ភ្នំពេញ៖ពេជ្រ សោភា និងលោកឆឹម សក្កដា បានបង្ហាញមុខរួមគ្នាជាថ្មីនៅថ្ងៃមង្គលការក្មួយរបស់សោភា កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២២ ដែលធ្វើឲ្យទាំងភ្ញៀវអ្នកសិល្បៈនិងក្រៅសិល្បៈមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះថាពួកគេបានផ្អាកស្និតគ្នាអស់រយៈពេលជាង១០ខែទៅហើយ។អ្វីដែលគូរឲ្យកត់សម្គាល់នោះសោភា បានដឹកដៃសក្កដា ច្រៀងបទ”សុភមង្គលស្នេហ៍”ដើម្បីឲ្យក្មួយប្រុសរបស់សោភា និងភរិយារាំស្លូវទៀតផង ហើយតារាហង្សមាសប្រកាសថាបទនោះគឺលោកសក្កដា ជាអ្នកនិពន្ធតែនាងអាចចេះប៉ារូលច្រៀងបាន។ការវាចារបស់សោភា បែបនេះហាក់ធ្វើឲ្យមានចម្ងល់ព្រោះការហាត់សមបទចម្រៀងថ្មី១បទអាចច្រៀងលើឆាកជាមួយគ្នាបានមិនមែនប្រើពេលត្រឹមតែមួយភ្លែតបានឡើយ ទើបគេសង្ស័យថាពួកគេទាំងពីរអាចវិលមកត្រូវរ៉ូវឬផ្សះផ្សារស្នេហ៍ឡើងវិញតាំងពីមុនថ្ងៃមង្គលការក្មួយរបស់សោភា ម្លេះ។


អ្វីដែលគូរឲ្យកាន់តែកត់សម្គាល់ថែមទៀតនោះនៅពេលដែលដល់វគ្គក្មួយប្រសាររបស់សោភា អ្នកនាងឡាត់ រដ្ឋា បោះផ្កាឲ្យអ្នកមិនទាន់មានគូចាប់នោះស្រាប់តែបងថ្លៃរបស់នាងបានឡើងប្រកាសថា មិនឲ្យនាងទៅឈចាំចាប់ផ្កានោះទេ ព្រោះសម្អាងថាប្អូនថ្លៃលោកមានគូហើយ។ភ្ញៀវជាច្រើនបានហ៊ោនិងទះដៃ ខណៈដែលគេរកពុំឃើញថាមានបុរសណាផ្សេងក្រៅពីលោកសក្កដា ដែលនៅឈក្បែសោភា នោះទេ។សោភា ហាក់មានអារម្មណ៍ច្របូកច្របល់ម្ដងហៅលោកសក្កដា ថា”ពួកម៉ាក”និងជូនកាលថាសុំហៅអីចឹងសិនទៅ …ដែលមើលទៅធ្វើឲ្យគេគិតថាពួកគេគឺជាគូណ្ដឹងគ្នា។អ្វីដែលរឹតតែសង្ស័យថាសោភា និងលោកសក្កដា បានក្លាយទៅជាគូណ្ដឹងគ្នាមែនទែននោះគឺនៅដៃឆ្វេងរបស់សោភា មានពាក់ជញ្ជៀនពេជ្រថ្មី១វង្សទៀតផង តែនាងមិនបញ្ជាក់ថាតើលោកសក្កដា ប្រគល់ឲ្យនាងឬបុរសផ្សេងនោះទេ។


អ្នកយកព័តមានយើងបានជជីកសួរពេជ្រ សោភា រឿងទំនាក់ទំនងនាងជាមួយលោកឆឹម សក្កដា ថាតើអាចផ្សះផ្សារស្នេហ៍ជាថ្មីឲ្យដូចដើមវិញឬយ៉ាងណានោះ តែសោភា ឆ្លើយហាក់ប្រុងប្រយត្នថាបើមិនដែលមានបញ្ហាអីជាមួយគ្នាផងតើឲ្យចាប់ផ្ដើមជាថ្មីយ៉ាងម៉េចទៅវិញ?សោភា ថែមទាំងព្រលយថាបើសិនជានាងរៀបការនាពេលឆាប់ៗខាងមុខនេះមែននោះនាងសូមអះអាងថានៅថ្ងៃពិសេសរបស់នាងនោះក៍មានលោកសក្កដា ចូលរួមទៀតដែរ តែជាភ្ញៀវធម្មតា ឬអ្នកពិសេសនោះនាងថាទុកឲ្យមហាជនតាមដាននិងវាយតម្លៃទៅចុះ។


ចំណែកកលោកឆឹម សក្កដា ដែលមុននេះប្រាប់អ្នកយកព័តមានយើងដោយអន់ចិត្តសោភា រឿងនាងមានថ្មីហើយលោកថែមទាំងស្បថសច្ចារ្យថានឹងឈប់យកសង្សារឬប្រពន្ធជាតារានោះបែជាប្ដូរជំហមកនិយាយថាទំនាក់ទំនងរវាងលោកនិងសោភា មានជាច្រើនឆ្នាំមកហើយ ហេតុនេះពិបាកបើឈប់រាប់អានគ្នាទៅវិញ។លោកសក្កដា និយាយបែបរដាក់រដុបថាលោកមិនចង់ផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែតភ្ជាប់ជាមួយសោភា ទេព្រោះខ្ជិលហើយនាំតែពិបាក តែលោកមិនបញ្ជាក់ពិបាកនោះព្រោះរឿងអ្វីឡើយ ខណៈដែលលោកនៅតែតាំងចិត្តថាធ្វើជាមិត្តភក្ដិរបស់សោភា ធម្មតាគ្មានអ្វីលើសលស់ពីនេះទេ។រីឯសោភា វិញថាលោកសក្កដា គោរពស្រលាញ់ក្រុមគ្រួសារនាងណាស់ហើយពេលមកលេងផ្ទះនាងគឺលោកបានត្រឹមអង្គុយជាន់ក្រោមប៉ុណ្ណោះ អត់ដែលហ៊ានឡើងទៅចេញចូលបន្ទប់គេងរបស់នាងឡើយ។យ៉ាងណាសោភា ដែលមានវ័យ៣៩ឆ្នាំតែសម្រស់នៅតែក្មេងជាងវ័យនោះបង្ហើបថាក្រោយក្មួយនាងរៀបការរួចគឺដល់វេននាងម្ដងហើយ តែបែជានាងមិនប្រាប់ថាជាកម្មវិធីអ្វីទៅវិញ។


សំណួរដែលមហាជនចង់ដឹងថាតើពេជ្រ សោភា នឹងអាចក្លាយទៅជាអនាគតភរិយារបស់លោកឆឹម សក្កដា បានដែរឬទេ?ការសម្អាងបែបនេះដោយសារតែជាង១០ខែមកនេះសោភា ក៍មិនដែលបង្ហាញមុខគូស្នេហ៍ទាល់តែសោះ ទើបគេលើកឡើងនាងអាចប្ដូរចិត្តចង់ជ្រើស”ឆ្នាំងចាស់ បាយឆ្ងាញ់”តាមរយៈការការផាត់ចោលបុរសផ្សេង ទើបលោកសក្កដា នៅតែអាចក្លាយជាស្វាមីនាងបានដដែល បើទោះជាមានអ្នកខ្លះថាមិនអាចទៅរួចជាដាច់ខាតក្ដី៕
