កណ្ដាល៖ការប្រកួតកីឡារប្រដាល់គុណខ្មែរ ដណ្ដើមខ្សែក្រវ៉ាត់ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្ដីក្រសួងការពារជាតិ នៅស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ (ព្រែកកំពិស)វគ្គសន្សំពិន្ទុពូលA បានឈានមកដល់សប្ដាហ៍ទី៥ហើយ កាលពីល្ងាចថ្ងៃទី២៣តុលា ដែលសប្ដាហ៍នេះកាន់តែមានទស្សនិកជនមកទស្សនានៅស្ទីឌីយោបំពាក់ដោយម៉ាស៊ីនត្រជាក់នោះច្រើនជាងសប្ដាហ៍មុនៗទៀតព្រោះការប្រកួតវាយគ្នាមិនបន្ធូដៃឡើយ ។សម្រាប់គូពិសេសទី១៖កីឡាករបង្គោលប្រហមឃន មហិទ្ធិរិទ្ធ មកពីក្លឹបមហិទ្ធិរិទ្ធ មេសថ្ងក ខេត្តស្វាយរៀង សមាគមកីឡាបដាល់ក្រសួងការពារជាតិ ប្រភេទម្ងន់៤៥.គ្រ.ក្រ បានយកឈ្នះដោយពិន្ទុទៅលើបង្គោលខៀវកីឡារករស៊ាង ឆៃ មកពីក្លឹបរាហ៊ួកីឡា ខេត្តបាត់ដំបង សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ,គូអន្ដរជាតិទី២៖បង្គោលក្រហមកីឡារកប៊ន ពន្លឹក មកពីក្លឹបនាគរាជចតុមុខ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ទម្ងន់៥១ គ.ក្រ បានផ្ដួលកីឡារកបង្គោលខៀវ PHET BAN DORN (Thailand)ត្រឹមទឹកទី៣។



សម្រាប់គូខ្សែក្រវាត់ទី៣៖កីឡារកបង្គោលក្រហមឈុត សេរីវ៉ាន់ថង មកពីក្លឹបរាហ៊ួកីឡា ខេតបាត់ដំបង សមាគមកីឡាប្រដាល់ក្រសួការពារជាតិ ទម្ងន់៦០គ.ក្រ បានធ្វើឲ្យបង្គោលខៀវកីឡារកសៀវ ង៉ុយ មកពីក្លឹប អភិរក្សគុនខ្មែររុងរឿង សមាគមកីឡាប្រដាល់រាជធានភ្នំពេញ បោះបង់ការប្រកួតត្រឹមទឹកទី១។ចំណែកគូដែលអ្នកស្នេហាវិស័យកីឡាគិតថាស្វិតស្វាញបំផុតគឺគូទី៤៖កីឡារកបង្គោលក្រហមវ៉ាន់ វឿន មកពីក្លឹបឃ្លាំងមឿងកីឡា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ទម្ងន់៦០គ.ក្រ បានផ្ដួលបង្គោលខៀវរិន ដេវីត មកពីក្លឹបនាគរាជចតុមុខ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី១។រីឯគូអន្ដរជាតិទី៥៖បង្គោលក្រហមកីឡារកឃួន ឡាំងកូស៊ីន មកពីក្លឹបសៅយ៉ាន់នាគា ខេត្តបន្ទាយមានជ័យ សមគមកីឡាប្រដាល់ក្រសួងការពារជាតិ ទម្ងន់៥៧ គ.ក្រ ប្រកួតស្មើពិន្ទុជាមួយកីឡារករYORT PHET (Thailand)។


គេសង្កេតឃើញថាទស្សនិកជនដែលទៅទស្សនាការប្រកួតផ្ទាល់និងកំពុងជក់ចិត្តខ្លាំងនោះហាក់មិនអស់ចិត្តព្រោះគូពិសេសទី៣ និងទី៤ បង្គោលក្រហមឈ្នះលើបង្គោលខៀវត្រឹមទឹកទី១ដូចគ្នា ប៉ុន្ដែនោះគឺជាការប្រកួតសម្រុករបស់កីឡារកទាំងសងខាងមិនមែនលំៗនោះទេទើបឈ្នះចាញ់ត្រឹមតែមួយពព្រិចភ្នែកបែបនេះ។



សូមបញ្ជាក់ថាការប្រកួតគុនខ្មែរ ដណ្ដើមពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ និងជាប្រធានCAMSOC ត្រូវចម្រាញ់យកកីឡាករជើងខ្លាំងដល់ទៅ៨រូប ប្រភទទម្ងន់៦០គ.ក្រ ដើម្បីប្រជែងរកម្ចាស់ខ្សែក្រវ៉ាត់ដែលនឹងទទួលបានផ្ទះវីឡារ១ខ្នងនៅខេត្តសៀមរាប មានតម្លៃខ្ទង់១០ម៉ឺនដុល្លារ។ព្រឹត្តិការណ៍ដ៍អស្ចារ្យនេះឧបត្ថម្ភធំដោយក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ។សម្រាប់កម្មវិធីប្រកួតត្រូវធ្វើឡើងចំនួន១០សប្ដាហ៍ចាប់តាំងពីថ្ងៃទី១៨ខែកញ្ញាដល់ថ្ងៃទី២៤ខែវិច្ឆិការឆ្នាំ២០២២ ដែលការប្រកួតផ្ដាច់ព្រ័ត្រគ្រោងរៀបចំនៅភូមិឋានសំណាង ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប។


ដោយឡែកសម្រាប់រូបមន្ដប្រកួតកីឡាករទាំងពីរពូល តម្រូវប្រកួតវិលជុំសន្សំពិន្ទុរៀងៗខ្លួន បន្ទាប់មកកីឡាករឈលេខ១ និងលេខ២នៃពូលនីមួយៗនិងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬវគ្គខ្វែងដើម្បីស្វែងរកម្ចាស់ខ្សែក្រវ៉ាត់។ជ័យលាភីកីឡាករចំណាត់ថ្នាក់លេខ១ នឹងទទួលបានខ្សែក្រវ៉ាត់១គ្រឿងអមដោយទឹកប្រាក់ចំនួន៦លានរៀលនិងផ្ទះវីឡារភ្លោះ១ខ្នង(ទំហ៊ុំ8X11 លើផ្ទៃដី10X20),លេខ២ទទួលបានដីឡូតិ៍ទំហ៊ុំ10X20 ម៉ែត្រ អមដោយទឹកប្រាក់៥លានរៀល ស្របពេលដែលលេខ៣និងលេខ៤ ទទួលបានដីឡូតិ៍5X20 ដូចគ្នាព្រមទាំងប្រាក់រង្វាន់ផ្សេងៗទៀត៕

