ភ្នំពេញ៖មាស សុខសោភា ដែលបានតាំងចិត្តថាធ្វើឲ្យទីផ្សារចម្រៀងរបស់នាងផ្ទុះនិងបង្ហាញអ្វីដែលប្លែកបំផុតមិនធ្លាប់មានក្នុងអាជីពនៅឆ្នាំ២០២២ នោះពេលនេះមិនទាន់ដូចបំណងនោះទេ ព្រោះថាការនិយាយស្រួលជាងធ្វើ។ទោះជាយ៉ាងណាថ្មីៗនេះសុខសោភា ហាក់តែងខ្លួនកាន់តែកាចជាងមុនពិសេសគឺឈុតរោមចៀមក្រហម ពាក់កន្ទុយសក់ស ហើយដៃកាន់ច្រវ៉ាក់ទាក់កបុរសម្នាក់ដែលអោននៅក្បែជើងនាង។ឈុតកាន់តែចម្លែករបស់សោភា នេះអាចចាត់ទុកថាថ្មីបំផុតជំនួសបទចម្រៀងដែលនាងថានឹងព្រលែងឲ្យគេភ្ញាក់ផ្អើលតែនៅតែមិនទាន់ឃើញចេញនោះជាមិនខាន ខណៈដែលនៅថ្ងៃបុណ្យHallowen កាលពីថ្ងៃទី៣១ តុលា នោះសោភា រឹតតែតែងខ្លួនមួយបែបទៀតឲ្យត្រូវទៅតាមប្រភេទកម្មវិធីដែលនាងច្រៀងដូចជាមានបិតរូបតែមបេះដូងនៅថ្ពាល់ និងរូបលោកខែនៅកណ្ដាលថ្ងាសជាដើម។Fan ដែលបានទស្សនាការច្រៀងសម្ដែងរបស់សុខសោភា ជាមួយឈុតខ្មៅហើយនៅលើមុខមានតុបតែងតែមប្លែកៗនោះពួកគេពិតជាភ្ញាក់ផ្អើល ព្រោះនាងពិតជាពូកែរៀបចំខ្លួនហើយចេះបត់បែនទៅតាមប្រភេទនៃកម្មវិធី ខណៈដែលសម្លេងរបស់នាងវិញនៅតែផ្អែមដូចមុនដដែលគឺមិនបានផ្លាស់ប្ដូរឬប្រែប្រួលទៅតាមការលេងខ្លួនរបស់នាងឡើយ។


គូរកត់សម្គាល់ថាមាស សុខសោភា បានជ្រកនៅទ្រនុំរាម ជាង១ឆ្នាំទៅហើយក្រោយនាងអស់និស្ស័យជាមួយថោន បន្ទាប់ពីបានច្រៀងនៅទីនោះអស់៩ឆ្នាំ។ប៉ុន្ដែការទើនៅរាម នេះសុខសោភា នាងហាក់មិនបានធ្វើឲ្យទីផ្សារចម្រៀងខ្លាំងថែមទៀតនោះទេ គឺនៅទ្រឹងតែម្ដង ហើយតាមConcerts ធំៗមួយចំនួនសោភា ច្រើនតែយកបទល្បីចាស់ៗច្រៀងឡើងវិញជាងបទថ្មីៗរបស់ខ្លួន។យ៉ាងណាការមានវិធីតុបតែងខ្លួនរបស់សោភា ផ្លាស់ប្ដូរសឹងគ្រប់ពេលទាំងម៉ូដសក់ និងសម្លៀកបំពាក់នោះវាធ្វើឲ្យនាងរឹតតែទទួលបានការចាប់អារម្មណ៍កាន់តែច្រើនថែមទៀតពីលើបទចម្រៀង ។ប៉ុន្ដែអ្វីដែលFan របស់សោភា ខកចិត្តនោះមិនមែនរឿងនាងគ្មានបទផ្ទុះនោះទេ តែពួកគេចង់ឃើញនាងដឹកដៃកំពូលស្នេហ៍នាងលោកគ្រូពេទ្យអ៊ឹត រ៉ាដា រៀបការជាលើកទី៣ ជាលក្ខណៈចំហដូចមង្គលការឱក សុគន្ធកញ្ញា ,សុគន្ធ និសា និងសួស វីសា ជាដើម។


គេចាំមើលថាតើមាស សុខសោភា នឹងធ្វើឲ្យរឿងស្នេហានាងផ្ទុះមុនបទចម្រៀងឬនាងនៅតែបន្ដគ្មានឱកាសបានរៀបការជាសាធារណៈដូចមិត្តរួមអាជីព?

