ភ្នំពេញ៖តារាចម្រៀងរ៉េប លំដាប់ជូរមុខគេគេនាពេលបច្ចុប្បន្នគឺលោកវណ្ណដា បានចេញបទ”J+02”កាលពីថ្ងៃទី៣០តុលា ដែលអត្ថន័យបទចម្រៀងនោះរៀបរាប់ពីកំហឹងដែលបទចម្រៀងរបស់ខ្លួនត្រូវបែកធ្លាយមុនចេញ ហើយគ្រប់គ្នាអាចស្ដាប់ទៅយល់ថាខ្លឹមសារនៃបទចម្រៀងរបស់តារារូបនេះទាំងមូលគឺច្រៀងឌឺដង ថាឲ្យអ្នកចម្រៀងងួន ចាន់ដេវីត តែម្ដងដូចជាឃ្លាថាលុបនេះលុបនោះ ឆ្លៀតទៅបួស និងជិតក្លាយជាឪគេ នៅឡេឡឺ…ជាដើម។អ្នកលេងបណ្ដាញសង្គមចាត់ទុកថានេះគេជាការវាយប្រហារបស់វណ្ណដា ទៅលើដេវីត ចំៗហើយធ្វើឲ្យអនាគតស្វាមីរបស់ទេព បូព្រឹក្ស រូបនេះគឺពិតជាពិបាកងើបមុខខ្លាំងណាស់។យ៉ាងណាគិតមកត្រឹមថ្ងៃទី៣១ តុលា គេមិនទាន់បានឃើញដេវីត ច្រៀងវាយបកទៅវណ្ណដា វិញនោះទេ។ប៉ុន្ដែនៅក្នុងវីដេអូ១នៅលើTik Tok គេឃើញលោកដេវីត និយាយថាបើចង់តគឺតមិនកើត តដូចឲ្យក្រឌីតទៅគេបន្ថែមទៀត ដូចជាគេថាឲ្យយើង យើងតុកស៊ិចខឹង ចង់ប្រកាច់តែម្ដង យើងចង់ត ប៉ុន្ដែតមិនកើតទេ បើតប្រៀបដូចធ្វើឲ្យគេកាន់តែល្បី អីចឹងត្រូវទ្រាំ គ្រាំគ្រា…។

មជ្ឈដ្ឋានមហាជនមើលឃើញថាសង្គា្រមពាក្យសំដីរបស់វណ្ណដា ដែលរំលេចនៅលើបទចម្រៀងរ៉េប របស់ខ្លួននោះគឺហាក់ដូចជាអ្នកចម្រៀងរូបនេះទ្រាំជាយូណាស់មកហើយ និងមិនអាចទុកបានតទៅទៀតទើបព្រលែងម្ដងធ្ងន់ទៅលើដេវីត បែបនេះ។ចំណែកអ្នកខ្លះទៀតថា”ភ្នំ១ មិនអាចមានខ្លា២”នោះមិនខុសទេព្រោះថាអ្នកចម្រៀងរ៉េប ទាំងពីរកំពុងតែប្រជែងគ្នាយកតំណែងលេខ១រៀងខ្លួន។

តើវណ្ណដា ឬងួន ចាន់ដេវីត ជាតារាចម្រៀងរ៉េបល្បីជាងគេនៅឆ្នាំ២០២២ ?


ពេជ្រ សោភា តារាចម្រៀងដែលអាចច្រៀងបានជាច្រើនទម្រង់រួមទាំងរ៉េបផង ហើយធ្លាប់ជាអ្នកជួយត្រួសត្រាយផ្លូវឲ្យងួន ចាន់ដេវីត មានឱកាសឈជើងនៅហង្សមាសកាលពីឆ្នាំ២០១៥ នោះបានផ្ដល់បទសម្ភាសន៍តាមទូរស័ព្ទជាមួយ”នគរធំ”កាលពីរសៀលថ្ងៃទី៣១ តុលា ថាអ្នកនាងឃើញមានការចែកចាយ(Share)នៅលើបណ្ដាញសង្គមពីរឿងតារារ៉េប ទាំង ពីរយ៉ាងមមាញឹកមែន។តែសោភា បែជាថាមិនដឹងថាវណ្ណដា ច្រៀងថាឲ្យដេវីត ដូចគេម៉ៃមែន ឬអ្នកផ្សេងនោះទេ។យ៉ាងណាសោភា ថានៅក្នុងពិភពរ៉េប គឺពិតជាពិបាកគេចផុតពីការប៉ៈទង្គិចគ្នាប្រាកដមែនព្រោះចង្វាក់រ៉េប នេះឃើញម៉េចច្រៀងចឹង។ប៉ុន្ដែតាមទស្សនៈរបស់នាងថាតារារ៉េប ទាំងពីរគឺវណ្ណដា និងដេវីត គ្មានបញ្ហាអីធ្ងន់និងគ្នាពេកទេ ហើយរឿងដែលធ្វើឲ្យទៅជាបែបនេះអាចមកពីFan ទាំងសងខាង និងអ្នកកាត់រូបភាពតនៅលើបណ្ដាញសង្គម ផ្គូផ្គងគ្នាអ្នកស្រលាញ់វណ្ណដា ថាIdol គេល្អជាង អ្នកស្រលាញ់ដេវីត ថាតារាគេល្អជាងចឹងទៅ…។សោភា បន្ថែមថាចាំមើលចុះតារាទាំងពីរ(វណ្ណដា-ដេវីត)នៅលើឆាកជាមួយគ្នាគេនៅតែគ្មានរឿងអីជាមួយគ្នា តែFan តើទាស់គ្នាខ្លាំងជាងតួឯកទៅទៀត។សោភា អះអាងដែរថាជាទស្សនៈរបស់នាងរវាងវណ្ណដា និងដេវីត ធ្វើបានល្អដូចគ្នា ពួកគេមានស្ទីលនិងវិធីទាក់ទាញផ្សេងៗគ្នា ដេវីត ខ្លាំងបែបគាត់ទៅ ចំណែកវណ្ណដា ជាមនុស្ស”ឆ្លាត”។


បើទោះជាអ្នកយកព័តមានយើងសង្កត់សំណួរដើម្បីឲ្យពេជ្រ សោភា កំណត់ថាតើវណ្ណដា និងងួន ចាន់ដេវីត មួយណាខ្លាំងជាងនោះយ៉ាងណាក៍សោភា មិនឆ្លើយចំនោះទេ តែនាងថា”ម្យាងៗ”ម្នាក់ទៅវិញ។ប៉ុន្ដែតាមប្រភពក្រៅផ្លូវការពីអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីម្នាក់បង្ហើបថាវណ្ណដា មានតម្លៃខ្លួនខ្ពស់ជាងដេវីត នារយៈពេលចុងក្រោយនេះ។ចំពោះសោភា វិញនាងសរសើរថាដីវីត មានជំនាញរ៉េប និងខ្លាំងតាំងពីមុនជួបនាងម្លេះគ្រាន់តែពេលនោះរូបគេគ្មានទីតាំងបញ្ចេញសម្ថភាព ទើបរូបនាងបានបង្ហាញផ្លូវទៅហង្សមាសកាលពីឆ្នាំ២០១៥ គឺដើម្បីឲ្យរូបគេមានផលិតកម្មច្រៀង។នាងថាបច្ចុប្បន្នក្រោយឃើញដេវីត មានជីវភាពធូធាររូបនាងគ្មានអ្វីសប្បាយចិត្តលើលនេះទេ ព្រោះពីមុនគេធ្លាប់ខ្វះខាត ឥឡូវរកលុយបានជួយដល់ក្រុមគ្រួសារគេឲ្យរស់នៅបានល្អប្រសើរហើយ។


អ្នកតាមដានរឿងវណ្ណដា និងដេវីត រងចាំមើលគូស្នេហ៍នាងទេព បូព្រឹក្ស នឹងច្រៀងវាយបកទៅវណ្ណដា វិញឬអត់នាពេលខាងមុខនេះ?
សម្រាប់ពេជ្រ សោភា យល់ថាបើសិនជាវណ្ណដា និងដេវីត តតបគ្នាថែមទៀតនោះនាងថាគូកុំធ្វើនៅពេលនេះព្រោះអាចប៉ៈពាល់ដល់សិស្សប្រលងបាក់ឌុបដែលត្រៀមធ្វើនៅថ្ងៃទី៥ ខែធ្នូឆ្នាំ២០២២ នេះ ព្រោះពួកគេអាចនឹងតាមដានរឿងតារាទាំងពីរជាងមើលមេរៀន អីចឹងនាងសំណូមពរចាំឲ្យប្អូនៗប្រលងជាប់សិន ចាំគិតទៀត៕