសមត្ថកិច្ចចម្រុះ កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានចុះបង្ក្រាបបទល្មើសជលផល នៅបឹងប្រាំង បឹងគ្រូឆៃអេង និងទំនាបលិចទឹកជ្រោយវែង ក្នុងឃុំកញ្ជរ ស្រុកឆ្លូង។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង ដែលមានការចូលរួមពីមន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ និងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកឆ្លូង ក្រុមប្រឹក្សាឃុំកញ្ជរ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកញ្ជរ ព្រមទាំងសហគមន៍នេសាទពាក់ព័ន្ធ។

លោកម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានឱ្យដឹងថា ក្នុងប្រត្តិបត្តការបង្ក្រាបនោះ កម្លាំងចម្រុះ បានធ្វើការរុះរើនិងបំផ្លាញចោលនៅនឹងកន្លែង នូវឧបករណ៍នេសាទល្មើសច្បាប់ រួមមាន របាំងស្បៃមុង ចំនួន២៩ខ្សែ ប្រវែង៨៥០ម៉ែត្រ លូស្បៃមុង ចំនួន៣២មាត់ របាំងរ៉ាវ ចំនួន៣ខ្សែ ប្រវែង៤៥០ម៉ែត្រ លបរ៉ាវ ចំនួន៣គ្រឿង ប្រវែង២៥០ម៉ែត្រ បង្គោលចម្រឹងឫស្សី ចំនួន៨០ដើម និងចាក់លែងត្រីចម្រុះ ទម្ងន់ ២៥គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញ។

លោកនាយខណ្ឌ បានបញ្ជាក់ថា ក្នុងនាមសមត្ថកិច្ចជំនាញ សូមអំពាវនាវដល់ប្រជានេសាទទាំងអស់ កុំឱ្យពួកគាត់ប្រើឧបករណ៍នេសាទខុសច្បាប់ ដូចជា ឆក់ ស្បៃមុង ដែលបំផ្លាញធនធានជលផលធ្ងន់ធ្ងរ សូមឱ្យពលរដ្ឋនេសាទជាលក្ខណៈគ្រួសារ ដើម្បីរក្សាធនធានជនផលឱ្យមាននិរន្តភាពសម្រាប់បច្ចប្បន្ន និងទៅអនាគត។

ទោះបីជានេះជារដូវបើកនេសាទហើយក្តី ក៏ប៉ុន្តែឧបករណ៍នេសាទ រួមមាន ឆក់ ឧបករណ៍នេសាទស្បៃមុង ឧបករណ៍នេសាទគ្រឿងផ្ទុះ និងប្រើប្រាស់ថ្នាំបំពុល គឺជាឧបករណ៍ដែលច្បាប់ហាមឃាត់ជាដាច់ខាត មិនអនុញ្ញាតឱ្យប្រើប្រាស់ឡើយ។ បើសិននៅតែប្រព្រឹត្ត នឹងទទួលទោសទៅតាមផ្លូវច្បាប់ស្តីពីជលផល៕

RELATED ARTICLES