ខេត្តសៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលតាំងខ្លួនជាព្រហ្មរក្សាលោកនោះ បន្ទាប់អះអាងរឿងថាទឹកលិចលោក ត្រូវបានមហាជន រួមទាំងសមាជិក LDP ខ្លះលែងជឿមក នៅពេលនេះ លោកខឹម វាសនា បានហៅអ្នកទាំងនោះថា ភ្លើ ឡប់ អត់ខួរ ជាមួយនេះ លោកខឹម វាសនា បានងាកមកនិយាយរឿងនយោបាយ ដោយរំឭករឿងលោកស្អប់ការដឹកនាំរបស់រដ្ឋាភិបាល (គណបក្សប្រជាជនកម្ពុជា) ក៏ចូលក្នុងបក្សប្រឆាំង សម រង្ស៉ី បានមួយរយ: ហើយដោយស្អប់សារជាតិខូចរបស់លោកសម រង្ស៊ី លោកក៏ចេញពីបក្សសម រង្ស៉ី មកបង្កើតបក្សថ្មី LDP ។
លោកខឹម វាសនា បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ថា «វិញ្ញាណ គឺមាននៅក្នុងខ្លួនមនុស្ស ទុកគិត ហើយយល់ប្រតិកម្មទល់នឹងអ្វីដែលវិញ្ញាណគិតយល់ហ្នឹងទៅ។ បើគិតយល់ថា គួរប្រតិកម្មយ៉ាងម៉េចទៅហើយ ចុះហេតុអ្វីប្រតិកម្មបែបនោះទៅ វាទៅជាខុសទៅវិញ? គឺមិនខុសទេ ប្រតិកម្មបែបណាមួយ វាមិនទាន់ជាខុសឬត្រូវស្អីទេ គឺហេតុផលឯណោះតើ ដែលនាំឲ្យប្រតិកម្មបែបណាមួយ ទៅជាខុសឬត្រូវនោះ។ តាំងពីពូពន្យល់ឲ្យស្គាល់អារម្មណ៍អញនិងអត់អញ យ៉ាងម៉េចមក មនុស្សដែលមិនពេញចិត្តនឹងពូ មើលឃើញតែពូមានចិត្តអញ។ គេរៀបរាប់ថា ពូនេះ អញត្រង់នេះ អញត្រង់នោះ មនុស្សក្បែរពូហ្នឹង អញធំៗណាស់។ ពូគិតហើយសើច ឱ! លោកអើយ! ឥឡូវមនុស្សស្គាល់អញច្រើនណាស់តើនេះ។ គេរៀនចេះសម្គាល់អារម្មណ៍អញ ពីលោកគ្រូណា អីក៏ចេះលឿនអីក៏លឿនម៉្លេះ? ពួកគេទាំងនោះ មិនយល់ទាំងថា ដំណើររបស់ធម្មជាតិនេះ ប្រព្រឹត្តិទៅយ៉ាងណាផង តែគេស្គាល់អញកើតដែរហ្ន? ចំជាមិនដឹងស្អីបន្តិចសោះហើយនេះ។ មិនដឹងអារម្មណ៍អញយ៉ាងម៉េចផង ទៅធ្វើជាគ្រូធំ ដាក់ពិន្ទុឲ្យពូកើតទៀតហ្ន? ឱ! មនុស្សអើយមនុស្ស! ឡប់មានគ្រប់ធុនមែនហើយនេះ។ មិនដែលអ្នកណាម្នាក់ដែលឡប់អ៊ីចឹងទៅហើយ ពូអាចពន្យល់ឲ្យស្គាល់ខុសត្រូវវិញបានមួយសោះ ឃើញតែឡប់បានសម្រេចតែរហូត។ ពូខំពន្យល់ដោយស្មោះអស់ពីចិត្ត ឲ្យមនុស្សទាំងនោះ ភ្ញាក់គិតដឹងខុសដឹងត្រូវឡើងវិញ តែដោយអារម្មណ៍អញ មិនទម្លាក់បានមួយ ខណៈនេះហើយ គឺគេអាន គេស្តាប់ការពន្យល់ពីរឿងគេដោយមិនបើកចំហចំមុខថា ករណីអ្នកណាដែលពូលើកយកនិយាយនោះ គេនៅតែមិនអាចធ្វើឲ្យខ្សែវិញ្ញាណរបស់គេទទេ អត់មានអារម្មណ៍អញ មកស្តាប់ពូពន្យល់ ហើយយកទៅគិតដោយស្មោះត្រង់បាន។ នេះជាកំហឹងមានអញ។ កំហឹងដែលអត់អារម្មណ៍អញ ឬកំហឹងដោយវិញ្ញាណគិតយល់ហើយទើបខឹង អត់វង្វេងទេ»។
លោកខឹម វាសនា បន្តថា «ជារឿងផ្ទាល់ក្នុងជីវិតពូ ពូស្អប់ដោយគិតឃើញថាអ្នកណាមួយខុស គួរតែខឹង ដល់ពេលមានមនុស្សណាមួយមកនិយាយថាឲ្យមនុស្សពូខឹងនោះ ត្រូវចំកន្លែងខុសនោះដែរ តែពូនៅតែសម្គាល់អារម្មណ៍អ្នកខឹងនោះបានថា មនុស្សមិនល្អទេ ខឹងព្រោះប្រយោជន៍ខ្លួនឯងណាមួយហើយនេះ។ ទោះពាក្យគេវាយប្រហារចំរឿងដែលពូខឹងដែរ តែវិញ្ញាណដែលជាពូសម្គាល់ដឹងដោយគិតយល់ថា មនុស្សនេះមិនមែនចិត្តល្អ ស្អប់អំពើអាក្រក់ដូចអាត្មាអញទេ ពូថយក្រោយខ្វាក មិនយកខ្លួនទៅបៀតមនុស្សប្រភេទនេះទេ។ ពូស្អប់ការដឹកនាំរបស់រដ្ឋាភិបាល ពូក៏ចូលក្នុងបក្សប្រឆាំង សម រង្ស៉ី ពេលចូលបក្សប្រឆាំង សម រង្ស៉ី ពូគិតដឹង បក្សទាំងមូល ស្រូបទាញដោយសារជាតិសម រង្ស៊ី ពូស្អប់សារជាតិខូចរបស់រង្ស៊ី ពូក៏ចេញបង្កើតបក្សថ្មី LDP មនុស្សដែលអន់ចិត្តនឹងបក្សសម រង្ស៉ី មកកៀងគរពូ បង្កើតចលនាប្រឆាំងធំមួយ ពូគិតដឹងសារជាតិមនុស្សទាំងអស់ហ្នុងថា ជាមនុស្សមិនល្អ ដែលពូស្អប់ ទោះគេនិយាយពីចំណុចមិនល្អនៃបក្សសម រង្ស៊ី ចំៗចំណុចដែលពូស្អប់ដែរ តែពូនៅតែគិតយល់អារម្មណ៍ជាមនុស្សមិនល្អនៃអ្នកទាំងនោះ ពូមិនទៅក្បែរពួកទាំងនោះឡើយ តែម្នាក់ក៏គ្មានមករួមដំណើរជាមួយពូ ក្នុងចលនា LDP បានដែរ។ នេះគឺពូ គ្រាន់តែក្មួយគិតឃើញមួយចំណុចនេះ ក៏ដឹងថា ពូលើសអស់មនុស្សទាំងអស់ក្នុងលោកដែរ។ ប៉ុន្តែអ្នកខឹង មិនពេញចិត្តនឹងពូ អត់មានចិត្តដូចពូទេ ឲ្យតែខឹង អន់ចិត្តនឹងពូហើយ អ្នកណាក៏ដោយ ទោះវាយប្រហារពូដោយបំពានយ៉ាងច្បាស់ចែសសោះ ប៉ុន្តែអ្នកអន់ចិត្តនឹងពូ ទាញយកមកភ្លាម ធ្វើជាសំអាង គាំទ្រចិត្តខឹងអន់ចិត្តនឹងពូភ្លាម។ ពូគិតដឹងយ៉ាងរហ័សថា នេះគឺកំហឹងអន់ចិត្ត ព្រោះមានអញជាគោលហើយ។ គេខំទាញជាសំអាងនូវមនុស្សមិនគួរយកខ្លួនទៅបៀតទាល់តែសោះ តែគេខំយកមកធ្វើជាសំអាងទៅវិញ។ ក្នុងចិត្តគេ យល់ដោយច្រឡំវង្វេងថា គេធ្វើបែបហ្នឹង គឺងាប់ពូហើយហ្នុង។ បំផ្លាញខ្លួនឯង ដោយដឹងវង្វេងថា គេកំពុងវាយពូហើយ។ គឺមិច្ឆាដឹង ឬមិច្ឆាទិដ្ឋិទេ គឺបំផ្លាញខ្លួនឯងទេ»។
ឆ្លើយតបទៅមនុស្សភាគច្រើន រួមទាំងសមាជិក LDP ដែលមិនជឿ និងលែងជឿការអះអាងថាទឹកលិចលោកនោះ លោកខឹម វាសនា បានហៅអ្នកទាំងនោះថា ភ្លើ ឡប់ អត់ខួរ និយាយចេញមកគ្មានហេតុផល ល្មមនឹងងាប់ដោយសារលិចទឹកហ្នឹងហើយ ឲ្យសប្បាយបន្តិចទៀតចុះ គង់តែភ្លឺភ្នែក នៅពេលដែលទឹកឡើងដល់ច្រមុះ។
លោកខឹម វាសនា បានបញ្ជាក់បន្ថែម នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ថា «ដោយសារតែសត្វដែលវិញ្ញាណពាល់ត្រូវលោកនេះកើតមកពីធាតុ គឺឡប់ខ្លាំងណាស់ ព្រោះពិភពកម្លាំងនេះ ត្រូវតែប្រព្រឹត្តិចំពោះវាឲ្យត្រឹមត្រូវតាមដំណើរទំនងណាស់ មិនអាចឡប់គ្រឿងដូចប្រព្រឹត្តិទល់នឹងធាតុបានទេ គ្រោះថ្នាក់ណាស់។ វិញ្ញាណដែលដឹងវង្វេងថា ពិភពលោកនេះកើតពីធាតុ គឺចិត្តវង្វេងជាប់នឹងភវតណ្ហានោះហើយ តាមពិត ពិភពលោកកើតមកពីកម្លាំងទេ។ លោកសង្ឃ សព្វថ្ងៃនេះ គ្មានអ្នកណាម្នាក់ស្គាល់ភវតណ្ហានេះទេ ហើយចិត្តជាប់ភវតណ្ហាធ្ងន់ធ្ងរជាងគេបំផុត គឺអ្នកវិទ្យាសាស្ត្រហ្នឹងហើយ ហើយមនុស្សសព្វថ្ងៃ ឲ្យតែស្អីបន្តិច គេនិយាយថា អ្នកវិទ្យាសាស្ត្រ គេមិនទាន់ប្រកាសស្អីផង។ គេនិយាយពាក្យនេះ គឺអារម្មណ៍គេទុកចិត្តអ្នកវិទ្យាសាស្ត្រហ្នឹងណាស់ ពូនិយាយទុកជាមុនឲ្យហើយ ទុកឲ្យងាប់ជុំគ្នាជាមួយអ្នកវិទ្យាសាស្ត្រគេហ្នុងទៅ។ បើមនុស្សចេះបូកហេតុផល វានឹងឆ្ងល់ថា មនុស្សដូចពូនេះ មិនអាចជាមនុស្សនិយាយគ្មានហេតុផលទេ ចុះបើពូនិយាយដដែលៗថា ពិភពលោកដល់ថ្ងៃអាវសានហើយ តើវាមិនឆ្ងល់ទៀតឬ? ពូថា អាអត់ខួរ គឺវាភ្លើអ៊ីចឹង អ៊ីចឹងបានអាខ្លះ មួយជីវិត រស់តែនឹងធ្វើកញ្ជះគេ វាភ្លើពេកអ៊ីចឹង អ៊ីចឹងបានងាប់តែនឹងគេបោក។ បើវាមើលសំណេរពូឲ្យយល់ ស្ដាប់សំឡេងពូពន្យល់ឲ្យយល់ ហើយរកឃើញថាខុសត្រង់ណា នោះមិនអីទេ ពូចាត់ទុកថា វាគ្រប់ទឹក វាមិនឆ្កួតទេ វាមិនសរសៃប្រសាទទេ តែវាមើលក៏មិនយល់ វាស្ដាប់ក៏មិនយល់ ហើយវាថាពូខុស។ ចំជាអាអត់ខួរមែន និយាយចេញមកគ្មានហេតុផល ទៅវាល្មមនឹងងាប់ដោយសារលិចទឹកហ្នឹងហើយ ឲ្យវាសប្បាយបន្តិចទៀតចុះ គង់តែវាភ្លឺភ្នែក នៅពេលដែលទឹកឡើងដល់ច្រមុះវាទេ ចាំមើលចុះ តើពូនិយាយនេះខុសឬទេ? វានិយាយថា គេមួយពិភពលោក គ្មានអ្នកណានិយាយថាទឹកលិចលោកផងហ្នឹង អញក៏ដឹងដែរ អញមិនភ្លើទេ គ្រាន់តែរឿងប៉ុណ្ណឹង បើអញដឹងថាគ្មានអ្នកណានិយាយដូចអញប្រាប់ហ្នឹងផង ម៉េចក៏អញនៅតែនិយាយដដែលៗថា ទឹកលិចលោក? តើអញភ្លើអី បើអញដឹងដូចតែពួកអ្ហែងដែរហ្នឹង អ្ហែងម៉េចមិនឆ្ងល់ថា យ៉ាងម៉េចបានជាអញនៅតែនិយាយថា ទឹកនឹងលិចលោក តើអាអត់ខួរឯងមានឆ្ងល់ទេ? បើប៉ុណ្ណឹងហើយ នៅតែមិនឆ្ងល់ទៀត វាសមតែនឹងងាប់ហ្នឹងហើយ ពួកអាភ្លើឯងហ្នឹង។ សប្បាយបន្តិចទៀតចុះ ថ្ងៃអង្សាមកដល់ឆាប់ហើយអាឡប់ សត្វដែលខួរមិនមែនជាទ្វារមនោ គឺវាភ្លើអ៊ីចឹង»៕ ខៀវទុំ