ភ្នំពេញ៖ស្រីស្រស់ប៉ាច គីមមួយ និងប្រុសក្មេងសយ រតនៈ បានដឹកដៃគ្នាទៅថតPre-Wedding កាលពីពេលថ្មីៗនេះ ក្រោយពីពួកគេបានក្លាយទៅជាគូណ្ដឹងគ្នាជាង២ខែមកនេះ។ការសមគ្រងឈុតកូនក្រមុំកំលោះរបស់គូស្នេហ៍តារា១គូគីមមួយ-រតនៈ នាពេលនេះច្បាស់ណាស់ថាដំណឹងរៀបការហាក់កាន់តែកៀកមែនទែនហើយ ព្រោះថាក្រោយភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១កក្កដា ២០២២ មកពេលនេះស្រីស្រស់ប្រុសរូបសង្ហារបានរស់នៅក្រោមដំបូលផ្ទះតែមួយទៅហើយ ព្រោះពួកគេទិញផ្ទះបង់រំលោះរួមគ្នា ហើយក្រៅពីច្រៀងសម្ដែងនោះគីមមួយ ក៍តែងតែនាំគូស្នេហ៍រកស៊ីតាមOnline តាមរយៈការលក់សម្លៀកបំពាក់ផងដែរ។

សូមបញ្ជាក់ថាប៉ាច គីមមួយ បានទុកជីវីតជាអ្នកមេម៉ាយមួយអន្លើក្រោយនាងចែកផ្លូវជាមួយតារាចម្រៀងម្នាក់កណ្ដាលទី។តែស្រីស្រស់មិនខ្លាចញញើតអាចនឹងដើរជាន់ដានចាស់នោះទេ ទើបពេលនេះនាងបានសម្រេចចិត្តជ្រើសរើសស្វាមីជាតារាដូចគ្នាម្ដងទៀត ដោយផាត់ចោលមន្រ្ដីធំៗមួយចំនួនតាមស្នេហានាងជាច្រើនឆ្នាំមកហើយនោះ។ប៉ុន្ដែគីមមួយ នៅតែលាក់រឿងថ្ងៃនាងរៀបការជាមួយលោករតនៈ ដោយសម្អាងថាចង់ធ្វើឲ្យFan មានការភ្ញាក់ផ្អើល តែដោយសារតែពួកគេដឹកដៃគ្នាទៅថតសម្រាប់តាំងមុខរោងការទៅហើយ ហេតុនេះគេជឿរថាមិនយូនោះទេស្រីស្រស់ប្រុសសង្ហារ១គូនេះនឹងរៀបការជាមួយគ្នាជាមិនខាន។

ប៉ាច គីមមួយ ត្រូវបានគេចាត់ទុកថាជាស្រីស្អាតម្នាក់នៅហង្សមាសដែលនាងដណ្ដើមបានភាពលេចធ្លោគូសមនៅពេលដែលបានចាប់ដៃច្រៀងសម្ដែងជាមួយលោកឧកញ៉ាព្រាប សុវត្ថិ មុនពេលអតីតតារាហង្សមាសដើរចេញពីផលិតកម្មធំនេះ។តែក្រោយបាត់ជំនួយ ពីលោកឧកញ៉ាមកគីមមួយ ហាក់នៅទ្រឹង ហើយភាគច្រើននៅពេលនេះនាងចេញច្រៀងសម្ដែងជាមួយអនាគតស្វាមីតែម្ដងទើបធ្វើឲ្យប្រុសៗដែលចង់ចែចង់នាងកន្លងមកលែងហ៊ានញ៉ែស្រីស្អាតទៀតហើយ ព្រោះថានាងទៅណាមកណាប្រៀបដូចយកអង្គរក្សតាមខ្លួនតែម្ដង។ដោយឡែកលោករតនៈ វិញមុនភ្ជាប់ពាក្យជាមួយនាងគីមមួយ ក៍ធ្លាប់មានដំណឹងថាអតីតកូនក្រុមពេជ្រ សោភា The Voice Kids Cambodia រដូវកាលទី១រូបនេះមានស្រី្ដអ្នកមានមួយចំនួនតាមសុំចិញ្ចឹមផងដែរ តែបន្ទាប់ពីបង្ហាញភាពច្បាស់លាស់ជាមួយ តារារួមទ្រនុំរូបនេះមកពេលនេះលោកក៍លែងហ៊ានស្និតស្រីណាផ្សេងក្រៅពីអនាគតភរិយាទៀតហើយ។

តាមព័តមានថាប៉ាច គីមមួយ-សយ រតនៈ ក្រោយដឹកដៃគ្នាថតPre-Wedding នោះពួកគេគ្រោងរៀបការជាមួយគ្នានៅដើមឆ្នាំ២០២៣ ខាងមុខនេះហើយដែលពិធីនោះពួកគេនឹងហៅតារារួមអាជីពរាប់រយនាក់ឲ្យចូលរួមទៀតផង៕
