ភ្នំពេញ៖អតីតអគ្គនាយករងទូរទស្សន៍CTN ,SEA TV និងETV និងជាអ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់ម្នាក់លោកគួច ខេវិន បានចេញសារទាក់ទងរឿងលោកមិន សារិន ហៅលោកតាម៉ែន ដែលតូចចិត្តនិងចង់ជួបអ្នកនាងអ៊ុំ សុវណ្ណនី ជាកូនលោកបង្កើតកំពុងរស់នៅលើទឹកដីអាមេរិកតែកូនមិនឆ្លើយឆ្លងនោះដោយលោកខេវិន អះអាងថាចម្លើយនៃរឿងនេះគឺមានតែប្រពន្ធកូនរបស់លោកតាម៉ែន ប៉ុណ្ណោះដែលអាចឆ្លើយបាន។លោកខេវិន ថែមទាំងសង្កត់ជាសំណួរថា”ហេតុអីគេទុកឲ្យគាត់(តាម៉ែន)ឲ្យនៅស្រុកខ្មែរតែឯង?


លោកគួច ខេវិន បានថ្លែងសារបង្ហោះនៅលើហ្វេសបុករបស់លោកនៅថ្ងៃទី១ វិច្ឆិកា ទាក់ទងរឿងអតីតតារាភាពយន្ដលោកមិន សារិន ហៅលោកតាម៉ែន ដង្ហោយចង់ជួបអ្នកនាងអ៊ុំ សុវណ្ណនី នៅជីវិតចុងក្រោយនោះថា”មិនចង់ទាស់ មិនចង់ទើស មិនចង់ប៉ៈចង់ពាល់ជាមួយនរណាម្នាក់ដោយសារតែរឿង របស់អ្នកដ៏ទៃនោះទេ ប៉ុន្តែវាឆ្គងភ្នែក វាហ៊ឹងត្រចៀកពេកទើបលូកមាត់និយាយលេងបន្តិចជុំវិញរឿងលោកឪពុកអ្នកនាងអ៊ុំ សុវណ្ណនី និងអ្នកនាងអ៊ុំ សុវណ្ណនី(តារាភាពយន្តរបស់កម្ពុជា)ព្រមទាំងម្តាយ និងកូនៗរបស់អ្នកនាង ៣នាក់ផ្សេងទៀត។ ទិដ្ឋភាពខាងក្រៅជាមួយនឹងការផ្សាយព័ត៌មានបែបនៅឆ្ងាយពីវិជ្ជាជីវៈ ឬអាចនិយាយម៉្យាងទៀតថា មិនមានសញ្ញាប័ត្រ”សារគមនាគមន៍” វាបានធ្វើឲ្យអ្នកទទួល ព័ត៌មានមានភាពភ័ន្តច្រឡំ ឬលំអៀងគ្មានយុត្តិធ៌មទៅលើប្រភពម្ខាងៗ ប្រាសចាកពីក្បួនខ្នាត ឬក្រមសិលធ៌មរប ស់អ្នកសារព័ត៌មាន?។


អ្នកកាសែតបានជួប បានសួរលោកតាមិន សារិនឬតាម៉ែន ដែលជាឪពុក អ្នកនាងអ៊ុំ សុវណ្ណនី ដែលថ្លែងសារទុក្ខរៀបរាប់ពីក្តីវេទនាក្នុងគ្រានេះ ដែលថាអតីតប្រពន្ធ កូន(នាងអ៊ុំ សុវណ្ណនី)រួមទាំងចៅៗ ៣នាក់ទៀតបានបោះបង់គាត់ចោល ទោះគ្រាលំបាកតោកយ៉ាកយ៉ាងណាក៏មិនខ្ចីរវល់អើពើ។ បើមើលទៅស្តាប់ទៅគឺគួឲ្យខ្លោចចិត្តអាណិត សង្រោកសង្រេងចំពោះតាម៉ែនមែនទែន? ក៏ប៉ុន្តែតើអ្នកសម្ភាសន៍បានភ្ជាប់ទំនាក់ទំនងសាកសួរឲ្យអ្នកនាងអ៊ុំ សុវណ្ណនីជាកូន និងអតីតប្រពន្ធ ចៅៗរបស់តាម៉ែន បានឆ្លើយបំភ្លឺគ្រប់បញ្ហា ដើម្បីភាពយុត្តិធ៌មលើប្រព័ន្ធផ្សព្វផ្សាយនេះបានទេ? អ្នកនាងសុវណ្ណនី ដែលរសាត់អណ្តែតពីស្រុកខ្មែរទៅផ្ញើខ្សែជីវិតនៅលើដីអាម៉េរិក ខំស៊ូប្រឹងប្រែងហួសសមត្ថភាពខ្លួនជាស្រី្ដ អាចធានាម្តាយនិងកូននាង ៣នាក់ទៀតឲ្យទៅរស់នៅសហរដ្ឋអាម៉េរិកដោយស្របច្បាប់ តើពេលនោះតាម៉ែន មានដង្ហើយរកប្រពន្ធ កូនឬចៅ ឲ្យមកជួបដែរទេ?ហេតុអីក៏គេទុកគាត់ឲ្យនៅស្រុកខ្មែរតែឯកឯង? ចម្លើយគឺមានតែប្រពន្ធកូនចៅ របស់តាម៉ែន ប៉ុណ្ណោះដែលឆ្លើយបាន?សូម្បីតែតាម៉ែន ក៏ឆ្លើយជំនួសមិនបានដែរ?។


ប្រសិនបើអាច ឬមានការផ្សាយលើកក្រោយៗទៀត សូមលោកអ្នកសួរមេត្តាកែពាក្យខ្លះៗផង តួយ៉ាង”លោកតាមានអាយុប៉ុន្មានហើយ”មិនមែនលោកតាមានព្រះជន្មប៉ុន្មានហើយនោះទេ ។ វាខុសឋានានុក្រមនៃពាក្យខ្មែរ”ពាក្យក្សត្យ ពាក្យសង្ឃ ពាក្យរាស្រ្ត” បើមិនទាន់បានរៀន ទៅរៀនម្តងទៀត ទាំងច្បាប់សារគមនាគនម៍ ទាំងអក្សរសាស្ត្រជាតិ ហើយចាំមកផ្សាយម្តងទៀត កុំឲ្យខ្មាសក្មេង?”។


អ្នកលេងបណ្ដាញសង្គមជាច្រើនបានលើកឡើងថាការបញ្ចេញយោបល់របស់លោកគួច ខេវិន មានហេតុផលច្បាស់លាស់ និងខ្លះសង្ស័យថាអ្នកនាងអ៊ុំ សុវណ្ណនី អាចនឹងនៅតែឈឺចាប់រឿងឪពុកខ្លួនគឺលោកតាម៉ែន មានភរិយាទី២ មិនបានផ្គត់ផ្គងនាងនិងប្អូនៗទាំង៣រួមទាំងម្ដាយកាលរូបនាងនៅតូច ទើបនៅតែមិនទាន់ឆ្លើយតបទៅកាន់ឪពុកខ្លួនបែបនេះ។ដោយឡែកលោកតាម៉ែន វិញបានប្រាប់លោកសាវិន ហ្វីលីព កាលពីពេលថ្មីៗនេះថាលោកពិតជាទទួលស្គាល់នូវកំហុសឆ្គងខ្លះៗមែនដែលមិនបានចិញ្ចឹមបីបាច់កូនៗភរិយាដើមលោកកាលពួកគេនៅតូចៗនោះ ។ប៉ុន្ដែលោកតាថាអ៊ុំ សុវណ្ណនី គឺ១០០% ជាកូនរបស់លោកមែនហើយការឈានចូលសិល្បៈរបស់សុវណ្ណនី និងបានល្បីល្បាញឈ្មោះក៍ដោយសារតែលោកជាអ្នកនាំកូនស្រីយកមកបណ្ដុះបណ្ដាលបង្ហាញផ្លូវផងដែរ។លោកតាម៉ែន ក៍បានឆ្លើយតបទៅផេក១ដែលក្មួយប្រុសរបស់អ្នកនាងអ៊ុំ សុវណ្ណនី គឺលោកអ៊ុំ សុវណ្ណគិរី លើកឡើងថាហេតុអីបានជាលោកតាម៉ែន មិនលើកពីកូនៗគាត់ទាំង៨នាក់របស់ភរិយាទី២ដែលអ្នកខ្លះមានពាក់ផ្កាយលើស្មាមកនិយាយ បែជាលើកពីអ្នកនាងអ៊ុំ សុវណ្ណនី មិនអើពើរលោក ហើយនាងទើបតែដឹងថាលោកតាជាឪពុកខ្លួននៅឆ្នាំ១៩៨៦ នោះទៅវិញ?


តើនេះឬដែលពាក្យថាស្រលាញ់កូននោះ?យ៉ាងណាលោកតាម៉ែន វ័យ៨៣ឆ្នាំនៅតែទទួចថាលោកចង់ជួបកូនស្រីនាជីវិតចុងក្រោយ ហើយមិនមែនចង់បានលុយកាក់ឬទ្រព្យសម្បត្តិពីកូននោះទេ តែចង់ស្ដាប់សំដីកូនដែលជាឈាមរបស់លោក។ចំណែកលោកហ្វីលីព វិញបានអះអាងថាលោកគ្មានបំណងណាមួយដាក់សម្ពាធទៅលើអ្នកនាងអ៊ុំ សុវណ្ណនី នោះទេក្នុងការពាំនាំយកពាក្យពេជន៍របស់លោកតាម៉ែន ផ្ដាំផ្ញើរទៅនាងនោះតែលោកសូមសំពះជើងអ្នកនាងសូមឲ្យឆ្លើយឆ្លងជាមួយឪពុកតែបន្ដិចក៍លោកតាអស់ចិត្តដែរ៕
