ភ្នំពេញ៖អ្នកនាងចាន់កែវ និមល បានជម្រាបលាមិត្តរួមអាជីពនិងទស្សនិកជននិងចាត់ទុកថាការបង្ហាញខ្លួនរបស់នាងនៅឆាកតន្រ្ដីហង្សមាសកាលពីថ្ងៃទី២៣ តុលា នោះជាថ្ងៃចុងក្រោយព្រោះចាប់ពីសប្ដាហ៍ក្រោយទៅនាងត្រូវបាត់មុខរហូតដល់សម្រាលកូនរួចទើបវិលវិញ។ការអះអាងរបស់អ្នកនាងកែវនិមល បន្ទាប់ពីនាងនៅតែឡើងឆាកតន្រ្ដីក្នុងឋានៈជាMC រហូតដល់ផ្ទៃពោះជិត៨ខែនេះ ពោលគឺនៅសល់តែជាង១ខែទៀតប៉ុណ្ណោះ នាងនឹងសម្រាលកូនទី២។

អ្នកនាងចាន់ កែវនិមល ថ្លែងថានាងបានសុំច្បាប់មួយរយៈនៅហង្សមាស ហើយនាងមានតែអរគុណដល់បងប្អូនដែលគាំទ្រនាងនាពេលកន្លងមក ។នាងថាពេលខ្លះបានចាត់ទុកខ្លួនឯងជានារីមានសំណាងម្នាក់ដែលទទួលបានការស្រលាញ់ពីមហាជន ហើយនាងសន្យាវិលវិញក្រោយពីសម្រាលកូននិងបានរឹងដៃរឹងជើងវិញ។

តាមគម្រោងអ្នកនាងចាន់ កែវនិមល នឹងសម្រាលកូននៅចុងឆ្នាំ២០២២ ហេតុនេះការវិលនត្រឡប់មកកាន់ក្បាលមីក្រូសារជាថ្មីនោះអាចនៅដើមឆ្នាំ២០២៣ ខាងមុខ។តែអ្នកនាងនិមល បានដាក់ឈ្មោះឲ្យកូនប្រុសរួចជាស្រេចទៅហើយមុនសម្រាលនេះគឺ”ចេស្ដា” ខណៈដែលកូនស្រីច្បងរបស់នាងមានអាយុជាង១០ឆ្នាំទៅហើយ។

សូមបញ្ជាក់ថាចាន់ កែវនិមល ជាពិធីការិនីសំខាន់ម្នាក់របស់ហង្សមាស តែមុនសម្រាលកូននេះនាងមានរាសីហាក់មិនសូវល្អនោះទេដោយសារតែរបូតតំណែងជាMC អស់ម្ដងដល់ទៅ២តំណាលគ្នាគឺCambodian Idol រដូវកាលទី៤ ធ្លាក់ទៅនាងថន លក្ខិណា និងThe Voice Kids Cambodia រដូវកាលទី៣ស្ថិតក្នុងកណ្ដាប់ដៃអ្នកនាងគង់ សុជាតិ។ការអស់សិទ្ធិបន្ដធ្វើជាដៃគូជាមួយលោកជា វិបុល របស់អ្នកនាងកែវនិមល បែបនេះ ព្រោះតែកាលពីពាក់កណ្ដាលឆ្នាំ២០២០ រឿងស្នេហាអ្នកនាងនិមល និងលោកវិបុល ផ្ទុះកក្រើកពេញផ្ទៃប្រទេស ទើបពេលនេះលោកថៅកែហង្សមាសសម្រេចចិត្តរក្សារពិធីករលោកវិបុល ឲ្យនៅរ៉ាប់រងកម្មវិធីខាងលើដដែល តែផ្លាស់ប្ដូរនិមល ចេញ។យ៉ាងណាកែវនិមល ដែលមានឋានៈជាជំទាវ ព្រោះស្វាមីនាងលោកសូវ៉ាត សីលា មានតួនាទីជាឯកឧត្តមនោះធ្វើឲ្យគ្រប់គ្នាបានឃើញច្បាស់ថាគ្រួសារនាងកាន់តែមានសុភមង្គលខ្លាំង ព្រោះស្វាមីជឿរជាក់លើនាង ពិសេសកាដូកូនប្រុសនាពេលនេះនឹងធ្វើឲ្យចំណងស្នេហានាងកាន់តែរឹងមាំថែមទៀតជាមិនខាន៕
