កណ្ដាល៖សឿ សុធារ៉ា ជួបទុក្ខធំព្រោះម្ដាយជាទីស្រលាញ់របស់នាងលោកស្រីណោ សុខន អាយុ៧៩ឆ្នាំបានទទួលមរណភាពនៅយប់ថ្ងៃទី២៨ តុលាឆ្នាំ២០២២ ដែលសពបានតម្កល់និងធ្វើបុណ្យនៅវត្តវិហារត្រាញ់ ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។សុធារ៉ា បានប្រាប់តារាសម្ដែងសាវិន ហ្វីលីព ថាម្ដាយនាងមានជំងឺទឹកនោមផ្អែម លើសឈាម លើសស្ក បេះដូង និងខ្សោយក្រលៀនអស់អយៈពេល៣៥ឆ្នាំមកហើយ ពោលគឺតាំងពីរូបនាងកើតម្លេះ។នាងថាអំឡុងពេលដែលនាងប្រឡូកសិល្បៈរកលុយបាននាងបានប្រើពេលព្យាបាលជំងឺម្ដាយអស់២០ឆ្នាំទើបគាត់អាចរស់រានមានជីវិតដល់ពេលនេះ ប៉ុន្ដែក្នុងនាមជាកូននាងដឹងថាម្ដាយនាងមានវិបត្តិធ្ងន់ធ្ងក្រោយដឹងរឿងនាងរយៈពេលចុងក្រោយនេះទើបជំងឺគាត់កាន់តែធ្ងន់រហូតបាត់បង់ជីវិតតែម្ដង ហើយម្យាងម្ដាយដឹងថានាងគ្មានលុយព្យាបាលគាត់ទៀតទេទៀតទើបគាត់ទៅចោលនាងបែបនេះ។សុធារ៉ា បាននិយាយទាំងរលីងរលោងទឹកភ្នែកថានាងមានបងប្អូនសរុបទាំងអស់១០នាក់ ហើយនាងជាកូនពៅ តែបានស្លាប់នាសម័យប៉ុល ពត ប្រុស២នាក់ ហើយនៅសម័យនេះបងប្រុសនាងស្លាប់៣នាក់ទៀតគឺបច្ចុប្បន្ននាងនៅសល់តែបងប្អូនស្រី៥នាក់ប៉ុណ្ណោះ។សុធារ៉ា បន្ថែមថាដោយសារតែមុននេះកូវីដទើបធ្វើឲ្យនាងជួបវិបត្តិសេដ្ឋកិច្ចរហូតផ្ទះទិញបង់រំលស់មួយចំនួនត្រូវបង្វិលឲ្យខាងបុរីវិញទៀតផង ខណៈដែលរូបនាងបានសម្រេចចិត្តវិលមកចូលសិល្បៈសារជាថ្មីនិងបានថត២រឿងឲ្យហង្សមាស។

បើតាមលោកសាវិន ហ្វីលីព បានអះអាងថានៅថ្ងៃម្ដាយស្លាប់នោះសឿ សុធារ៉ា គ្មានលុយធ្វើបុណ្យឲ្យម្ដាយនោះទេ ព្រោះសល់តែសំបកខ្លួនហេតុនេះហើយទើបលោកបានជូនដំណឹងទៅសិល្បករទាំងឡាយឲ្យចូលរួមផ្ដល់ថវិការជួយដល់រូបនាងផង ហើយគេឃើញតារានិងមិត្តភក្ដិនាងមួយចំនួនក៍បានចូលបុណ្យម្ដាយសុធារ៉ា ជាបន្ដបន្ទាប់ផងដែរ។

សូមបញ្ជក់ថាសឿ សុធារ៉ា បានប្រឡូកសិល្បៈនៅអាយុ១១ឆ្នាំដែលភាពយន្ដដំបូងនាងសម្ដែងរឿង”រិទ្ធិសែននាងកង្រី” ក្រោមការជម្រុញពីបងប្រុសនាងលោកវុធ តែមុនម្ដាយនាងទទួលមរណភាពនេះលោកវុធ ក៍បានស្លាប់តាំងពីឆ្នាំមុនដែរ។អ្វីដែលសុធារ៉ា កាន់តែពិបាកប្រឈមមុននាងសម្រេចចិត្តវិលចូលសិល្បៈសារជាថ្មីនេះនាងក៍ធ្លាប់ត្រូវបានម្ចាស់បំណុលមួយចំនួនតាមទារលុយ ហើយរឹតតែធ្វើឲ្យតារាកូន២រូបនេះកាន់តែពិបាកចិត្តថែមទៀតគឺចំណងស្នេហានាងជាមួយលោកសាពួន មីដាដា រយៈពេល១៣ឆ្នាំ បានដល់ទីបញ្ចប់ត្រឹមថ្ងៃទី២៧មីនា ឆ្នាំ២០២២ ដែលនាងប្រកាសជាចំហថានាងជាមួយអតីតតារាហង្សមាសបានដើរដល់ទីបញ្ចប់ទៅហើយ។

អ្វីដែលគូរឲ្យកត់សម្គាល់នៅពេលដែលសឿ សុធារ៉ា បាត់បង់ម្ដាយហើយក៍បែកប្ដីនោះគេឃើញនាងហាក់កាន់តែមានវិបត្តិផ្លូវចិត្តខ្លាំងបំផុតដោយនិយាយភ្លេចមុខភ្លេចក្រោយនិងហាក់ភាំងៗទៀតផង។តារារួមអាជីពជាច្រើនបានសម្ដែងការអាណិតអាសូរនិងរំលែកទុក្ខដលើគ្រួសារនាង ខណៈដែលអ្នកខ្លះទៀតនៅតែថាសឹងតែមិនគូរឲ្យជឿរឡើយ ព្រោះសុធារ៉ា ធ្លាប់ឡើងកាលីពដល់កំពូលជិះរថយន្ដLexus Lx 570 មានទាំងអង្គរក្សបើកជូនទៀតផង តែមិនគូណានាងធ្លាក់ខ្លួនដល់ម្លឹងសោះ…។

គូររំលឹកថាសឿ សុធារ៉ា បានរៀបការជាមួយលោកសាពួន មីដាដា កាលពីថ្ងៃទី១៩ខែវិច្ឆិការឆ្នាំ២០០៩ ហើយអ្នកទាំងពីរទទួលបានកូន២នាក់គឺកូនទី១ស្រីឈ្មោះសាពួន តារាពិមាន អាយុជាង១០ឆ្នាំ និងកូនទី២ប្រុសឈ្មោះសាពួន ដារ៉ាបុរស អាយុជាង៣ឆ្នាំ ខណៈដែលមុនចែកផ្លូវគ្នានេះសុធារ៉ា បានលក់ផ្ទះធំរបស់នាងនៅក្បែរផ្សារទួលទំពួង និងទៅរស់នៅក្បែរស្ពានលេខ៩ សង្កាត់ជ្រោយចង្វារ ខណ្ឌព្រែកលាភ រាជធានីភ្នំពេញ។តាមស្ថានភាពរបស់សុធារ៉ា នាពេលនេះនាងរងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងបំផុត ហេតុនេះហើយមានតែអាជីពសិល្បៈប៉ុណ្ណោះដែលអាចធ្វើឲ្យនាងអាចស្ដារមុខមាត់នឹងរកប្រាក់ចំណូលឡើងវិញក្រោយពីនាងបញ្ចប់ធ្វើបុណ្យជូនម្ដាយនាងរួច៕

