ភ្នំពេញ៖២ថ្ងៃប៉ុណ្ណោះក្រោយតារាចម្រៀងរ៉េបលោកវណ្ណដា បានចេញបទ” ”J+02”កាលពីថ្ងៃទី៣០ តុលា ដែលអ្នកលេងបណ្ដាញសង្គមយល់ថាបទនោះអត្ថន័យទាំងមូលវ៉ៃប្រហាចំៗទៅលើងួន ចាន់ដេវីត នោះស្រាប់តែកាលពីល្ងាចថ្ងៃទី១ វិច្ឆិកា ដេវីត បានចេញបទវាយបទទៅតារារ៉េបខាងលើនោះវិញក្ដៅៗតែម្ដងនោះគឺបទ”ចុមអាអូនអត់ដេក”។តាមរយៈបទចម្រៀងនេះក្រុមFan របស់ដេវីត កាត់តវីដេអូនិងចែកចាយឌឺដងទៅឲ្យវណ្ណដា វិញម្ដងទើបធ្វើឲ្យសង្រា្គមបទរ៉េប ឆ្លើយឆ្លងគ្នានេះកាន់តែក្ដៅគគុក ខណៈដែលអ្នកគាំទ្រវណ្ណដា ថាប៉ារូលរបស់ដេវីត វាយទៅវណ្ណដា ហាក់មិនសូវចុកដូចវណ្ណដា ដាក់ទៅដេវីត នោះទេ។
យ៉ាងណាគេថារឿងអ្វីក៍ដោយក៍មានរឿងល្អនិងអាក្រក់ដែរ ពោលគឺការវាយបកគ្នាទៅវិញទៅមករវាងដេវីត និងវណ្ណដា នាពេលនេះធ្វើឲ្យទីផ្សារបទចម្រៀងរ៉េបហាក់ផ្ទុះនឹងកក្រើកជាថ្មីម្ដងទៀតនៅកម្ពុជា ខណៈដែលបទប្រភេទនេះពីមុនពេញនិយមតែនៅតំបន់ប៉ែកអ៊ឺរ៉ុប។ប៉ុន្ដែរឿងដែលកាន់តែអាក្រក់នោះគឺតារាចម្រៀងឲ្យល្បីល្បាញកេរ្ដិ៍ឈ្មោះប្រហាក់ប្រហែលគ្នាគឺចាប់ផ្ដើមកាច់កុងគ្នា លែងត្រូវគ្នាតែម្ដងព្រោះ”ភ្នំ១ មិនអាចមានខ្លា២”។គេកត់សម្គាល់ដែរថាក្រោយឃើញដេវីត និងវណ្ណដា តបគ្នាតាមបទចម្រៀងភ្លាមៗបែបនេះថ្មីៗនេះដែរឯកឧត្តមហ៊ុន ជា ដែលជាក្មួយលោកនាយករដ្ឋមន្រ្ដីនោះក៍បានបញ្ចេញយោបល់ចង់ឃើញតារាចម្រៀងទាំងពីរចាប់ដៃគ្នាធ្វើបទចម្រៀងផងដែរ។
សូមបញ្ជាក់ថាងួន ចាន់ដេវីត ដែលជាអនាគតស្វាមីរបស់ទេព បូព្រឹក្ស នោះធ្លាប់បានសាងស្នាដៃជាច្រើនតាមរយៈការចេញបទរ៉េប របស់ខ្លួនពិសេសគឺបទ”រាំញីកែងជើង”ដែលល្បីល្បាញខ្លាំងកាលពីឆ្នាំ២០១៥ នៅពេលដែលលោកចាប់ដៃជាមួយពេជ្រ សោភា ។ប៉ុន្ដែរយៈពេលចុងក្រោយនេះគ្រប់គ្នាបានមើលឃើញថាវណ្ណដា ក៍មិនធម្មតាដែរព្រោះមានអ្នកគាំទ្រច្រើនពិសេសក្រោយចេញបទ”Time To Rise “មកធ្វើឲ្យតារារូបតូចចិត្តធំរូបនេះគ្មានចំណុចណាក្រោមងួន ចាន់ដេវីត ឡើយ ហេតុនេះហើយបានជាតារាទាំងពីរត្រូវបានអ្នកខ្លះគិតថាពួកគេចង់បានលេខ១រៀងៗខ្លួនទើបបង្ករទៅជាជម្លោះដៀមដាមគ្នាតាមរយៈបទចម្រៀងផ្អើលពេញបណ្ដាញសង្គមហើយមានអ្នកតាមដានដូចរឿងភាគថៃបែបនេះតែម្ដង៕