ខេត្តព្រះសីហនុ ៖ នារីរូបស្រស់ម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ដោះស្រាយមិនចេញ បានលោតពីលើសណ្ឋាគារមួយកន្លែង បណ្តាលឱ្យទើរលើជាន់ទី២ ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៥០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចសណ្ឋាគារ Blue Bay មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២ធ្នូ ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

សមត្ថកិច្ចបានឱ្យដឹងថា មាននារីម្នាក់បានធ្លាក់ពីលើសណ្ឋាគារ Blue Bay បណ្តាលឱ្យស្លាប់ ដោយធ្លាក់ពីជាន់លើ រួចទើរនៅជាន់ទី២។ យ៉ាងណាក្តី នារីរងគ្រោះខាងលើ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ និងសង្ស័យជាជនបរទេស។

ជុំវិញករណីខាងលើ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យភ្លាមៗ ដោយសន្និដ្ឋានជំហានដំបូងថា ជាករណីអត្តឃាតកម្ម លោតសម្លាប់ខ្លួន។ យ៉ាងណា សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីឱ្យដឹងពីមូលហេតុច្បាស់លាស់៕