ភ្នំពេញ៖ពេជ្រ សោភា បានបង្ហាញទឹកមុខរីករាយនៅថ្ងៃមង្គលការរបស់ក្មួយប្រុសនាងលោកសុន ប៊ុនជេម និងអ្នកនាងឡាត់ រដ្ឋា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលពិធីនោះធ្វើនៅផ្ទះរបស់នាងផ្ទាល់តែម្ដងនៅសង្កាត់បឹងទំពុន ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។សោភា បានឲ្យដឹងថាពិធីជប់លៀងមង្គលការរបស់ក្មួយទាំងពីររបស់នាងធ្វើចំនួន៥០តុ ដែលក្នុងនោះមានមិត្តភក្ដិអ្នកសិល្បករត្រូវបាននាងអញ្ជើញមានតិចតួចទេ ក្រៅពីនេះភ្ញៀវទូទៅដែលភាគច្រើនជាមន្រ្ដីរាជការខាងបងស្រីនិងបងថ្លៃនាងអញ្ជើញនិងអ្នករស់នៅបុរីជាមួយគ្នា។ចំពោះមូលហេតុដែលសោភា ហៅភ្ញៀវតារាតិចបំផុតឲ្យចូលរួមពិធីមង្គលការរបស់ក្មួយនោះត្រូវបាននាងបង្ហើបថាដោយសារតែនាងនៅមានកម្មវិធីពិសេសមួយទៀត តែនាងមិនប្រាប់ឲ្យចំថាជាកម្មវិធីអ្វីឡើយ។
ទាក់ទងការចំណាយមង្គលការរបស់ក្មួយពេជ្រ សោភា នេះដែរតារាចម្រៀងហង្សមាសរូបនេះបង្ហើបថាសរុបខ្ទង់៧ម៉ឺនដុល្លារដែលក្នុងនោះគ្រាន់តែសម្អាងការអស់ចំនួនដល់ទៅ១២០០០ដុល្លារទៅហើយ។នាងថាពិធីនោះមិនមែនគ្រួសារខាងប្រុសអត់លទ្ធភាពនោះទេ ប៉ុន្ដែក្នុងនាមនាងជាមីងរបស់កូនកំលោះហេតុនេះហើយនាងជួយចេញទៅលើពិធីនោះចន្លោះពី៣ទៅ៤ម៉ឺនដុល្លារ ហើយនាងមានអារម្មណ៍រំភើបដែលឃើញក្មួយទាំងពីរមានអនាគត ព្រោះពួកគេស្រលាញ់គ្នាជាង៥ឆ្នាំទើបរៀបការនាពេលនេះ។
គេឃើញតារាសិល្បករដែលចូលរួមពិធីមង្គលការរបស់ក្មួយពេជ្រ សោភា មានតែសួស វីសា ,កែវ សុបញ្ញា ឆន សុណ្ណារាជ ,ថមមី,ឈាន ជាលឿយ និងអ្នករាំរបស់នាងប៉ុណ្ណោះ ខណៈដែលលោកជំទាវទ្រី ដាណា ក៍មានវត្តមានចូលរួមផងដែរ ព្រោះលោកស្រីនិងសោភា រាប់អានគ្នាយ៉ាងស្និតស្នាល។សោភា ក៍បានបង្ហើបប្រាប់អ្នកយកព័តមានយើងដែរថាក្រៅពីបានជួយដល់ក្មួយក្នុងការចំណាយថវិការផ្ទាល់ខ្លួនក្នុងថ្ងៃពិធីមង្គលការនោះកន្លងមកនាងក៍ធ្លាប់បានផ្គត់ផ្គងដល់ការសិក្សាររបស់ក្មួយប្រុសនាងផងដែរ បើទោះជាក្មួយនាងមិនដែលទាមទារក្ដី តែនាងពេញចិត្តជួយពួកគេពិសេសគឺការរៀនសូត្រនេះតែម្ដង។
ទស្សនិកជនរងចាំមើលថាក្រោយរៀបការឲ្យក្មួយរួចពេជ្រ សោភា នឹងចូលរោងការខ្លួនឯងនាពេលណា?បុរសណាទៅជាកូនកំលោះរបស់នាង?