ភ្នំពេញ៖អ្នកចម្រៀងធ្លាក់ខ្លួនមេម៉ាយទាំងវ័យក្មេងនាងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានបង្ហាញកាលវិភាគ(Schedule)របស់ខ្លួនថានៅខែតុលា នាងចេញច្រៀងដល់ទៅ៧កម្មវិធីផ្សេងគ្នា ដែលនេះបញ្ជាក់ពីទីផ្សារចម្រៀងរបស់នាងមានយ៊ីអ៊ុនល្អ ព្រោះគេត្រូវការ។ប៉ុន្ដែគេកត់សម្គាល់ថាការឡើងកូដមួយក្រឺតរបស់ស្រីពេជ្រ នាពេលនេះក្រោយនាងបានប៉ៈប្រុសក្មេងជាកូនមន្រ្ដីធំផ្កាយ២លោកថុល សុភិទិ ដែលពួកគេធ្លាប់ច្រៀងផ្ដោះផ្ដងគ្នាមួយប្រាវកាលពីពេលថ្មីៗនេះធ្វើឲ្យអ្នកមេម៉ាយមានការចាប់អារម្មណ៍ច្រើនជាងមុនឬពេលចាប់ដៃដៃគូចាស់នីកូ ។ប៉ុន្ដែអ្នកខ្លះទៀតបែជាយល់ឃើញថាសូលីកា ចាប់ផ្ដើមមានទីផ្សារសិល្បៈសារជាថ្មី ក្រោយនាងចែកផ្លូវជាមួយអតីតគូដណ្ដឹងនាងលោកគឹម ហាន កាលពីខែកក្កដា ធ្វើឲ្យការប្រគុំតន្ត្រីមួយចំនួនងាកមកចាប់អារម្មណ៍នាងជាងមុន បើទោះជានាងមិនមែនជាតារាលំដាប់ជូរមុខរបស់ហង្សមាសក្ដី។

គង់ ស្រីពេជ្រ ឬពេជ្រ សូលីកា បានយកការងារបំបាត់ទុក្ខសោកក្នុងជីវិត ខណៈដែលនាងជួបរឿងធំដល់ទៅ២ក្នុងពេលតែ១ហើយបើតារាស្រីផ្សេងជួបរឿងនេះច្បាស់ជាអាចប្រឈមពិបាកធ្វើចិត្តបានដូចនាងនោះគឺម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង ត្រូវជាប់គុគដល់ទៅ១២ឆ្នាំ ខណៈដែលគូណ្ដឹងនាងលោកគឹម ហាន បានផ្ដាច់ស្នេហ៍ក្នុងពេលតែមួយនេះដែរធ្វើឲ្យនាងខកគម្រោងរៀបការនៅឆ្នាំ២០២៣ នឹងចេញទៅរស់នៅប្រទេសអូស្ដា្រលី។តែសូលីកា នៅតែអាចកាន់ក្បាលមីក្រូឡើងឆាកតន្រ្ដីបានដោយនាងតាំងចិត្តថាត្រូវប្រឹងរកលុយផង និងចិញ្ចឹមកូនផង។

អ្វីដែលគូរឲ្យចាប់អារម្មណ៍អ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះ ដោយសារតែរក្សារបានរូបសម្រស់មិនធ្លាក់ចុះ មិនបែកសាច់ទើបធ្វើឲ្យនាងមានប្រុសកាន់តែច្រើនចង់ចូលខ្លួនទៅស្អំរបួសបេះដូងនាង។ប៉ុន្ដែស្រីពេជ្រ បែជាបង្ហាញភាពស្និតស្នេហ៍ជាមួយបុរសលេងម៉ូដសាក់លោកសុភិទិ ដូចគូស្នេហ៍ទៅវិញ បើទោះជានាងធ្លាប់អះអាងថាកូនមន្រ្ដីធំនោះមិនមែនជាសង្សារហើយនាងគ្រាន់តែជាFan របស់គេក្ដី តែអ្នកខ្លះនៅមិនជឿរកាវាចាររបស់អ្នកមេម៉ាយសម្រស់នៅតែខ្ញង់រូបនេះឡើយ។

មជ្ឈដ្ឋានមហាជនរងចាំមើលថាតើអ្នកមេម៉ាយពេជ្រ សូលីកា នឹងជ្រើសផ្លូវធ្វើជាជំទាវលាក់មុខជាលើកទី២ ឬក៍នាងចង់យកប្ដីជាតារាដូចគ្នាវិញម្ដង?
