ភ្នំពេញ៖ពេជ្រ សោភា បានភ្ជាប់ពាក្យជាមួយតារាសម្ដែងលោកឆឹម សក្កដា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពោលគឺពិធីនោះធ្វើផ្គួបជាមួយមង្គលការក្មួយរបស់នាងតែម្ដង ប៉ុន្ដែការបញ្ចេញរូបនិងដាក់អក្សរក្នុងពិធីនោះបែជានៅថ្ងៃទី១១ វិច្ឆិកា ទៅវិញ។នៅមិនទាន់ដឹងពីមូលហេតុដែលសោភា និងលោកសក្កដា ប្រើស្ទីលបែបនេះឡើយ ប៉ុន្ដែអ្វីដែលចម្លែកនោះពួកគេបែជាបបួលគ្នាថារឿងនោះជាការថតMV វគ្គ២ បទ”មិត្ត១០០ឆ្នាំ”ហើយនឹងត្រៀមថតវគ្គ៣ ថែមទៀតផង។

អ្នកយកព័តមានយើងបានទៅដល់ផ្ទះពេជ្រ សោភា នៅមុខផ្សារប៉េសេ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១១ ខែ១១ ជាថ្ងៃដែលពួកគេបញ្ចេញអក្សរដាក់តាំងឈ្មោះសោភា និងសក្កដា ថាជាពិធីមង្គលពិសាស្លាដក់កន្សែងនោះតែពេលទៅដល់ផ្ទះតារាចម្រៀងរូបនេះបែជាស្ងាត់ដូចចោលួចសេះ ។បុរសម្នាក់ដែលនៅផ្ទះពេជ្រ សោភា ជាន់ក្រោមកំពុងអង្គុយលើកៅអី១នោះបានប្រាប់ថាសោភា ថាកំពុងដេកលើផ្ទះ តែពេលដឹងថាអ្នកកាសែតមករកនាងលោកបែជាផ្លាស់ប្ដូរចម្លើយមកថាអត់ដឹងសោភា ទៅណាទេ។ចំណែកសោភា តេតាមឆាតហ្វេសបុកចូលគ្មានអ្នកទទួល…។ប្រុសម្នាក់ត្រូវគេស្គាល់ថាបងថ្លៃរបស់សោភា ដែលកំពុងតែសម្អាតរថយន្ដម៉ាកAudi នៅក្បែរផ្ទះនាងនោះហាក់មិនពេញចិត្តចំពោះការសួររកសោភា ដើម្បីចង់ដឹងរឿងនាងភ្ជាប់ពាក្យនោះឡើយ ដោយលោកថាកុំឲ្យសួរលោក នឹងរុញឲ្យទៅសួរអ្នកផ្ទះរបស់សោភា ម្ដងទៀតចុះ ហើយក្រោយមកលោកថាអត់ដឹងរឿងអីទាំងអស់។

អ្វីដែលកាន់តែចម្លែកម្ចាស់សម្អាងការដែលសោភា បានជួលនោះនៅពេលសាកសួររឿងសោភា ភ្ជាប់ពាក្យនេះលោកថាពិធីនោះកំពុងតែធ្វើនៅផ្ទះនាង ប៉ុន្ដែនៅពេលអ្នកយកព័តមានយើងថាកំពុងតែនៅជិតផ្ទះតារាហង្សមាសរូបនេះតែអត់ឃើញមានពិធីអីលោកបែជាថាសោភា និងសក្កដា ភ្ជាប់ពាក្យនៅខុនដូ១ តែលោកមិនអាចប្រាប់ទីតាំងបានទេព្រោះសាមីខ្លួនហាម។រីឯលោកសក្កដា វិញបានចេញសារថាថតMV បទ”មិត្ត១០០ឆ្នាំ” វគ្គ២ នឹងថានៅមានវគ្គ៣ទៀត…។

រឿងពេជ្រ សោភា ភ្ជាប់ពាក្យជាមួយលោកឆឹម សក្កដា នេះធ្វើឲ្យមនុស្សមិនជឿរច្រើនជាងជឿរជាក់ព្រោះតែកន្លែងមកធ្លាប់លេចឭថាលោកសក្កដា គ្មានអារម្មណ៍លើស្រី្ដភេទ…។ចំណែកលោកហេង ឡុង ស្វាមីរបស់អ្នកនាងចន ច័ន្ទ វិញក្រោយឃើញមានការផ្សព្វផ្សាយលើបណ្ដាញសង្គមរឿងសោភា ភ្ជាប់ពាក្យជាមួយលោកសក្កដា នោះលោកថាអត់ជឿរ នឹងថាហ៊ានចងដៃដល់ទៅ៥ពាន់ដុល្លារទៀតផង បើពួកគេពិតជាហ៊ានរៀបការជាមួយគ្នាពិតប្រាកដមែន។

នៅថ្ងៃទី១៤វិចិ្ឆកា តារាចម្រៀងវ័យជិត៤០ឆ្នាំ ពេជ្រ សោភា បានតបឆាតតាមហ្វេសបុកមកអ្នកយកព័តមានយើងដោយនិយាយខ្លីហើយសួរបញ្ច្រាសថាប្រសិនបើពិធីនោះជាការលេងសើចឬថតMV មែនម៉េចបាននាងនឹងលោកសក្កដា ត្រូវដាក់ឈ្មោះពិតខ្លួនឯងបែបនេះទៅវិញ…?នាងថាគេអាចពិចារណាត្រង់ចំណុចនេះបាន ហើយនាងមិនចង់ធ្វើអត្ថាធិប្បាយឲ្យអស់សេចក្ដីឡើយ…។

ពេជ្រ សោភា បានរៀបការជាមួយទាហានអាកាសអាមេរិកលោកឡៅ ឆលី កាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១៥ តែនាងលែងលះប្ដីស្ងាត់ៗនៅឆ្នាំ២០១៦។ក្រោយធ្លាក់ខ្លួនមេម៉ាយជិត៦ឆ្នាំនេះសោភា បានបង្ហាញភាពស្និតស្នេហ៍ជាចំហជាមួយលោកសក្កដា ប៉ុន្ដែត្រូវបានគេគិតថានោះគ្រាន់តែជាការបោកមហាជនព្រោះពួកគេសាងស្នេហ៍”ក្លែងក្លាយ”ដើម្បីបិតបាំងមនុស្សពិសេសការពិតនៅក្រោយខ្នងរៀងៗខ្លួន។តែពេលនេះបែជាលេចរឿងសោភា-សក្កដា ភ្ជាប់ពាក្យជាមួយគ្នាទៅវិញទើបធ្វើឲ្យទស្សនិកជនឈឺក្បាលហើយធុញទ្រាន់ជាខ្លាំង ខណៈដែលអ្នកដឹកនាំសម្ដែងនៅហង្សមាសមួយចំនួនបានសើចនៅពេលដែលអ្នកយកព័តមានយើងសាកសួររឿងតារាខុសវ័យទាំងពីរជិតក្លាយជាប្ដីប្រពន្ធគ្នាបែបនេះ ដោយខ្លះថែមទាំងអះអាងថាមិនអាចទៅរួចជាដាច់ខាត ហើយពួកគេថាមិនបានត្រៀមចំណងដៃចងការតារាទាំងពីរឡើយ៕