ភ្នំពេញ៖ព្រាប សុវត្ថិ និងលោកខែម ប៊ុនថៃ ធ្លាប់ប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុតរយៈពេលជិត១០ឆ្នាំ រហូតមានពេលខ្លះគេពិបាកបែងចែកថាមួយណាខ្លាំងជាងទៀតផង បើទោះជាមហាជនស្ទើតែមួយប្រទេសអ្នកណាក៍ចូលចិត្តលោកសុវត្ថិ ក្ដី។ប៉ុន្ដែចាប់តាំងពីដើមឆ្នាំ២០២២ មកពោលគឺស្ទើតែពេញ១ឆ្នាំនេះលោកសុវត្ថិ -ប៊ុនថៃ បានបន្ធូដៃដូចគ្នាហើយសឹងតែគ្មានសកម្មភាពសិល្បៈលេចធ្លោណាមួយដែលគូឲ្យកត់សម្គាល់ដូចមុនទៀតទេពិសេសគឺក្រោយពេលតារាទាំងពីរឡើងជា”ឧកញ៉ា”ព្រមគ្នានោះ។ទាំងលោកសុវត្ថិ និងប៊ុនថៃ មមាញឹកតែរឿងរកស៊ីពុះដីឡូតិ៍លក់រៀងៗខ្លួនរហូតធ្វើឲ្យបណ្ដារកម្មវិធីប្រលងចម្រៀងខ្លះដែលគេធ្លាប់តែឃើញបេក្ខភាពទាំងឡាយយកបទចម្រៀងរបស់តារាទាំងពីរទៅបកស្រាយនោះ បេក្ខជនថ្មីៗមួយចំនួនបានងាកទៅច្រៀងបទរបស់តារាOriginal Songs វិញម្ដង។

សំណួរដែលមហាជនចង់ដឹងថាក្រោយពីតារាជើងខ្លាំង២ដួងព្រាប សុវត្ថិ និងខែម ប៊ុនថៃ លែងសម្រុកច្រៀងរាំនេះតើតារាណាខ្លះទៅដែលឆ្លៀតឱកាសនេះស្ទុះឡើងនៅឆ្នាំ២០២២ ?ការលើកឡើងបែបនេះដោយសារតែមានការលើកឡើងថាព្រោះតែព្រាប សុវត្ថិ និងខែមរៈ សិរីមន្ដ ប្រជែងគ្នាខ្លាំងក្លាពីមុន ពោលគឺបើតារាណាម្នាក់មានបទផ្ទុះហើយ ម្នាក់ទៀតត្រូវតែចេញទប់ទល់ដែរនោះហើយទើបធ្វើឲ្យតារាថ្មីៗពិបាកងើបឡើងរួច តែបច្ចុប្បន្នតារាកូន៣ដូចគ្នាព្រមស្ងប់ស្ងាត់ដូចគ្នាទៅហើយដែលនេះជាឱកាសធ្វើឲ្យរលកក្រោយអាចនឹងច្រានរលកមុនបានជាមិនខានបើទោះជាទាំងលោកសុវត្ថិ និងប៊ុនថៃ មិនដែលប្រកាសថាពួកគេបោះបង់អាជីពចម្រៀងក្រោយក្លាយទៅជាឧកញ៉ាព្រមគ្នានេះក្ដី។

ទាំងអ្នកជំនាញសិល្បៈនិងមហាជនប្រាកដជាមើលឃើញថាក្រោយពីលោកព្រាប សុវត្ថិ និងខែម ប៊ុនថៃ សឹងតែលែងមានបទល្បីនៅឆ្នាំ២០២២ នេះតារាចម្រៀងដែលស្ទុះឡើងល្បីល្បាញថែមទៀតនាពេលនេះគឺមានតែអ្នកចម្រៀងរ៉េបទាំងពីរដួងគឺលោកវណ្ណដា និងងួន ចាន់ដេវីត ប៉ុណ្ណោះដែលត្រូវបានមហាជនទាំងនៅលើបណ្ដាញសង្គមនិងនៅខេត្តក្រុងតាមដានខ្លាំងនាឆ្នាំ២០២២ នេះ។ការលើកឡើងបែបនេះមិនមែនមើលរំលងទៅលើតារាចម្រៀងទាំង៤ដួងនៅវគ្គចុងក្រោយCambodian Idol រដូវកាលទី៤ នោះទេ ប៉ុន្ដែអ្នកជំនាញសិល្បៈបានអះអាងថាពួកគេមានសន្ទុះខ្លាំងនិងមានការងារសិល្បៈធ្វើច្រើនត្រឹមតែរយៈពេល៦ខែចុះប៉ុណ្ណោះ គឺមិនអាចប្រៀបធៀបជាមួយតារារ៉េបវណ្ណដា និងដេវីត បានឡើយ។

ការផ្ទុះបទរ៉េប ឡើងវិញនាពេលនេះក្រោយពីតារាចម្រៀងវណ្ណដា បានបញ្ចេញបទ” J+02”កាលពីថ្ងៃទី៣០ តុលា ដែលអត្ថន័យសំខាន់គឺផ្ដោតលើការវាយប្រហាទៅលើងួន ចាន់ដេវីត ចំៗតែម្ដង។អ្វីដែលធ្វើឲ្យសង្រ្គាមបទរ៉េប កាន់តែក្ដៅគគុកថែមទៀតនោះគឺងួន ចាន់ដេវីត មិននៅស្ងៀមនោះទេព្រោះរំលងបានតែ២ថ្ងៃអនាគតស្វាមីទេព បូព្រឹក្ស រូបនេះបានចេញវាយបកទៅវិញតាមរយៈបទ”ចុមអាអូនអត់ដេក”ដែលត្រូវគេស្ដាប់យល់ថាដេវីត ព្រលះទៅវណ្ណដា វិញ។កម្ដៅនៃជម្លោះនេះធ្វើឲ្យFan របស់ដេវីត និងវណ្ណដា ឌឺដងដៀមដាមដាក់គ្នាទៅវិញទៅមកខ្លាំងជាងតារាចម្រៀងទាំងពីជាគូបដិបក្សទៅទៀត ទើបថ្មីៗនេះកំពូលតារាចម្រៀងព្រាប សុវត្ថិ បានចេញរ៉េបដែរគឺបទ”The Legend “ខណៈអ៊ីណូ ចេញបទ”Eno Is Back “ នៅថ្ងៃទី៣ វិច្ឆិកា ដូចគ្នា ខណៈដែលតារាមួយចំនួនទៀតត្រៀមចេញបទញាក់និងស្លូវបាននាំគ្នាផ្អឹបទុកមួយអន្លើសិន ហើយងាកមកធ្វើរ៉េប ដែរទៅវិញ។

ទោះជាយ៉ាងណាក្នុងបទសម្ភាសន៍របស់អ្នកយកព័តមានយើងជាមួយលោកនូ ស៊ឹប និងពេជ្រ សោភា កាលពីពេលថ្មីៗនេះអ្នកទាំងពីរបាននិយាយស្រដៀងគ្នាថាវណ្ណដា និងដេវីត ល្អម្យាងៗម្នាក់ហើយមិនហ៊ានថាអ្នកណាលេខ១ឬ២ឡើយ។ ព្រាប សុវត្ថិ បានប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះថាលោកនៅតែបន្ដចាប់អាជីពចម្រៀងនិងធ្វើជំនួញស្មើគ្នា មិនអាចបោះបង់ចោល១ណាបានទេ ។ដោយឡែកលោកខែម ប៊ុនថៃ វិញចុងក្រោយនេះគេឃើញលោកច្រើនតែច្រៀងតាមហ្វេសបុកនិងTik Tok ច្រើនជាងចេញមុខលើឆាកតន្រ្ដី។ទស្សនិកជនរងចាំមើលថាព្រាប សុវត្ថិ -ខែម ប៊ុនថៃ នឹងព្រមឲ្យលោកវណ្ណដា និងដេវីត វ៉ាម្ដងឬឧកញ៉ាទាំងពីរត្រៀមយុទ្ធសាស្រ្ដដើម្បីទប់ទល់កុំឲ្យធ្លាក់មកលេខ២វិញ?